(កំពង់ស្ពឺ)៖ លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានស្នើដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ អាជ្ញាធរមូលដ្ឋាន និងគ្រួសារដែលមានជីវភាពប្រសើរទាំងអស់ សូមយោគយល់ដល់គ្រួសារក្រីក្រពិតប្រាកដ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលនាកំឡុងពេលនៃវិបត្តិកូវីដ-១៩។
ការថ្លែងបែបនេះរបស់លោក ឆាយ ថន ធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំសង្កាត់ និងគ្រួសារក្រីក្រចំនួន ៣ខេត្ត រួមមាន៖ ខេត្តកែប ខេត្តតាកែវ និងខេត្តកំពង់ស្ពឺ នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ ដែលមានការចូលរួមពីលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប មន្ទីរផែនការខេត្តកែប ខេត្តតាកែវ ខេត្តកំពង់ស្ពឺ និងអាជ្ញាធរមូលដ្ឋានខេត្តពាក់ព័ន្ធអញ្ជើញចូលរួមផងដែរ។
លោកបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងរយៈពេលប្រមាណជាង២០ឆ្នាំចុងក្រោយនេះ បាននាំនាវាកម្ពុជាឈានមកនូវភាពរីកចម្រើន ស្មើមុខស្មើមាត់លើឆាកអន្តរជាតិបានជំរុញឱ្យមានកំណើនសេដ្ឋកិច្ចកើនក្នុងរង្វង់ ៧% ជារៀងរាល់ឆ្នាំ ហើយតាមរយៈកំណើនសេដ្ឋកិច្ចនេះ រាជរដ្ឋាភិបាលបានបែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ចនេះ កាត់បន្ថយភាពក្រីក្របានមកត្រឹម ១៣.៥% ក្នុងឆ្នាំ២០១៤ និងបន្តធ្លាក់ចុះជាង ១% ជារៀងរាល់ឆ្នាំ បន្តកាត់បន្ថយនូវវិសមភាពសង្គម បន្តធានារក្សានូវចីរភាពបរិស្ថានធម្មជាតិ ក្នុងគោលដៅពង្រឹងនូវសន្តិភាពដ៏មានតម្លៃរបស់ជាតិ ប្រជាជនកម្ពុជា។
លោកបានបន្តថា ដោយសារវិបត្តិនៃការរីករាលដាលជំងឺកូវីដ១៩នេះ បានធ្វើឱ្យសេដ្ឋកិច្ចរបស់ពិភពលោក រួមនឹងកម្ពុជាត្រូវបានធ្លាក់ចុះ ប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ច ជាពិសេសប្រជាជនក្រីក្រតែម្តង។ ដោយមើលឃើញពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ សម្តេចតេជោ ហ៊ុន សែន លោកបានប្រកាសឱ្យដំណើរការកម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាលជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ដែលគិតមកដល់ពេលនេះអនុវត្តការបើកប្រាក់បានចំនួន ៣លើក រួចមកហើយដែលមានគ្រួសារក្រីក្រសរុបប្រមាណ ៦៧ម៉ឺនគ្រួសារ ស្មើនឹងប្រជាជនសរុបចំនួនប្រមាណ ២លាន៧សែននាក់ ទទួលបានប្រាក់ឧបត្ថម្ភ ហើយក្នុងនោះយើងក៏បានដកបណ្ណសមធម៌ដែលមានភាពមិនប្រក្រតី និងគ្រួសារដែលមានជីវភាពប្រសើរឡើងបានចំនួនប្រមាណជាង ១ម៉ឺន១ពាន់គ្រួសារ ផងដែរ។
លោកបានបន្ថែមទៀតថា ដើម្បីឱ្យកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ បានទៅដល់ដៃប្រជាជនគ្រួសារក្រីក្រពិតប្រាកដ លោកបានឱ្យក្រុមប្រឹក្សាប្រឹក្សាឃុំ-សង្កាត់ មេភូមិ និងអ្នកមានចំណែកពាក់ព័ន្ធ មេត្តាធ្វើយ៉ាងកំណត់អត្តសញ្ញាណគ្រួសារក្រីក្រឱ្យច្បាស់លាស់ហ្មត់ចត់ រួមនឹងការដកបណ្ណសមធម៌ពីគ្រួសារដែលមានជីវភាពប្រសើរឡើងមកវិញ ជាពិសេសសូមជួយស្វែងរកប្រជាជនគ្រួសារក្រីក្រដែលពិតប្រាកដ ដោយមិនគិតហេតុផលនយោបាយ ឬហេតុផលណាមួយ ដើម្បីធានាថាមិនទុកអ្នកណាម្នាក់ចោល ដោយអត់បាយ ស្របតាមទឹកចិត្ត និងអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។
ក្នុងនេះផងដែរ លោកក៏បានស្នើដល់ប្រជាជនគ្រួសារដែលមានជីវភាពប្រសើរទូទាំងប្រទេស សូមមេត្តាជួយដល់រាជរដ្ឋាភិបាល៖ ទី១ សូមមេត្តាកុំព្យាយាមបំបែកគ្រួសារ យកឱពុក ម្តាយជាចាស់ជរាចេញពីបន្ទុក ដើម្បីទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាល ខណៈពេលដែលកូនមានជីវភាពគ្រាន់បើ អាចមានលទ្ធភាពចិញ្ចឹមបីបាច់ថែរក្សាឱពុកម្តាយបាននៅឡើយ ទី២ សូមមេត្តាយោគយល់ដល់គ្រួសារក្រីក្រពិតប្រាកដដែលបានទទួលប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល កុំច្រណែនគាត់ និងសូមជួយអបអរសាទរគ្រួសារក្រីក្រទាំងនោះ គឺវាពិតជាបានចូលរួមចំណែកយ៉ាងធំក្នុងការកសាងប្រទេសជាតិ។
ក្នុងដំណើរបេសកកម្មចុះសំណេះសំណាល និងសាកសួរសុខទុក្ខ ក៏ដូចជាស្វែងយល់ពីជីវិត និងអារម្មណ៍ពិតរបស់ប្រជាជនគ្រួសារក្រីក្រ លោកបានចុះសម្ភាសន៍ផ្ទាល់ដល់លំនៅដ្ឋាន រួមនឹងការផ្តល់ប្រាក់ឧបត្ថម្ភ រួមនឹងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ជូនដល់ពួកគាត់ ក្នុងឃុំមួយចំនួនក្នុងស្រុកចំនួនបីរួមមាន៖ ស្រុកដំណាក់ចង្អើរ ខេត្តកែប, ស្រុកត្រាំកក់ ខេត្តតាកែវ និងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ៕