(ហ្សឺណែវ)៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានជំរុញឱ្យ លោកស្រីសាស្ត្រាចារ្យ Rhona Smith អ្នករាយការណ៍ពិសេសស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា គោរពឱ្យបានខ្ជាប់ខ្ជួននូវ ក្រមសីលធម៌ និងសៀវភៅណែនាំស្ដីពីប្រតិបត្តិការ របស់អ្នកកាន់អាណត្តិនៃនីតិវិធីពិសេស ហ្សឺណែវ។ នេះបើតាមសេចក្តីប្រកាសរបស់ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា នៅទីក្រុងហ្សឺណែវ ត្រូវបានរំខាន ដោយទស្សនៈផ្ទាល់ខ្លួន នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ របស់ លោកស្រីសាស្ត្រាចារ្យ Rhona Smith ពាក់ព័ន្ធនឹងការអនុវត្តច្បាប់នៅប្រទេសកម្ពុជាដែលសំដៅការពារពលរដ្ឋគោរពច្បាប់ និងធានាសន្តិភាព សណ្ដាប់ធ្នាប់សង្គម និងសុខភាពសាធារណៈសម្រាប់បុគ្គលគ្រប់រូប។
ក្នុងសេចក្តីប្រកាសរបស់ខ្លួន ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានអះអាងថា ប្រទេសកម្ពុជាគោរព និងផ្តល់តម្លៃចំពោះសេរីភាពបញ្ចេញមតិ បង្កើតសមាគម និងប្រមូលផ្ដុំដោយ សន្តិវិធី ដែលស្របតាមច្បាប់ ហើយយល់ដឹងច្បាស់ថា ពហូយោបល់ រួមទាំងទស្សនៈរិះគន់ គឺមានសារៈ សំខាន់ចំពោះដំណើរការនៃការអភិវឌ្ឍប្រទេស។ ប៉ុន្តែ មាត្រា ៣១ នៃរដ្ឋធម្មនុញ្ញរបស់កម្ពុជា បានគូស បញ្ជាក់ថា ការប្រើប្រាស់សិទ្ធិនិងសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលណាម្នាក់ មិនត្រូវឱ្យប៉ះពាល់ដល់សិទ្ធិ និងសេរីភាពរបស់អ្នកដទៃឡើយ។ ការអនុវត្តសិទ្ធិនិងសេរីភាពគឺត្រូវតែអនុលោមទៅតាមច្បាប់។
«ជាការកត់សម្គាល់ អ្នករាយការណ៍ពិសេសពុំធ្លាប់ដែលបានសង្កត់ធ្ងន់ឱ្យបានគ្រប់គ្រាន់ទាល់តែ សោះថា ការអនុវត្តសេរីភាពបញ្ចេញមតិ បង្កើតសមាគម និងប្រមូលផ្ដុំដោយសន្តិវិធី ត្រូវភ្ជាប់មកជា មួយនូវករណីយកិច្ច ការទទួលខុសត្រូវពិសេស និងដែនកំណត់ចែងដោយច្បាប់ ដូចបានគូសបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍ជាសាកលស្ដីពីសិទ្ធិមនុស្ស (មាត្រា ២៩.២) និងកតិកាសញ្ញាអន្តរជាតិស្ដីពី សិទ្ធិពលរដ្ឋនិងនយោបាយ (មាត្រា១៩.៣ មាត្រា២១ និងមាត្រា២២.២)។ ការខកខានមិនបាន បញ្ជាក់ឱ្យបានច្បាស់ដោយចេតនា មិនត្រឹមតែបង្កឱ្យសាធារណជន មានការភ័ន្តច្រឡំប៉ុណ្ណោះទេ គឺ ថែមទាំងផ្តល់កម្លាំងចិត្តឱ្យក្រុមខ្លះ ដែលបានត្រៀមខ្លួនជាស្រេចក្នុងការកេងចំណេញពីស្ថានភាពបែប នេះ សម្រាប់របៀបវារៈលាក់កំបាំងរបស់ពួកគេ»។ នេះបើតាមការគូសបញ្ជាក់នៅក្នុងសេចក្តីប្រកាស។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានបន្ថែមទៀតថា ក្នុងការអនុវត្តតួនាទីប្រកបដោយសត្យានុម័ត និងវិជ្ជាជីវៈ អ្នករាយការណ៍ពិសេសមានកាតព្វកិច្ច គោរពឱ្យបានខ្ជាប់ខ្លួនតាម «ក្រមសីលធម៌សម្រាប់អ្នកកាន់អាណត្តិនៃនីតិវិធីពិសេសរបស់ក្រុមប្រឹក្សា សិទ្ធិមនុស្ស» (ជាពិសេស មាត្រា ៣ មាត្រា ៦ និងមាត្រា ១៤) និង «សៀវភៅណែនាំស្ដីពីប្រតិបត្តិការ នៃនីតិវិធីពិសេសរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស» (ជាពិសេស កថាខណ្ឌ ២៤ និង ៥០) ដែលចែងអំពី គោលការណ៍ទូទៅសម្រាប់ការអនុវត្តតួនាទីខាងលើ សារៈសំខាន់នៃការប្រមូលព័ត៌មានដែលបានផ្ទៀង ផ្ទាត់ត្រឹមត្រូវជាមួយគ្រប់ប្រភព និងនីតិវិធីសម្រាប់ការទាក់ទងជាមួយរដ្ឋាភិបាល៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា៖