(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារលិខិតជូនពរនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង និងនាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ ក្នុងឱកាសពិធីរំឭកខួបគម្រប់៣០ឆ្នាំ ថ្ងៃបង្កើតកងវរសេនាតូចលេខ២៤៦ និងខួបគម្រប់១១ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានអង្គរក្ស ដែលប្រារព្ធរៀបចំឡើងនៅបញ្ជាកការដ្ឋានអង្គរក្ស នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០នេះ។
ក្នុងសារសិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «ក្នុងឱកាសដ៏នក្ខត្តឫក្សឧត្តុង្គឧត្តមនៃពិធីរំឭកខួបគម្រប់ ៣០ឆ្នាំ ថ្ងៃប្រកាសបង្កើតកងវរសេនាតូចលេខ២៤៦ និងខួបគម្រប់១១ឆ្នាំ ថ្ងៃប្រកាសបង្កើតបញ្ជាការដ្ឋានអង្គរក្ស ខណៈនេះខ្ញុំ និងភរិយា សូមចូលរួមអបអរសាទរ ប្រកបដោយមោទកភាព និងមនោសញ្ចេតនាសោមនស្សរីករាយជាអនេកប្បការ ចំពោះវឌ្ឍនភាពដ៏ធំធេងថ្មីៗ ជាបន្តបន្ទាប់ដែលថ្នាក់ដឹកនាំគ្រប់ថ្នាក់ យកនូវឆន្ទៈមនសិកាដ៏ស្រួចស្រាល់ បំពេញកាតព្វកិច្ចពោរពេញដោយវិន័យ ថ្លៃថ្នូរ មោះមុតមិនរួញរាពុះពារជម្នះឧបសគ្គទោះ ក្នុងកាលៈទេសៈណាក៏ដោយ។
ស្ថិតក្នុងវរោកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមរំឭកឡើងវិញដូចតទៅ៖ កងវរសេនាតូចលេខ២៤៦ ចំណុះគណៈបញ្ជាការយោធាក្រុងភ្នំពេញ ដែលខ្ញុំបានចុះទៅប្រកាសបង្កើតដោយផ្ទាល់ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៩០ ក្នុងនាមជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីនៃរដ្ឋកម្ពុជា គិតមកដល់ពេលមានរយៈពេលជាង៣០ឆ្នាំ កន្លងទៅហើយ ។ វរសេនាតូចនេះ បានវិវត្តន៍ស្របតាមសភាពការណ៍ជាលំដាប់លំដោយ បានសេចក្ដីថា អភិវឌ្ឍជានិច្ចកាលរហូតបង្កើតបានជាបញ្ជាការដ្ឋានអង្គរក្ស ចំណុះអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ តាមអនុក្រឹត្យលេខ ១៤៨ អនក្រ.បក ចុះថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០០៩ ដែលប្រារព្ធពិធីរំឭកខួបនៅ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោ ក៏តំណាងឱ្យខ្ញុំ និងភរិយា។
ជាថ្មីម្ដងទៀត ខ្ញុំ និងភរិយា សូមថ្លែងនូវការកោតសរសើរដោយស្មោះ ចំពោះឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ ព្រមទាំងមេបញ្ជាការ មេបញ្ជាការរង គ្រប់លំដាប់ថ្នាក់ ដែលបានដឹកនាំអនុវត្តភារកិច្ច ទទួលបានលទ្ធផលដ៏គាប់ប្រសើរគឺ៖
១៖ បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ ការពារជូនភ្ញៀវជាតិ និងអន្តរជាតិ ដែលមកបំពេញបេសកកម្ម
២៖ ចល័តកម្លាំងអន្តរាគមន៍ សហប្រតិបត្តិការក្នុងកិច្ចការការពារបូរណភាពដែនដី បានយ៉ាងល្អប្រសើរ
៣៖ ចេះកៀរគរចលនាសប្បុរសជននានា ទាំងក្នុង និងក្រៅប្រទេស សាងសង់ជំរំជម្រករាប់រយខ្នង និងទិញមធ្យោបាយដឹកជនគ្រប់ប្រភេទ ព្រមទាំងគ្រឿងបំពាក់ជាច្រើន ដើម្បីប្រើប្រាស់លើកិច្ចការការពារសន្តិសុខ សុវត្ថិភាព ជូនរាជរដ្ឋាភិបាល ជួយកាត់បន្ថយការលំបាករបស់ខ្ញុំ និងភរិយា
៤៖ ចុះអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋ ដែលជួបគ្រោះមហន្តរាយផ្សេងៗ ធ្វើជាសេនាធិការឱ្យកាកបាតក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជាប្រធានបានទាន់ពេលវេលា និងល្អប្រើសើរ
៥៖ ជាពិសេសក្នុងបេសកកម្មធានាការពារសន្តិសុខ សុវត្ថិភាព ដល់រូបខ្ញុំ និងភរិយា ព្រមទាំងក្រុមគ្រួសារ ដោយអនុវត្តន៍តាមអភិក្រមទាំងបី របស់បញ្ជាការដ្ឋានអង្គរក្ស «១. ស្មោះត្រង់ ២. ការពារ ៣.បម្រើ » ។
មុននឹងបញ្ចប់ ខ្ញុំ និងភរិយា សូមប្រសិទ្ធពរជ័យជូនចំពោះឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត មេបញ្ជាការ និងលោកជំទាវ បញ្ជាការដ្ឋានអង្គរក្ស និងលោកជំទាវ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រចាំការដឹកនាំបញ្ជានៅបញ្ជាការដ្ឋានអង្គរក្ស ព្រមទាំងមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានគ្រប់រូបព្រមទាំងក្រុមគ្រួសារ សូមបានសមប្រកបដោយពុទ្ធពរ និងពរ៥ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ»៕