(ពោធិ៍សាត់)៖ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអរគុណ និងវាយតម្លៃខ្ពស់បំផុតចំពោះលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ដែលបានយកចិត្តទុកដាក់ និងដោះស្រាយរាល់បញ្ហារបស់អតីតយុទ្ធជនប្រកបដោយប្រសិទ្ធភាព និងបានទាន់ពេលវេលា។
ការថ្លែងកោតសរសើររបស់លោក គន់ គីម បានធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សា និងត្រួតពិនិត្យលទ្ធផលអនុវត្តការងារគ្រប់គ្រងដីសម្បទានសង្គមកិច្ច សម្រាប់ចែកជូនអតីតយុទ្ធជន និងគ្រួសារ ដែលអត់ដី អត់ផ្ទះ និងអ្នករស់នៅលើដីសាធារណៈក្នុងខេត្តពោធិ៍សាត់ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០នេះ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក ម៉ៅ ធនិន ប្រធានកិត្តិយសសមាគមអតីតយុទ្ធជន ខេត្តពោធិ៍សាត់ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
ក្នុងកិច្ចប្រជុំនេះ លោក ម៉ៅ ធនិន បានបង្ហាញពីលទ្ធផលនៃការអនុវត្តការងារគ្រប់គ្រងដីសម្បទានសង្គមកិច្ចថ្មី ត្រង់ចំណុចដំណាក់ត្រយឹង ស្ថិតក្នុងភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ មានទំហំសរុបចំនួន៩៥៥ហិកតា។ លោកបានឱ្យដឹងថា ដីនេះជាដីស្ថិតក្នុងដីព្រៃរិចរិល នៃគម្របព្រៃឈើឆ្នាំ២០០២ របស់រដ្ឋបាលព្រៃឈើ ហើយទីតាំងនេះសម្បូរទៅដោយខ្សែរអូរកាត់ដីជាច្រើន ដែលជាប្រភពស្រោចស្រពយ៉ាងសំខាន់, ជាដីមានសណ្ឋានទួលជំរេលខ្ពស់ល្មម មិនលិចទឹក និងដីមានជីជាតិល្អបង្គួរ អំណោយផលសម្រាប់ដំណាំដូចជា ដំឡូងមី ស្វាយ ស្វាយចាន់ទី ក្រូច ដូង ឬដំណាំឈើហូបផ្លែ និងដំណាំយុទ្ធសាស្ត្រផ្សេងៗទៀត។
លោក ម៉ៅ ធនិន បានបន្ថែមថា រដ្ឋបាលខេត្ត ដែលមានមន្ទីររៀបចំដែនដី និងការិយាល័យភូមិបាលស្រុកជាសេនាធិការ បានចុះពិនិត្យសិក្សាទីតាំងដី ប្រមូលទិន្នន័យ រៀបចំផែនទី និងចុះកំណត់ឈូសឆាយព្រំឃ្លុំទីតាំងដីទាំងមូល ដើម្បីសិក្សាផលប៉ះពាល់។ ក្នុងនោះរដ្ឋបាលខេត្ត បានគ្រប់គ្រងស្ថានការណ៍ និងឈូសឆាយទម្រង់ផ្លូវ ៨ខ្សែ ទំហំ១៥ម៉ែត្រ ប្រវែងសរុប ៣០គីឡូម៉ែត្រ ដោយពុំទាន់មានពាក្យបណ្តឹង ឬការតវ៉ាពីភាគីប្រឆាំងណាមួយឡើយ។ ជាមួយគ្នានោះ លោកបានគោរពស្នើសុំគោលការណ៍ ដោះស្រាយដីសម្បទានសង្គមកិច្ចដែលមានស្រាប់ ជូនបងប្អូនអតីតយុទ្ធជន ដែលអត់ដី អត់ផ្ទះ និងអ្នករស់នៅលើដីសាធារណៈ ទាំង៦៤៨គ្រួសារ ក្នុងមួយគ្រួសារ ១.៥ហិកតា។
នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំសមាគមគ្រប់លំដាប់ថ្នាក់ ដែលតែងតែបានយកចិត្តគិតគូរអំពីសុខទុក្ខ និងដោះស្រាយការលំបាកខ្វះខាត ដល់បងប្អូនអតីតយុទ្ធជន។
លោក គន់ គីម បានឯកភាព តាមសំណើរបស់លោកអភិបាលខេត្ត ដោយដោះស្រាយដីសម្បទានសង្គមកិច្ចដែលមានស្រាប់ ជូនបងប្អូនអតីតយុទ្ធជន ដែលអត់ដី អត់ផ្ទះ និងអ្នករស់នៅលើដីសាធារណៈទាំង ៦៤៨គ្រួសារ ដោយក្នុងមួយគ្រួសារ ឯកភាពផ្តល់ដីជូន ១.៥ហិកតា។ លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា កន្លងមកសមាគមអតីតយុទ្ធជនបានផ្តល់ដី ផ្តល់ផ្ទះ ជូនអតីតយុទ្ធជន និវត្តន៍ជន បានចំនួន ១៧៦គ្រួសាររួចមកហើយ និងបន្តធ្វើការគ្រប់គ្រងដោះស្រាយដីសម្បទានសង្គមកិច្ចលើបីទីតាំងបន្ថែមទៀត ដែលរងការរំលោភបំពានឱ្យបានរួចរាល់។
លោក គន់ គីម ក៏បាននាំយកនូវការផ្តាំផ្ញើការសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសមាគមគ្រប់លំដាប់ថ្នាក់ នៅទូទាំងខេត្តពោធិ៍សាត់។
លោកទេសរដ្ឋមន្ត្រី ក៏បានជំរុញឱ្យថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ដល់ជីវភាព រស់នៅរបស់បងប្អូនអតីតយុទ្ធជន ដោយខិតខំបើកប្រាក់បេឡាមរណៈជូនគ្រួសារសព អតីត យុទ្ធជន ឱ្យបានទាន់ពេលវេលា។
សូមបញ្ជាក់ថា សមាជិកសមាគមអតីតយុទ្ធជនកម្ពុជា នៅខេត្តពោធិ៍សាត់ មានចំនួន ៤,២៦៥នាក់។ ក្នុងនោះ ជនពិការ ១,៤៣០នាក់ និវត្តជន ១,១១៦នាក់ ជនបាត់បង់សមត្ថភាពការងារ ៦៤នាក់ គ្រួសារពលី ១,៤៩១នាក់ និងគ្រួសារមរណៈ១៦៤នាក់។
សមាគមបានសង់ផ្ទះជូនអតីតយុទ្ធជន ចាប់តាំងពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២០ បានចំនួន ១២៩ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបានប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ របស់សមាគមអតីតយុទ្ធជនកម្ពុជា ជូនដល់គ្រួសារសព ក្នុងឆ្នាំ២០២០ បាន៧២សព៕