(ភ្នំពេញ)៖ នារសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំគណៈប្រតិភូ និងមន្ត្រីជំនាញរបស់ក្រសួង អញ្ជើញមកធ្វើទស្សនកិច្ច និងត្រួតពិនិត្យការរៀបចំការត្រៀមលក្ខណៈបើកឱ្យដំណើរការឡើងវិញរបស់សាលា ប៊ែលធី អន្តរជាតិ គ្រប់ទីតាំង ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមលក្ខខណ្ឌតម្រូវបច្ចេកទេសនៃការសិក្សា និងការបង្រៀន ស្របតាមគោលការណ៍ណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសវិធានការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល។
ពិធីនេះបានប្រព្រឹត្តទៅនៅសាលា ប៊ែលធី អន្តរជាតិទី៦ (សាខាអូរឫស្សី)។ លោកបណ្ឌិត លី ឆេង អគ្គនាយក ប៊ែលធី គ្រុប បានមានប្រសាសន៍ថា បន្ទាប់ពីទទួល បានសេចក្តីណែនាំលេខ ៤៣អយក.សណន ស្តីពីការបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សាឯកជន ក្នុងដំណាក់កាលទី២ របស់ក្រសួងអប់រំ យុវជន និងកីឡារួចមក សាលា ប៊ែលធី អន្តរជាតិ គ្រប់ទីតាំងទាំងអស់ បានរៀបចំ និងអនុវត្តតាមយ៉ាងខ្ជាប់ខ្ជួននូវគោលការប្រតិបត្តិស្តង់ដា (SOP) សម្រាប់ត្រៀមបើកដំណើរការសាលាឡើងវិញ នៅអំឡុងខែកញ្ញា ឆ្នាំ២០២០នេះ ធ្វើយ៉ាងណាធានាសុវត្ថិភាពអនាម័យខ្ពស់ និងការជៀសផុតពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដល់អ្នកសិក្សា បុគ្គលិក និងលោកគ្រូ-អ្នកគ្រូ។
ជាមួយគ្នានេះដែរ គណៈគ្រប់គ្រង នៃសាលា ប៊ែលធី អន្ដរជាតិ ក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ព្រមទាំងគណៈប្រតិភូ ដែលបានចំណាយពេលវេលាដ៏មមាញឹក និងមានតម្លៃក្នុងការអញ្ជើញមកធ្វើទស្សនកិច្ច ក៏ដូចជាត្រួតពិនិត្យលើការរៀបចំការអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ការបើកឡើងវិញក្នុងដំណាក់កាលទី២ របស់សាលា ប៊ែលធី អន្តរជាតិគ្រប់ទីតាំង ក្នុងវិបត្តិរីករាលដាលនៃជំងឺកូវីដ-១៩ នេះ។
សូមជម្រាបជូនផងដែរថា សាលា ប៊ែលធី អន្តរជាតិ ក៏បានបង្កើត Mobile App ដែលបានបញ្ចូលវីដេអូមេរៀនសម្រាប់ឆ្នាំសិក្សាថ្មី ដោយបានរៀបចំ Studio និងប្រើ Interactive Tablet សម្រាប់ថតការបង្រៀនរបស់លោកគ្រូ-អ្នកគ្រូគ្រប់មុខវិជ្ជា ទាំងថ្នាក់ចំណេះទូទៅ (ចាប់ពីថ្នាក់ទី១-១២) និងភាសាអង់គ្លេសទូទៅ (ចាប់ពី Preschool, Level 1 - 12) ដើម្បីទុកជូនសិស្សានុសិស្សស្រាវជ្រាវ និងរៀនសារឡើងវិញនៅផ្ទះ ដោយគ្រាន់តែទាញយកកម្មវិធីនេះដាក់លើទូរស័ព្ទដៃ ឬឧបករណ៍អេឡិចត្រូនិកផ្សេងៗ ដោយចុចទៅលើតំណភ្ជាប់ (Link) http://onelink.to/e5593v រួចចុចលើពាក្យ “Get” ឬ “Install”។