(ត្បូងឃ្មុំ)៖ ព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០នេះ លោកស្រីឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក គន់ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណកម្មាធិការត្រូតពិនិត្យគ្រឿងញៀនខេត្តត្បូងឃ្មុំ បានអញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ ឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២០ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅសាលាខេត្តត្បូងឃ្មុំ។
ថ្លែងក្នុងឱកាសនោះ លោក គន់ សុភា បានលើកឡើងថា ផ្អែកតាមផែនការរបស់រាជរដ្ឋាភិបាល គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តត្បូងឃ្មុំ បានអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន នៅវិធានការចំនួន៥ ដែលបានជំរុញកិច្ចប្រតិបត្តិការ ប្រឆាំងបទល្មើសគ្រឿងញៀននៅគ្រប់មូលដ្ឋានទូទាំងខេត្ត បានអនុវត្តយ៉ាងសកម្មនូវផែនការស្ដីពី យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ របស់រាជរដ្ឋាភិបាលកម្ពុជា។
លោក គន់ សុភា បានបញ្ជាក់ថា លទ្ធផលជោគជ័យទាំងនេះ គឺអាស្រ័យដោយមានការកសាងផែនការសកម្មភាពជាក់លាក់ ជាត្រីវិស័យក្នុងការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ ស្របតាមផែនការយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ និងដោយមានការតម្រង់ទិស ដោយផ្ទាល់ ពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដោយមានការចូលរួមយ៉ាងសកម្មផុសផុល តាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដឹងជាពិសេសគ្រប់មន្ទីរអង្គភាពរដ្ឋបាលក្រុង/ស្រុក ឃុំ/សង្កាត់កម្លាំងសមត្ថកិច្ច និងអ្នកពាក់ព័ន្ធក៏ដូចជាប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានរួមគ្នា អនុវត្តទទួលបានប្រសិទ្ធភាពខ្ពស់។
នាឱកាសនោះ លោកស្រីឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ទៀតថា ដំណើរការដឹកនាំអនុវត្ត ផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៥ របស់រាជរដ្ឋាភិបាលកម្ពុជា គឺដើម្បីទទួលបានលទ្ធផលល្អប្រសើរ និងជោគជ័យឈានទៅកាត់បន្ថយ និងលុបបំបាត់ឲ្យបាននូវបទល្មើសគ្រឿងញៀនគ្រប់ប្រភេទ។
លោកស្រីឧត្តមសេនីយ៍ឯក ក៏បានផ្ដាំផ្ញើដល់គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនគ្រប់លំដាប់ថ្នាក់ ក្នុងខេត្ត អាជ្ញាធរ មន្ត្រីរាជការ និងកងកម្លាំង ត្រូវបន្តយកចិត្តទុកដាក់ អនុវត្តឲ្យបានកាន់តែខ្លាំងក្លាថែមទៀត ជាពិសេស គឺកុំពាក់ព័ន្ធ កុំនៅពីក្រោយធ្វើជាបង្អែក កុំបន្ធូរបន្ថយ និងកុំអន្តរាគមន៍ ក្នុងករណីបទល្មើសគ្រឿងញៀនគ្រប់ប្រភេទ។
លោកស្រីឧត្តមសេនីយ៍ឯក ជ័យ បុប្ផា ក៏បានស្នើដល់អ្នកពាក់ព័ន្ធ បន្តខិតខំរួមគ្នាអនុវត្តឲ្យមានប្រសិទ្ធភាព ពិសេសសហការជាមួយប្រទេសជិតខាង បង្រ្កាបបទល្មើសគ្រឿងញៀន ឆ្លងកាត់ព្រំដែន ត្រួតពិនិត្យសារធាតុគីមីផ្សំឲ្យបានហ្មត់ចត់ ព្រោះឈ្មួញទុច្ចរិតអាចបង្វែរទៅកែឆ្នៃជាគ្រឿងញៀនខុសច្បាប់ ត្រូវបន្តផ្សព្វផ្សាយអប់រំ ដល់គ្រប់គោលដៅប្រឈម ពិសេសអ្នកបើកកបររថយន្តធន់ធ្ងន់ និងចូលរួមបង្ការទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ-១៩ គ្រុនឈាម និងគ្រុនឈីក៕