(ភ្នំពេញ)៖ លោក យក់ ង៉ុយ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងលោក គង់ ភូមីកា ប្រធាននាយកដ្ឋានឧត្តមសិក្សា ព្រមទាំងប្រតិភូអមដំណើរជាច្រើនរូប នាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ បានចុះទស្សនកិច្ច ដើម្បីពិនិត្យ និងវាយតម្លៃ វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា មុនការអនុញ្ញាត ឲ្យបើកដំណើរការឡើងវិញ។
សូមរំលឹកថា ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចអនុញ្ញាត ឲ្យគ្រឹះស្ថានសិក្សាសាធារណៈ (សាលារដ្ឋ) គ្រប់កម្រិត នៅទីរួមខេត្តចំនួន៤ (ខេត្តក្រចេះ ស្ទឹងត្រែង រតនគីរី និងមណ្ឌលគីរី) អាចបើកដំណើរការឡើងវិញ ចាប់ពីថ្ងៃទី០៧ ខែកញ្ញាតទៅ ខណៈរាជធានី-ខេត្តផ្សេងៗទៀត នឹងអនុញ្ញាតជាបន្តបន្ទាប់នាពេលក្រោយ។
សម្រាប់គ្រឹះស្ថានសិក្សាឯកជនវិញ ក្រសួងអប់រំ នឹងអនុញ្ញាត ឲ្យគ្រឹះស្ថានសិក្សាឯកជន ពីកម្រិតមត្តេយ្យសិក្សា ដល់ឧត្តមសិក្សា បើកដំណើរការឡើងវិញ បន្ទាប់ពីមានការចុះពិនិត្យ និងវាយតម្លៃដោយផ្ទាល់ ដល់ទីតាំងគ្រឹះស្ថានសិក្សា។
គ្រឹះស្ថានសិក្សាឯកជន ត្រូវដាក់ពាក្យស្នើសុំបើក មកក្រសួងអប់រំ យុវជន និងកីឡា តាមរយៈមន្ទីរអប់រំ យុវជន និងកីឡា។ គ្រឹះស្ថានសិក្សាឯកជន ត្រូវចុះកិច្ចព្រមព្រៀង ជាមួយក្រសួងអប់រំ យុវជន និងកីឡា មុនការបើកដំណើរការ៕