(ឧត្តរមានជ័យ)៖ កាលពីថ្ងៃទី ០២ សីហា ឆ្នាំ ២០២០ លោក លឹម ភា អាយុ ៤១ឆ្នាំ ជាជនពិការដាច់ដៃទាំងពីរ ខូចភ្នែកឆ្វេង និងខូចត្រចៀកឆ្វេង១ចំហៀង (ពិការដោយសារដោះមីន) បានធ្វើដំណើរពីស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ មកជួប លោក ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី ដើម្បីប្រាប់អំពីគម្រោងមនុស្សធម៌ចែករំលែកដីធ្វើផ្ទះជួយដល់ពលរដ្ឋពិការដូចគ្នា និងពលរដ្ឋក្រីក្របំផុតដែលគ្មានដីរស់នៅ។
លោក លឹម ភា មានសេចក្តីសប្បាយរីករាយក្នុងការលះបង់ដីធ្លីដែលខ្លួនទិញបានយកទៅធ្វើបុណ្យជួយដល់ជាតិសាសន៍ខ្មែរដូចគ្នាអោយមានជម្រករស់នៅ។ ទន្ទឹមនឹងនោះ លោក លឹម ភា បានបញ្ជាក់ថា ចែករំលែកដែលអាចធ្វើទៅបានក៏អាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាព ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ។ ទោះបីមិនមានកាយសម្បទារល្អគ្រប់ដូចគេ ដូចគេ ប៉ុន្តែ លោក លឹម ភា មានបេះដូងពោរពេញដោយអំពើល្អដែលគួរអោយកោតសរសើរក្រៃលែង។
លោក លឹម ភា មានប្រពន្ធឈ្មោះ ធី ណារី អាយុ៣៤ឆ្នាំ និងមានកូន ៧នាក់។ នៅឆ្នាំ ២០០៤ លោក លឹម ភា បានចេញទៅផ្សងព្រេងសុំទានគេនៅប្រទេសថៃ និងប្រទេសម៉ាឡេស៊ី សន្សំលុយបានបន្តិចម្តងៗដែលសរុបប្រមាណ ១៩ម៉ឺនដុល្លារ បានយកមកទិញដីបានជាង ៥៣ហិកតានៅភូមិ អូក្រូច ឃុំត្រពាំងប្រាសាទ ស្រុក ត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ គាត់មានបំណងបរិច្ចាគចែករំលែកដីនេះទៅជនពិការដូចគ្នានឹងចែកជូនទៅពលរដ្ឋក្រីក្រក្នុង១គ្រួសារទំហំ ៨មx១៨ម ដើម្បីធ្វើផ្ទះរស់នៅ។
មកទល់ពេលនេះលោក លឹម ភា បានផ្តល់ជូនដីដល់ប្រជាពលរដ្ឋ ៤៥៧គ្រួសាររួចហើយ។ លោក លឹម ភា បានបញ្ជាក់ច្បាស់ថា រូបលោក និងក្រុមគ្រួសារ គោរពស្រឡាញ់សម្តេចទាំងទ្វេ និងគាំទ្របោះឆ្នោតអោយគណបក្សប្រជាជនកម្ពុជាគ្រប់អាណត្តិ។ ម៉្យាងវិញទៀត គ្រួសារទាំងអស់ដែលគាត់ផ្តល់ដីជូនគឺសុទ្ធតែជាអ្នកគោរពស្រឡាញ់ និងគាំទ្រគណបក្សប្រជាជនឥតងាករេ។
ដើម្បីបានឃើញពីស្ថានភាពរស់នៅពិតប្រាកដរបស់បងប្រជាពលរដ្ឋ ៤៥៧ គ្រួសារ ដែលទទួលបានអំណោយដីធ្វើផ្ទះពី លោក លឹម ភា នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី ១ ខែ កញ្ញា លោក ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ បានអញ្ជើញចុះទៅមើលដល់ទីតាំងដែលស្ថិតនៅភូមិ អូក្រូច ឃុំត្រពាំប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដោយបានឃើញបងប្អូនប្រជាពលរដ្ឋរស់នៅយ៉ាងច្រើនកុះករនៅក្រោមការគ្រប់គ្រងនឹងមើលថែរបស់បុរសពិការដៃទាំងពីរ។ លោក ដួង តារា មានសេចក្តីរំភើបរីករាយនិងកោតសរសើរចំពោះបុរសពិការ លឹម ភា ដែលមានបេះដូងនិងគុណធម៍ខ្ពស់ក្នុងការចែករំលែកទៅអោយអ្នកទន់ខ្សោយក្រីក្រលំបាកតោកយ៉ាក។ នៅក្នុងឱកាសនោះដែរ លោក ដួង តារា បាននាំយកនូវអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដូចជាអង្ករ មី ត្រីខ ទឹកត្រី ទឹកសាអ៉ីវ និង ក្រម៉ា ចែកជូនបងប្អូនប្រជាពលរដ្ឋនៅទីនោះក្នុងបរិយាកាសរីករាយស្និទ្ធស្នាល និងកក់ក្តៅបំផុត។
ជាមួយគ្នានេះដែរ បងប្អូនប្រជាពលរដ្ឋបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលតែងតែយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខប្រជាពលរដ្ឋរស់នៅគ្រប់ទីកន្លែង។ ព្រោះសុខទុក្ខប្រជាពលរដ្ឋ គឺជាសុខទុក្ខផ្ទាល់របស់សម្តេចប្រមុខដឹកនាំទាំងទ្វេ៕