(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានណែនាំឱ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គោរពនូវតួនាទី ភារកិច្ចចាំបាច់របស់ខ្លួន ក្នុងការថែរក្សាការពារសន្តិភាពកម្ពុជា ឱ្យមានអាយុកាល យូរអង្វែងទៅអនាគត។
ឧត្តមសេនីយ៍ឯក បានថ្លែងបែបនេះនៅក្នុងឱកាសដែលលោកបានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនក្នុងពិធីខួបអនុស្សាវរីយ៍គម្រប់ ៣០ឆ្នាំ ថ្ងៃបង្កើតវរសេនាតូចលេខ២៤៦ និងគម្រប់ខួប១១ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានអង្គរក្ស នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០នេះ។
លោកបានលើកឡើងថា ប្រទេសកម្ពុជា ទទួលបានសុខសន្តិភាពពេញលេញក្នុងរយៈកាលជាង២០ឆ្នាំ មកទល់សព្វថ្ងៃនេះ គឺជារយៈ កាលនៃសុខសន្តិភាពដ៏យូរ និងពុំធ្លាប់កើតមានទ្បើងក្នុងប្រវត្តិសាស្ត្រនៃប្រទេស។ ជាសន្តិភាពដែលទទួលបានមកដោយការលំបាក និងមានការលះបង់ខ្ពស់ពីសំណាក់ស្ថាបនិកគ្រប់រូប នៃនយោបាយឈ្នះ-ឈ្នះ ហើយបាននាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យជូនប្រជាជនទូទាំងប្រទេស និងបានបង្កលក្ខណៈឱ្យពលរដ្ឋគ្រប់រូបមានសិទ្ធិសេរីភាព ក្នុងការប្រកបរបរចិញ្ចឹមជីវភាពដោយភាពសុខសាន្ត រស់នៅប្រកបដោយភាពថ្លៃថ្នូរ មានឱកាសប្រារព្ធធ្វើបុណ្យទាន និងគោរពប្រតិបត្តិសាសនានានាតាមជំនឿ។
លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «ដូច្នេះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលជាខែលដ៏សំខាន់ និងរឹងមាំក្នុងការថែរក្សាខឿនការពារប្រទេសជាតិ ប្រជាពលរដ្ឋ ការពារសិទ្ធិសេរីភាព ស្របតាមនីតិរដ្ឋ ត្រូវគោរពនូវតួនាទី ភារកិច្ចចាំបាច់របស់ខ្លួនក្នុងការថែរក្សាការពារសន្តិភាពនេះឱ្យមានអាយុកាល យូរអង្វែងទៅអនាគត ដោយរក្សាបាន នូវស្មារតីជាតិនិយម បេ្តជ្ញាស្មោះត្រង់ជាមួយជាតិ សាសនា ព្រះហាក្សត្រ និង រដ្ឋាភិបាលស្របច្បាប់ រួមជាមួយការពង្រឹងសមត្ថភាពផ្ទាល់ខ្លួន និងម្ចាស់ការក្នុងការធានាដល់ការហ្វឹកហ្វឺន ការត្រៀមក្នុងការការពារបូរណភាពទឹកដី មានសាមគ្គីភាពផ្ទៃក្នុងខ្ពស់ និងប្រឆាំងដាច់ខាត នូវរាល់សកម្មភាពទាំងទ្បាយណាដែលបង្ក ដល់ការបំផ្លិចបំផ្លាញ់នូវសន្តិភាពដ៏ស្រស់ បំព្រងនេះ»។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បន្ថែមថា៖ «ទោះបីជាមានប្រមាថមកលើកងកម្លាំងប្រដាប់អាវុធជាតិពីសំណាក់ក្រុមមួយក្តាប់តូចយ៉ាងណាក៏ដោយ ក៏ស្មារតីមុតមាំបេ្តជ្ញា ស្មោះត្រង់ក្នុងការការពារសន្តិភាព ការពារភាពសុខដុមរមនា ការពារអាយុជីវិត ប្រជាពលរដ្ឋ និងសិទ្ធិសេរីភាពដោយផ្អែកទៅលើនិតិរដ្ឋ នៅតែគោលដៅអាទិភាព របស់កងកម្លាំងប្រដាប់អាវុធយើងគ្រប់ប្រភេទ ហើយគោលដៅបន្ទាប់គឺធានានូវភាពសុខសាន្តក្នុងសង្គមជាតិ និងការអភិវឌ្ឍប្រទេស។ ការថែរក្សានូវចីរភាព និងវិបុលភាពនៃសន្តិភាពនេះគឺជាកាតព្វកិច្ចរបស់យើងគ្រប់គ្នា ទាំងកងកម្លាំងប្រដាប់អាវុធក៏ដូចជាមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋទាំងអស់»។
នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងយោធិនទាំងអស់នៃបញ្ជាការដ្ឋានអង្គរក្ស ដែលបានខិតខំបំពេញភារកិច្ច និងសម្រេចបាននូវការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ ជាពិសេសការយកចិត្តទុកដាក់លើការងារហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស និងការកសាងហេដ្ឋានរចនាសម្ព័ន្ធនានា បម្រើឱ្យការបំពេញភារកិច្ច និងជីវភាព សុខមាលភាពរបស់យោធិន និងគ្រួសារយោធិន ហើយក៏បានបង្ហាញឱ្យឃើញអំពីសាមគ្គីឯកភាពភាពផ្ទៃក្នុងល្អរវាងមេបញ្ជាការ មេបញ្ជាការរង ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានរបស់ បញ្ជាការដ្ឋានអង្គរក្សធានាបាននូវ និរន្តរភាពរបស់អង្គភាពក្នុងការសម្រេចភារកិច្ចបម្រើជាតិ មាតុភូមិ និងប្រជាជន ព្រមទាំងការការពារសន្តិសុខ សុវត្ថិភាពជូនប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ក្នុងកិច្ចប្រជុំ និងព្រឹត្តិការណ៍ថ្នាក់ជាតិ និងអន្តរជាតិនានា។
លោកបានគូសបញ្ជាក់ថា ក្នុងរយៈពេលជាង៤០ឆ្នាំ ក្រោយការដួលរលំនៃរបបខ្មែរក្រហម និងជាង២០ឆ្នាំ ក្រោយការបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃកន្លងមកនេះ ប្រទេសកម្ពុជាបានឆ្លងកាត់នូវឧបសគ្គ និងការលំបាកស្មុគ្រស្មាញជាទីបំផុត នៅក្នុងដំណើរការកសាង និងអភិវឌ្ឍប្រទេស ជាពិសេសការខិតខំពុះពារធ្វើយ៉ាងណា ធានាឱ្យបានដាច់ខាតនូវបរិយាកាសនយោបាយមួយប្រកបដោយ ស្ថិរភាព សន្តិសុខ និងរបៀបរៀបរយ ដើម្បីជាមូលដ្ឋាននៃការអភិវឌ្ឍសេដ្ឋកិច្ច។ ជាមួយគ្នានេះរាជរដ្ឋាភិបាលកម្ពុជាបាន ប្រកាន់ជំហរម៉ឺងម៉ាត់ រឹងមាំ ការពារបានដាច់ខាតនូវឯករាជ្យ អធិបតេយ្យ សុខសន្តិភាព ស្ថិរភាព សន្តិសុខ ដោយបន្តធានា បាននូវជីវភាពសង្គម និងនិរន្តរភាព នៃស្ថាប័នកំពូលរបស់ជាតិ ដែលស្តែងឡើងតាមរយៈភាពប្រក្រតីនៃស្ថានភាព នយោបាយ សេដ្ឋកិច្ច ការទូត វប្បធម៌ វិនិយោគ និងទេសចរណ៍ ការទប់ស្កាត់ និងបញ្ចៀសបាននូវអំពើភេរវកម្ម ហើយអ្វីដែលវិសេសជាងនេះគឺ រហូតមកដល់ពេលនេះ កម្ពុជាអាចគ្រប់គ្រង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ ដោយមានអត្រាឆ្លងទាប និងគ្មានការចម្លងក្នុងសហគមន៍ មានករណីជាសះស្បើយយ៉ាងច្រើន និងមិនទាន់មានករណីស្លាប់ ហើយក៏មិនទាន់មាន យោធិនក្នុងប្រទេសណាម្នាក់រងគ្រោះដោយសារជំងឺកូវីដ-១៩ នៅឡើយទេ។
លោកបន្តទៀតថា តែយ៉ាងណាក៏ដោយ យើងក៏មិនបានធ្វេសប្រហែស និងមើលស្រាលចំពោះស្ថានការណ៍ដែលនៅតែបន្តឆ្លងរាតត្បាតនៅឡើយ ហើយរាជរដ្ឋាភិបាលកម្ពុជាបាន បន្តការអំពាវនាវឱ្យពលរដ្ឋគ្រប់រូប គ្រប់បណ្តាស្ថាប័ន កងឯកភាពទ័ព ត្រូវតែបន្តការប្រុងប្រយ័ត្នបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងត្រៀមទប់ស្កាត់គ្រប់ពេលវេលា ចំពោះការងើបឡើងវិញនៃជំងឺកូវីដ-១៩៕