(ព្រៃវែង)៖ រឿងក្តីស្ត្រីម្នាក់ដែលត្រូវអ្នករត់តាក់ស៉ីរំលោភសេពសន្ទវៈបានសម្រេចក្នុងរថយន្ត និងប្រើអំពើហិង្សា កាលពីខែមេសា ឆ្នាំ២០២០កន្លងទៅ ត្រូវបានតុលាការខេត្តព្រៃវែង កោះហៅមកសាកសួរដេញដោល ទៅលើជនជាប់ចោទ និងដើមចោទកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០។ ករណីនេះតុលាការខេត្តព្រៃវែង នឹងប្រកាសសាលក្រមនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ខាងមុខ។
យោងតាមប្រភពពីតុលាការខេត្តព្រៃវែងបានឲ្យដឹងថា នៅក្នុងសវនាការមានការចូលរួមពីលោក ហួត ហ៊ាង ប្រធានក្រុមប្រឹក្សាជំនុំជម្រះ, លោក អ៊ន ប៊ុនលី ចៅក្រមប្រឹក្សា, កញ្ញា ទែន សុនីតា ជាចៅក្រមប្រឹក្សា, លោក ទុង រតនា ជាតំណាងអយ្យការ និងលោក ផែង វណ្ណះ ជាក្រឡាបញ្ជី។
គួររំលឹកថា ករណីអ្នករត់តាក់ស៉ីចាប់រំលោភអ្នកដំណើរក្នុងរថយន្តនេះ នៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ២០៥ ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ របស់អយ្យការអមសាលាដំបូងខេត្តព្រៃវែង ដែលមានជនរងគ្រោះឈ្មោះ ឆ.ខ ភេទស្រី អាយុ ៣៣ឆ្នាំ នៅស្រុករមាសហែក ខេត្តស្វាយរៀង។ រីឯជនជាប់ចោទឈ្មោះ ខុន រិត ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិបឹង ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង។
មុនពេលកើតហេតុ កាលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ឈ្មោះ ខុន រិត ជាអ្នករត់តាក់ស៉ី បានដឹកអ្នកដំណើរជាច្រើននាក់ តាមរថយន្តឈ្នួលរបស់ខ្លួន ម៉ាកសាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ 2AR5640 ពីភ្នំពេញឆ្ពោះមកស្រុកមេសាង ខេត្តព្រៃវែង។ ជនរងគ្រោះ ក៏បានជិះរថយន្តឈ្នួលមួយនេះ ដើម្បីមកស្រុកដែរ។ លុះធ្វើដំណើរតាមផ្លូវ អ្នកដំណើរក៏ចុះជាបណ្ដើរ ពោលនៅសល់តែនារីរងគ្រោះម្នាក់ឯងក្នុងរថយន្ត។
ទន្ទឹមនឹងនោះជនជាប់ចោទហាក់មានអារម្មណ៍ចង់រួមភេទខ្លាំងពេក ក៏បើករថយន្តទៅកន្លែងស្ងាត់ ដោយមិនដឹកនារីរងគ្រោះទៅផ្ទះទេ បែរជាបើកបង្វៀងចុះឡើងៗ មកដល់ផ្លូវលំក្នុងភូមិព្រហារ ឃុំច្រេស ស្រុកមេសាង។ គួបផ្សំនឹងវេលាម៉ោង ៩យប់ស្ងាត់ទៀតនោះ ជនជាប់ចោទបានឈប់រថយន្តមកអែបផ្លូវ រួចចាប់រំលោភនាងទាំងកម្រោល ប៉ុន្តែនាងមិនព្រម ដោយបដិសេធ និងរើបម្រះរហូត។
ជនជាប់ចោទ ប្រើអំពើហិង្សាមកលើរូបនាងទ្រមខ្លួន រួចបង្ខំរំលោភបានសម្រេចក្នុងរថយន្តតែម្ដងទៅ។ លុះស្អែកឡើង នៅទី២៦ ខែមសា ឆ្នាំ២០២០ ជនរងគ្រោះបានប្ដឹងសមត្ថកិច្ច ដោយប្រាប់ពីដំណើររឿង ដូចខាងលើ ណទើបសមត្ថកិច្ចស្រុកមេសាងឈានដល់ឃាត់ខ្លួនជនជាប់ចោទ ចាត់ការតាមនីតិវិធីតែម្ដង៕