(ភ្នំពេញ)៖ បក្ខពួកជនសង្ស័យដែលធ្វើសកម្មភាពគាស់ផ្ទះលួចយកម៉ូតូមួយគ្រឿង នៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការតាមស្រាវជ្រាវបង្ក្រាបបាន នៅខេត្តព្រៃវែង នាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ ទីដែលរូបគេកំពុងសំងំលាក់ខ្លួន។
លោកឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០នេះថា ប្រតិបត្តិការនេះ ធ្វើឡើងដោយមានការចង្អុលបង្ហាញពី នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរងទទួលផែននាយកដ្ឋាន កណ្តាលនគរបាលយុត្តិធម៌ និងឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។
លោកឧត្តមសេនីយ៍ត្រី ជាវ វិបុល បានអះអាងថា ក្រោយទទួលបានបទបញ្ជា កម្លាំងរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចុះអនុវត្តដីកាបង្គាប់ឲ្យនាំខ្លួនរបស់សាលាដំបូងខេត្តកំពង់ស្ពឺ និងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ មាន ធុល អាយុ៣៩ឆ្នាំ នៅចំណុចភូមិសំព័រ ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង។
ប្រភពព័ត៌មានដដែលបានបញ្ជាក់ទៀតថា ករណីគាស់ផ្ទះលួចយកម៉ូតូនេះ បានកើតឡើងកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នៅចំណុចភូមិពង្រ ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បង្កដោយជនសង្ស័យ០២នាក់ បានធ្វើសកម្មភាពគាស់ផ្ទះលួចយក ម៉ូតូមួយគ្រឿងម៉ាក Scoopy ពាក់ស្លាកលេខកំពង់ស្ពឺ1Q-2502 ស៊េរីឆ្នាំ២០២០ របស់ជនរងគ្រោះឈ្មោះ ប៊ុត ចិត្រា។
ក្រោយពីដឹងថាបាត់ម៉ូតូ ជនរងគ្រោះបានទូរស័ព្ទ ទៅបងប្អូនឈ្មោះ ប៊ុត ពិសិដ្ឋ និងឈ្មោះ ហួន លីហាក់ ឲ្យជួយជិះម៉ូតូមើលតាមផ្លូវជាតិលេខ៤ ក្រែងលោបានជួបប្រទះ។ ពេលនោះឈ្មោះ ប៊ុត ពិសិដ្ឋ និងឈ្មោះ ហួន លីហាក់ បានប្រទះឃើញម៉ូតូដែលជនសង្ស័យបានលួច នៅចំណុចគីទ្បូម៉ែត្រលេខ៣៩ និងលេខ៤០ អ្នកទាំងពីរបានយកមួកសុវត្ថិភាព វាយក្បាលជនសង្ស័យ ហើយជនសង្ស័យបានផ្តួលម៉ូតូរត់គេចខ្លួន ភ្លាមជនសង្ស័យម្នាក់ទៀត បានធ្វើសកម្មភាពដកអាវុធខ្លី បាញ់ទៅលើជនរងគ្រោះទាំងពីរបណ្តាលឲ្យរងរបួស។
ក្រោយមកសមត្ថកិច្ចខេត្តកំពង់ស្ពឹ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សុខ មឿន ហៅសុខ នឿន អាយុ៤០ឆ្នាំ មានស្រុកកំណើតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង ចំណែកបក្ខពួកម្នាក់ទៀតឈ្មោះ មាន ធុល រត់គេចខ្លួន ហើយត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី០៨ ខែកញ្ញានេះតែម្ដង។
បច្ចុប្បន្នជនសង្ស័យខាងលើ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានរៀបចំបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមនីតិវិធី៕