(ភ្នំពេញ)៖ តាមសេចក្ដីប្រកាសព័ត៌មានរបស់មន្ទីរបរិស្ថាន បានឱ្យដឹងថា នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០នេះ កម្លាំងមន្ត្រីឧទ្យានុរក្សនៅតំបន់ព្រែកទឹកសាបក្បាលឆាយ ខេត្តព្រះសីហនុ បានឃាត់ខ្លួនមនុស្សប្រុសម្នាក់ក្នុងចំណោមបីនាក់ ដែលបានលួចចូលកាប់ឈើនៅក្នុងភូមិសាស្ត្រដាំដើមគ្រញូងស្ដារឡើងវិញ ស្ថិតនៅភូមិពូធឿន ឃុំបិតត្រាង ស្រុកព្រៃនប់។

ការបង្ក្រាបនេះធ្វើឡើងក្នុងពេលកម្លាំងមន្ត្រីឧទ្យានុរក្ស ចុះល្បាតត្រួតពិនិត្យបទល្មើសនៅក្នុងភូមិសាស្ត្រខាងលើ ដោយពេលនោះកម្លាំងមន្ត្រីបានប្រទះឃើញរោងប្រក់តង់ចំនួន ២ ខណៈនៅជុំវិញនោះក៏មានរណាយន្តចំនួន ១គ្រឿង ម៉ាស៉ីនកាត់ស្មៅចំនួន ២គ្រឿង ផ្គាក់ចំនួន ២ និងពូថៅ ១ ទៀតផងដែរ។

ដោយមានការសង្ស័យថាមានមនុស្សនៅក្បែរនោះ ក្រុមមន្ត្រីក៏បានបន្តត្រួតពិនិត្យទីតាំងជុំវិញតង់ខាងលើ ក៏បានប្រទះឃើញមនុស្សប្រុសចំនួន ៣នាក់ ពូននៅក្បែរនោះ។ ពួកគេក៏បានរត់គេចពីកម្លាំងសមត្ថកិច្ច ហើយកម្លាំងសមត្ថកិច្ចក៏បានដេញប្រផាប់ចាប់ប្រភីង រហូតឃាត់ខ្លួនបានបុរសម្នាក់ក្នុងចំណោមពួកគេទាំងបីនាក់នោះ។

ក្រោយពេលឃាត់ខ្លួនបានហើយ កម្លាំងមន្ត្រីឧទ្យានុរក្សខាងលើក៏បាននាំខ្លួនជនសង្ស័យម្នាក់នោះ ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ខាងក្រោមនេះជាសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន៖