(ភ្នំពេញ)៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានផ្ញើព្រះរាជសារជូនលោក គីម ជុងអ៊ុន ប្រធានាធិបតីកូរ៉េខាងជើង ដើម្បីអបអរសាទរខួប៧២ នៃការបង្កើតកូរ៉េខាងជើង។
ក្នុងព្រះរាជសារផ្ញើជូនប្រធានាធិបតីកូរ៉េខាងជើង ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០នេះ ព្រះមហាក្សត្រខ្មែរ បានសម្តែងព្រះរាជហឫទ័យអបអរសាទរ ចំពោះជោគជ័យរបស់រដ្ឋកូរ៉េខាងជើង ក្នុងការកសាងប្រទេសនាំមកនូវសុខសុភមង្គល និងសុខសន្តិភាព។
ក្នុងព្រះរាជសារដែលប្រែសម្រួលក្រៅផ្លូវការដោយអង្គភាពព័ត៌មាន Fresh News ព្រះមហាក្សត្រខ្មែរ បានមានព្រះបន្ទូលយ៉ាងដូច្នេះ «ក្នុងឱកាសនៃការប្រារព្ធខួបលើកទី៧២ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ខ្ញុំសូមសម្ដែងនូវការអបអរយ៉ាងកក់ក្ដៅ រួមទាំងការជូនពរនូវជោគជ័យ និងសុភមង្គលពីខ្ញុំ ចំពោះឯកឧត្តម។ សម្រាប់ប្រជាជនកូរ៉េ ដែលជាមិត្ត ខ្ញុំសូមជូនពរឱ្យជួបតែសន្តិភាព និងភាពរុងរឿងជានិរន្ត»។
ព្រះករុណាជីវិតតម្កល់លើត្បូង បានមានព្រះរាជបន្ទូលបន្ថែមថា «កិច្ចខិតខំប្រឹងប្រែង របស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ក្រោមការដឹកនាំរបស់ឯកឧត្ដម បានជួយជំរុញដំណើរការនៃការស្ថាបនា ការអភិវឌ្ឍ និងសុខមាលភាព នៃប្រជាជនរបស់ឯកឧត្ដម»។
ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានមានរាជបន្ទូលគូសបញ្ជាក់ថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ ដែលមានស្រាប់រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ នឹងនាំមកនូវផលប្រយោជន៍ នៃទស្សនវិស័យថ្មីៗ ស្ថិតនៅក្នុងផលប្រយោជន៍នៃប្រជាជននៃប្រទេសទាំង២។
សូមបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង ត្រូវបានបង្កើតជាផ្លូវការនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ១៩៤៨។ ប្រទេសកូរ៉េខាងជើង មានរដ្ឋធានីព្យុងយ៉ាង មានផ្ទៃដីសរុប ១២០,៥៤០គីឡូម៉ែត្រការ៉េ និងផ្ទៃទឹក ៤.៤៨ភាគរយ និងមានប្រជាជនជាង ២៥លាននាក់៕