(ភ្នំពេញ)៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មិនបានទោមនស្សនោះឡើយចំពោះសាររបស់លោកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ជុំវិញចំណាត់ការទៅក្រុមអ្នកតវ៉ាមួយចំនួននាពេលថ្មីៗនេះ។ ផ្ទុយទៅវិញលោក ជិន ម៉ាលីន បានស្វាគមន៍ចំពោះអនុសាសន៍របស់លោកស្រី ដែលលើកទឹកចិត្តឱ្យអាជ្ញាធរចាប់ក្រុមអ្នកតវ៉ាទាំងនេះទៅកាន់តុលាការ។
លោកស្រី រ៉ូណា ស្មីត នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ម្សិលមិញ បានបង្ហោះសារលើទំព័រ Facebook ដោយបង្ហាញក្តីបារម្ភរបស់ខ្លួន ជុំវិញវិធានការ និងចំណាត់ការរបស់អាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា លើក្រុមយុវជនមួយក្រុម ដែលធ្វើសកម្មភាពតវ៉ានាំឱ្យប៉ះពាល់ដល់សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមនៅកម្ពុជា។
លោកស្រី រ៉ូណា ស្មីត បានសរសេរថា «ខ្ញុំមានកង្វល់ចំពោះរបាយការណ៍ថ្មីៗនេះអំពីការចាប់ខ្លួនសកម្មជនបរិស្ថានចំនួនបីរូប ដែលឥឡូវនេះត្រូវបានចោទប្រកាន់ពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ និងបង្កើតភាពវឹកវរនៅក្នុងសង្គម តាមមាត្រា ៤៩៤ និង៤៩៥នៃក្រមព្រហ្មទណ្ឌ។ បុគ្គលមួយចំនួនទៀត រាប់ទាំងព្រះសង្ឃមួយអង្គត្រូវបានចាប់ខ្លួន និងឃុំខ្លួនចាប់តាំងពីថ្ងៃសុក្រសប្តាហ៍មុន»។
លោកស្រីបន្ថែមថា «ខ្ញុំសូមលើកទឹកចិត្តដល់អាជ្ញាធរកម្ពុជា ធានាថា សិទ្ធិទាំងនេះត្រូវបានគោរព និងការពារ ហើយបង្កើតបរិយាកាសមួយ ដែលបុគ្គលម្នាក់ៗអាចអនុវត្តសិទ្ធិទាំងនេះ។ ខ្ញុំសូមជំរុញឲ្យបញ្ជូនអ្នកដែលត្រូវបានចាប់ខ្លួនទាំងនោះទៅតុលាការ ហើយត្រូវគោរពឲ្យបានពេញលេញនូវសិទ្ធិទទួលបាននីតិវិធីត្រឹមត្រូវរបស់ពួកគេ។ ខ្ញុំកំពុងតាមដានព្រឹត្តិការណ៍ទាំងនេះយ៉ាងដិតដល់នៅក្នុងប្រទេសកម្ពុជា»។
អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ជិន ម៉ាលីន បានចាត់ទុកសាររបស់លោកស្រី រ៉ូណា ស្មីត ថា ជារឿងធម្មតាដែលលោកស្រី លើកឡើងពីក្តីបារម្ភពាក់ព័ន្ធស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៅពេលលោកស្រីទទួលបាននូវរបាយការណ៍ក៏ដូចជាព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងករណីនេះ។ ទោះបីជារបាយការណ៍ និងព័ត៌មានទាំងនោះ ផ្តល់ដោយប្រភព និងក្រុមមាននិន្នាការនយោបាយយ៉ាងណាក៏ដោយ ព្រោះវាជាកាតព្វកិច្ច និងអាណត្តិរបស់លោកស្រីក្នុងនាមជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
លោក ម៉ាលីន បន្តថា សាររបស់លោកស្រីមិនបានចោទប្រកាន់វិធានការច្បាប់របស់សមត្ថកិច្ចថា ជាការរំលោភបំពានសិទ្ធិមនុស្សនោះទេ គឺគ្រាន់តែលើកពីគោលការណ៍ទូទៅ នៃសិទ្ធិមនុស្សដែលរដ្ឋាភិបាលមានកាតព្វកិច្ចគោរព ការពារ និងបំពេញ ដើម្បីធានាថា ពលរដ្ឋអាចអនុវត្តសិទ្ធិរបស់ខ្លួនបានដោយសេរី និងក្នុងក្របខណ្ឌច្បាប់ ហើយដែលរដ្ឋាភិបាល បាននិងកំពុងប្រកាន់យក និងអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមរយៈយន្តការនៃការអនុវត្តច្បាប់យ៉ាងម៉ឹងម៉ាត់ នាពេលកន្លងមក
អ្នកនាំពាក្យរូបនេះ ក៏បានស្វាគមន៍ចំពោះអនុសាសន៍របស់លោកស្រី ដែលឱ្យអាជ្ញាធរមានសមត្ថកិច្ចនាំអ្នកតវ៉ាបញ្ជូនទៅតុលាការ។ លោកចាត់ទុកការផ្តល់អនុសាសន៍នេះ សរបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា លោកស្រី រ៉ូណា ស្មីត គាំទ្រ និងយល់ច្បាស់នូវវិធានការច្បាប់របស់រដ្ឋាភិបាល ចំពោះអ្នកអនុវត្តសិទ្ធិដោយបំពាន និងឈានទៅការប្រព្រឹត្តបទល្មើស ដែលជនជាប់ចោទត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ និងត្រូវចូលរួមក្នុងដំណើរការនីតិវិធីតុលាការ ដើម្បីធ្វើការការពារខ្លួនតតាំងជាមួយសមត្ថកិច្ចដែលមានមូលដ្ឋានច្បាប់រឹងមាំ និងច្បាស់លាស់ក្នុងការចោទប្រកាន់។
លោក ជិន ម៉ាលីន បានគូសបញ្ជាក់ថា វិធានចាប់ខ្លួនក្រុមអ្នកតវ៉ានេះ ជាមធ្យោបាយស្របច្បាប់តែមួយគត់ក្នុងការការពារជនជាប់ចោទនៅក្នុងសង្គមប្រជាធិបតេយ្យនីតិរដ្ឋ ជាជាងការជួបជុំតវ៉ាបែបអនាធិបតេយ្យ ដាក់សម្ពាធដល់រដ្ឋាភិបាល និងស្ថាប័នតុលាការ ដែលជាស្ថាប័នឯករាជ្យឱ្យធ្វើការដោះលែង ឬទម្លាក់ចោលបទចោទទាំងបំពានច្បាប់ រដ្ឋធម្មនុញ្ញ គោលការណ៍ប្រជាធិបតេយ្យនីតិរដ្ឋ និងការបែងចែកអំណាច។
សូមបញ្ជាក់ថា គិតពីដើមខែកញ្ញា មកមានយុវជនប្រមាណ៨នាក់ហើយ រួមទាំងព្រះសង្ឃមួយអង្គផងត្រូវបានផ្សឹកហើយ ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ក្រោមបទ ញុះញង់ ឱ្យបង្កភាពវឹកវរ ដល់សន្តិសុខសង្គម។
ការឃាត់ខ្លួននេះ បានធ្វើឡើងបន្ទាប់ពីពួកគេព្យាយាមធ្វើសកម្មភាពតវ៉ានៅតាមដងផ្លូវ ដើម្បីទាមទារឱ្យដោះលែងលោក រ៉ុង ឈុន ដោយបំពានទៅនឹងបំរាមរបស់សាលារាជធានីភ្នំពេញ៕