(ភ្នំពេញ)៖ នៅវេលាម៉ោង០៣និង៣៨នាទីទៀបភ្លឺថ្ងៃទី១ ឈានចូលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ មានជនមិនស្គាល់អត្តសញ្ញាណចំនួន០២នាក់ បានជិះម៉ូតូ០១គ្រឿងមិនស្គាល់ម៉ាក ធ្វើសកម្មភាពបាញ់ចំនួន០៤គ្រាប់ នៅចំនុចហាង ស៊ីកណេតឈ័រ ផ្ទះលេខ៩ ផ្លូវ៥២៨កែង២៨៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ រួចគេចខ្លួនបាត់។
ក្រោយពេលកើតតហេតុភ្លាមៗ កម្លាំងជំនាញការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ និងកម្លាំងជំនាញនៃមូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌទួលគោក បានសហការស្រាវជ្រាវ កំណត់មុខសញ្ញាជនដៃដល់ រហូតមកដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ បានធ្វើការចាប់ខ្លួនជនសង្ស័យលើករណីផ្ទុះអាវុធខាងលើចំនួន០២នាក់៖
១៖ ឈ្មោះ តាំង ស្រេងហុក ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ សព្វថ្ងៃស្នាក់នៅភូមិដើមម៉ាកក្លឿរ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ (អ្នកបាញ់ និងជាម្ចាស់អាវុធ )
២៖ ឈួន ស៊ី ថាណារ័ត្ន ភេទប្រុសអាយុ២៣ឆ្នាំ មុខរបរអ្នកនាំភ្ញៀវ ជិតកោះពេជ្រ មានទីលំនៅភូមិដំណាក់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (អ្នកបើកម៉ូតូ) និងចាប់យកវត្ថុតាងរួមមាន ម៉ូតូ០១គ្រឿង ម៉ាក PCX ស្លាកលេខ ភ្នំពេញ 1FP-3838 ជាមធ្យោបាយជិះធ្វើសកម្មភាព។
តាមរបាយការណ៍ស្ដាប់ចំឡើយរបស់អាវុធហត្ថភ្នំពេញ ជនសង្ស័យឈ្មោះ តាំង ស្រេងហុក បានសារភាពថា ដើមចមដែលនាំឲ្យមានការផ្ទុះអាវុធនេះឡើង គឺដោយសារខ្លួនខឹងនឹង ម្ចាស់ហាងស៊ីកណេឈ័រ ដែលបានដេញក្រុមខ្លួន ចេញពីហាង រឿងដកកាំភ្លើងដាក់លើតុផឹកស៊ី។ ក្រោយពេលពួកគេគិតលុយបែកគ្នាអស់ហើយ តែដោយមិនអស់ចិត្តជនសង្ស័យ តាំង ស្រេងហុក ក៏បបួលមិត្តភក្ដិឈ្មោះ ឈួន ស៊ីថាណារ័ត្ន មកហាងស៊ីណេតឈ័រវិញ ដោយឲ្យ ណារ័ត្ន ជាអ្នកបើកម៉ូតូ មកដល់មុខហាង ឈ្មោះ តាំង ស្រេងហុក ក៏ដកអាវុធបាញ់ចំនួន៤គ្រាប់ ទៅលើផ្លាកហាង ដើម្បីបន្ថយកំហឹង ដែលម្ចាស់មើលងាយនិងដេញក្រុមខ្លួនចេញពីហាង។
ជនសង្ស័យឈ្មោះ តាំង ស្រេងហុក បានបញ្ជាក់បន្ថែមថា អាវុធរបស់ខ្លួនគឺម៉ាកកា៥៩ តែប្រើគ្រាប់ឆ្នៃឡុក មានតែ០៥គ្រាប់ប៉ុណ្ណោះ, អាវុធនេះខ្លួនបានទិញនៅប៉ោយប៉ែត រយ:ពេលជាង១ឆ្នាំហើយ។
ក្រោយធ្វើសកម្មភាពបាញ់រួច ដោយមានការភិតភ័យខ្លួនក៏បានយកអាវុធនោះ ទៅទម្លាក់ចូលក្នុងទន្លេនៅគល់ស្ពានច្បារអំពៅ ខាងកើតបាត់ទៅហើយ ។
បច្ចុប្បន្នជនសង្ស័យទាំង០២ កំពុងត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕