(តាកែវ)៖ អធិការដ្ឋាននគរបាលស្រុកបាទី នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០នេះ បានទទួលអំណោយជែលលាងដៃ ចំនួន៤០កេស ស្មើនឹង១ពាន់ដប ពីក្រុមហ៊ុនសារ៉ាយ៉ា ខេមបូឌា ខូអិលធីឌី សម្រាប់គាំទ្រប្រយុទ្ធប្រឆាំង ការរីករាលដាលជំងឺកូវីដ-១៩។
លោកវីរៈសេនីយ៍ទោ ឆាយ កែវមុន្នី អធិការនៃអធិការដ្ឋាននគរបាលស្រុកបាទី បានឲ្យដឹងថា ជំនួយមនុស្សធម៌នាពេលនេះ គឺចំពេលវេលាដែលត្រូវការចាំបាច់ ហើយអធិការដ្ឋាននគរបាលបានប្រគល់បន្តទៅទាំង១៥ប៉ុស្តិ៍នគរបាល ក្នុងស្រុកបាទី ដើម្បីឲ្យកងកម្លាំងយកទៅប្រើប្រាស់ការពារការឆ្លងជំងឺកូវីដ-១៩ ក្នុងពេលបំពេញបេសកម្មបម្រើការងារជូនប្រជាពលរដ្ឋនៅតាមទីមូលដ្ឋាន។
លោក សន សុឌៀង តំណាងឲ្យក្រុមហ៊ុនសារ៉ាយ៉ា បានលើកឡើងដែរថា ក្រុមហ៊ុនរបស់លោក តែងតែបានចូលរួមជាបន្តបន្ទាប់ ជាមួយនឹងការការពារ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។ ជាក់ស្តែង ក្រុមហ៊ុនតែងតែឧបត្ថម្ភជាប្រចាំនូវអាល់កុលលាងដៃ ក្នុងពេលដែលក្រុមការងារស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចុះបំពេញកិច្ចការមនុស្សធម៌នៅទូទាំងប្រទេសកម្ពុជា។
លោកបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនបានត្រៀមជែលលាងដៃចំនួន៨ពាន់កេស ដើម្បីចែកជូនទៅគ្រប់មជ្ឈដ្ឋានទាំងអស់ ហើយសកម្មភាពទាំងនេះមានគោលបំណងសំខាន់របស់ក្រុមហ៊ុន គឺចង់ឲ្យប្រជាជនអាចជៀសផុតពីជំងឺកូវីដ-១៩៕