(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០នេះ លោក ពាង ណារិទ្ធ អភិបាលរងខេត្ត តំណាងលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញសំណេះសំណាល ជាមួយអាជ្ញាធរមូលដ្ឋានស្រុកមេមត់ ឃុំជាំក្រវៀន សហគមន៍បឹងក្រម និងព្រលែងកូនត្រី៤ប្រភេទ ស្មើនឹងប្រមាណ ៥៧,០០០ក្បាលក្នុងបឹងក្រម ដែលទទួលបានពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានឲ្យដឹងថា កូនត្រីដែលលែងចូលបឹងក្រម មានចំនួន៥៧,០០០ក្បាល ក្នុងមាន៤ប្រភេទ រួមមានត្រីក្រាញ់ ត្រីរ៉ស់ ត្រូអណ្តែង និងត្រីប្រា។
លោកបន្ថែមថា កូនត្រីទាំងនេះ នឹងបង្កើនផលត្រីក្នុងបឹង សម្រាប់កម្មវិធីប្រពៃណីរបស់បងប្អូនក្នុងភូមិសាស្ត្រនេះ និងភ្ញៀវទេសចរទាំងឡាយ ចុះចាប់កំសាន្ត នៅដើមឆ្នាំខាងមុខ។
លោក ពាង ណារិទ្ធ បានថ្លែងផ្តាំផ្ញើសាកសួរសុខទុក្ខ បងប្អូនក្នុងសហគមន៍ទាំងមូល និងជូនពរដល់បងប្អូនមានសុខភាពល្អ និងជៀសផុតពីជំងឺកូវីដ១៩ ទាំងអស់គ្នា។
លោកបន្តទៀតថា ដោយពិនិត្យឃើញពីសក្តានុពលនៃភូមិសាស្ត្រនេះ សម្រាប់វិស័យទេសចរណ៍វប្បធម៌ លោកបណ្ឌិតអភិបាលខេត្ត បានដាក់ចេញនូវផែនការអភិវឌ្ឍ ឲ្យមានរចនាសម្ព័ន្ធត្រឹមត្រូវ ពង្រីកវិសាលភាពឲ្យកាន់តែទូលាយដែលជំហានដំបូង បានជីកពង្រីកទីធ្លារបឹងជាច្រើនម៉ែត្រក្រឡាបន្ថែម ដើម្បីប្រែក្លាយជារមណីដ្ឋានទេសចរណ៍ វប្បធម៌ធម្មជាតិ ឲ្យបានគ្រប់រដូវកាល។
លោក ពាង ណារិទ្ធ បានបន្ថែមថា បឹងក្រមនេះ នឹងក្លាយជារមណីយដ្ឋានទេសចរណ៍វប្បធម៌ធម្មជាតិ ដែលអាចបង្កើតការងារ និងប្រាក់ចំណូលបន្ថែម សម្រាប់ប្រជាពលរដ្ឋប្រចាំតំបន់នេះ។ ដូច្នេះ យើងត្រូវចូលរួមទាំងអស់គ្នា មើលថែត្រីទាំងនេះ កុំមានការលួចប្រើឧបករណ៍ខុសច្បាប់ ជាពិសេសឧបករណ៍ឆក់ត្រី ដែលបំផ្លាញធ្ងន់ធ្ងរ ដល់ធនធានមច្ឆជាតិគ្រប់ប្រភេទ និងរក្សាព្រៃជុំវិញនេះ ឲ្យបានល្អ ក្លាយជាម្លប់សម្រាប់ភ្ញៀវទេសចរ។
សូមជម្រាបថា បឹងក្រម មានផ្ទៃជម្រាលប្រមូលទឹក៣០ហិកតា និងមានបឹងតូចៗ ២០បឹង ជាសាខា ព្រមទាំងមានរុក្ខជាតិលិចទឹកជាច្រើនប្រភេទ ហើយរៀងរាល់ដើមឆ្នាំក្នុងអំឡុងខែកុម្ភៈ ប្រជាពលរដ្ឋនៅទីនេះ តែងតែប្រារព្ធពិធីចាប់ត្រី យកមកចំអិនហូបជុំគ្នា ដែលជាទំនៀមទំលាប់ តាំងពីដើមរហូតមកដល់សព្វថ្ងៃ។
សម្រាប់២ឆ្នាំកន្លងទៅ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានដឹកនាំប្រជាពលរដ្ឋចុះចាប់ត្រី និងចែកជូននូវរង្វាន់ជាថវិការដល់អ្នកចាប់បានត្រីធំ និងច្រើនផងដែរ។ ដោយឡែកសម្រាប់ឆ្នាំ២០២១ខាងមុខនេះ បើតាមគម្រោង លោកបណ្ឌិត អភិបាលខេត្ត នឹងធ្វើពិធីឲ្យកាន់តែធំ តាមរយៈការប្រលែងកូនត្រីរាប់ម៉ឺនក្បាលនាថ្ងៃនេះ៕