(បាត់ដំបង)៖ បន្ទាប់ពីផ្សារណាត់បាត់ដំបង បានបើកឱ្យដំណើរការវិញហើយនោះ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ រដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយលោក ណុប ដារ៉ា និងលោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្ត តំណាងលោក ងួន រតនៈ អភិបាលខេត្ត និងសហការី បានចុះពិនិត្យមើលការងារជួសជុល និងកាត់តូបនៅផ្សារណាត់បាត់ដំបង ដែលត្រូវបានភ្លើងឆេះ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០។
ក្រោយពីមានអគ្គិភ័យឆាបឆេះ បណ្ដាលឱ្យតូបចំនួន ៣៣តូប ក្នុងចំណោម ៣៣៥តូប ខូចខាតទាំងស្រុងនោះ ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធនៃខេត្តបាត់ដំបងទាំងអស់ បានខិតខំរៀបចំកន្លែងលក់ដូ ក៏ដូចជាសណ្តាប់ធ្នាប់ ការធ្វើអនាម័យ និងលាងសម្អាត ជួសជុលឡើងវិញ ដើម្បីជាដំណោះស្រាយ ជូនអុំ ពូមីង បងប្អូន ដែលជាអាជីវកររងគ្រោះ ឆាប់បានប្រកបរបររបស់ខ្លួនឡើងវិញ។
ក្នុងឱកាសចុះពិនិត្យមើលការងារកាត់តូបនៅផ្សារណាត់បាត់ដំបង ក្រោយពីបានបើកឱ្យដំណើរការវិញ ហើយនោះ លោក ណុប ដារ៉ា និងលោក សឿម ប៊ុនរិទ្ធ បានជួបសំណេះសំណាល ជាមួយអាជីវករ។ ឆ្លៀតក្នុងឱកាសនេះដែរ លោក ណុប ដារ៉ា ក៏បានម៉ៅផ្លែក្រូច ដោយថវិកាផ្ទាល់ ខ្លួន ចែកជូនអាជីវករ និងបងប្អូនម៉ូតូឌុប ពិសារផងដែរ។
សូមបញ្ជាក់ថា ផ្សារណាត់ ឬផ្សារធំថ្មី នៃខេត្តបាត់ដំបងនេះ ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ១៩៣៧ ក្នុងរជ្ជកាលហ្លួងស៊ីសុវត្ថិមុនីវង្ស។ ក្រៅតែពីជាតំបន់ពាណិជ្ជកម្មមួយដ៏សំខាន់ផ្សារណាត់ ក៏ត្រូវបានគេចាត់ទុកថា ជាសំណង់បេតិកភណ្ឌ ដ៏មានតម្លៃមួយនៃខេត្តបាត់ដំបងផងដែរ៕