(បាត់ដំបង)៖ ទិន្ន័យភូមិសាស្រ្ត សម្រាប់កសិកម្ម និងទឹកបច្ចេកទេសដាំដុះដំណាំបន្លែ មាននៅក្នុងកម្មវិធីទំនើបលើទូរស័ព្ទដៃ ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ហើយនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាព លោក ឈឹម វជិរា តំណាងអភិបាលខេត្ត និងជាប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង, លោក ប៊ូ សុផល នាយកគម្រោង ក្រុមហ៊ុនអង្គរហ្គ្រីន និងកសិករមកពីសហគមន៍ផ្សេងៗ។
កម្មវិធីនេះបានដាក់ឲ្យប្រើជាផ្លូវការនូវគម្រោងទិន្ន័យភូមិសាស្រ្ត សម្រាប់កសិកម្ម និងទឹក ក្នុងកម្មវិធីទូរស័ព្ទដៃ ដែលមានឈ្មោះជាភាសា អង់គ្លេសថា «Angkor SALAD App»។ Angkor SALAD App ជាកម្មវិធីទូរស័ព្ទដៃ ដែលជាបច្ចេកវិទ្យាថ្មី និងជាប្រភពចំណេះដឹងលើបច្ចេកទេសដាំដុះដំណាំបន្លែ ដ៏ទំនើបមួយ ជាមួយនឹងទិន្ន័យដែលផ្ដល់ពីផ្កាយរណប។ កម្មវិធីនេះមានការផ្តួចផ្តើម និងរួមគ្នាបង្កើតឡើងដោយគម្រោងអង្គរសាលាដ ដែលទទួលបានជំនួយពី Netherlands
Space Office តាមរយៈក្រសួងការបរទេស នៃរដ្ឋាភិបាលប្រទេសហូឡង់។
លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង ក្នុងមន្ទីរជំនាញ សូមអបអរសាទរដល់ក្រុមហ៊ុនអង្គរហ្គ្រីន ដែលបានសហការគ្នា ជាមួយដៃគូគម្រោងផ្សេងៗ ជាច្រើនទៀតបានបង្កើតកម្មវិធីនេះឡើង ផ្តល់ភាពងាយស្រួលដល់អ្នកដាំដុះបន្លែ, អ្នកប្រមូលទិញ, អ្នកលក់ជី, អ្នកផលិតទឹកជាដើម។
លោក ប៊ូ សុផល នាយកគ្រប់គ្រងគម្រោងអង្គរហ្គ្រីន និងលោក ខៀវ ខេមរិន្ទ អ្នកជំនាញដំណាំបន្លែ បានឡើងធ្វើបទបង្ហាញនូវអត្ថប្រយោជន៍ នៃការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ ដែលមានឈ្មោះជាភាសា អង់គ្លេសថា «Angkor SALAD App» ហើយមានដៃគូអនុវត្គគម្រោងនេះ រួមមានបណ្តាអង្គការ ក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុក ដែលរួមមាន អង្គការ អ៊ីកូ (ICCO), ក្រុមហ៊ុនអង្គរហ្គ្រីន, អង្គការបន្លែពិភពលោក (World Vegetable Center), អគ្គនាយកដ្ឋានកសិកម្ម, ក្រុមហ៊ុន Nelen and Schuurmans, VanderSat និងក្រុមហ៊ុន Akvo។
លោកបានបញ្ជាក់ថា អង្គរសាលាដ ប្រមូលផ្ដុំទៅដោយសេវាកម្មព័ត៌មាន ពាក់ព័ន្ធទៅនឹងកសិកម្ម គោលដៅចំបងរបស់គម្រោងអង្គរសាលាដ គឺកាត់បន្ថយការប្រើប្រាស់ធនធានច្រើន ហួសទៅលើការដាំដុះ រួមមានការប្រើប្រាស់ទឹក និងជី ស្របពេលដែលទិន្នផលទទួលបាន នឹងកើនឡើងជាងមុន ជាពិសេសបន្លែដែលមានសុវត្ថិភាព។
លោកបន្តថា អង្គរសាលាដ ជាកម្មវិធីទូរសព្ទ័ដ៏សំខាន់ ដែលបានផ្តល់អត្ថប្រយោជន៍ជាច្រើនទៅដល់អ្នកប្រើប្រាស់ ដូចជា៖
*កសិករ ទទួលបានការផ្ដល់ប្រឹក្សាទៅលើ បច្ចេកទេសដាំដុះដំណាំ ការប្រើប្រាស់ប្រព័ន្ធស្រោចស្រព ការប្រើប្រាស់ជីត្រឹមត្រូវទៅតាមប្រភេទដី និងតំបន់ការគ្រប់គ្រងដំណាំទៅតាមរដូវកាល (ប្រាំង និង វស្សា) ការគ្រប់គ្រងកត្តាចង្រៃលើដំណាំ(សត្វល្អិត ជម្ងឺ) ការអនុវត្តកសិកម្មល្អ(GAP) មានទំនាក់ទំនងផ្ទាល់ជាមួយ អ្នកលក់ជីថ្នាំកសិកម្ម អ្នកប្រមូលទិញបន្លែ គ្រឹះស្ថានមីក្រូហិរញវត្ថុ ជាពិសេសការប្រឹក្សាផ្ទាល់ជាមួយអ្នកជំនាញផ្នែកសិកម្ម មកពីកន្លែងផ្សេងៗគ្នា។
*អ្នកលក់ជី-ថ្នាំកសិកម្ម ទទួលបានព័ត៌មានពីតម្រូវការជីថ្នាំរបស់កសិករ ដែលជាចំណុចសំខាន់ក្នុងការកំណត់ស្តុកឲ្យចំគោលដៅ សម្រាប់កសិករផងដែរ បូករួម និងព័ត៌មានបច្ចេកទេសកសិកម្មផ្សេងៗ។
*អ្នកប្រមូលទិញបន្លែ ទទួលបានព័ត៌មានដាំដុះដំណាំរបស់កសិករ មានបន្លែគ្រប់គ្រាន់ដែលគាត់ត្រូវការ សិក្សាពីព័ត៌មានបច្ចេកទេសកសិកម្ម មានលទ្ធភាពកំណត់ទុកមុននូវតម្រូវការ ទិន្នផលបន្លែដែលខ្លួនចង់បានមានទំនាក់ទងផ្ទាល់ ជាមួយគ្រឹះស្ថានមីក្រូហិរញវត្ថុ ក្នុងន័យបំពេញបន្ថែមនូវកម្ចីសាច់ប្រាក់ សម្រាប់អាជីកម្មរបស់ខ្លួន។
*គ្រឹះស្ថានមីក្រូហិរញវុត្ថុ អាចទំនាក់ទំនងផ្ទាល់ជាមួយ កសិករ អ្នកលក់ជីថ្នាំកសិកម្ម អ្នកប្រមូលទិញបន្លែ ដើម្បីផ្តល់ជូននូវសេវាកម្មកម្ចីសាច់ប្រាក់របស់ពួគេ។
*ស្ថាប័នរដ្ឋ និងអ្នកជំនាញកសិកម្ម អាចចែករំលែកចំណេះដឹងកសិកម្ម បច្ចេកទេសដាំដុះ និងថែទាំថ្មីៗ របកគំហើញថ្មីៗដែលជាប្រយោជន៍ ទៅកាន់ប្រជាកសិករ៕