(ភ្នំពេញ)៖ វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសាលាជាតិរដ្ឋបាលមូលដ្ឋាន នៃក្រសួងមហាផ្ទៃ បានចុះអនុស្សារណៈនៃការយោគយល់គ្នា (MoU) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការអប់រំលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជូនដល់មន្ត្រីរាជការ។
ពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នានេះ ធ្វើឡើងនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាពក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក កុល វីរក្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
ថ្លែងក្នុងពិធីនោះ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប បានបញ្ជាក់ថា ការចុះអនុស្សរណៈយោគយល់គ្នានេះ បង្ហាញពីការយកចិត្តទុកដាក់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ ក្នុងការលើកកម្ពស់ការកសាង និងអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ សម្រាប់អនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកម្មវិធីកែទម្រង់គន្លឹះៗដទៃទៀត ស្របតាមចក្ខុវិស័យរាជរដ្ឋាភិបាលដែលចាត់ទុកថា ការកែទម្រង់ជាឧបករណ៍គោលនយោបាយគន្លឹះសម្រាប់ដោះស្រាយបញ្ហាប្រឈម និង បង្កើតកាលានុវត្តភាពថ្មីឆ្ពោះទៅមុខបន្តទៀត។
លោកបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់បន្ថែមថា ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដាក់ឱ្យអនុវត្តជាផ្លូវការកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០០៤ បានធ្វើឱ្យកម្ពុជាសម្រេចបានជោគជ័យត្រចះត្រចង់ក្នុងការបិទបញ្ចប់ជាស្ថាពរនូវបំណុលសាច់ប្រាក់រ៉ាំរ៉ៃ និងបង្កើតអតិរេកសាច់ប្រាក់ជាមូលដ្ឋានក្នុងការបង្កើនការវិនិយោគសាធារណៈលើវិស័យអាទិភាពសំខាន់ៗដូចជា វិស័យអប់រំ និងវិស័យសុខាភិបាល ព្រមទាំងអាចបង្កើនប្រាក់បៀវត្យជូនគ្រូបង្រៀន គ្រូពេទ្យ មន្រ្តីរាជការសាធារណៈ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទបានជាបន្តបន្ទាប់។
លោកបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់ថា ផ្អែកតាមការវាយតម្លៃ និងបទពិសោធន៍អន្តរជាតិ ដើម្បីសម្រេចជោគជ័យលើការងារកែទម្រង់បែបនេះ គឺអាស្រ័យទៅនឹងសមត្ថភាពធនធានមនុស្ស និងការចូលរួមសហការអនុវត្តប្រកបដោយបុរេសកម្មក្នុងភាពជាម្ចាស់ និងឆន្ទៈមុតមាំពីគ្រប់ក្រសួងស្ថានប័ន ព្រោះថា វិសាលភាពនៃការកែទម្រង់មានលក្ខណៈទូលំទូលាយ និងស្មុគស្មាញ ហើយមានភាពប្រទាក់ក្រឡាស៊ីជម្រៅទៅនឹងកម្មវិធីកែទម្រង់គន្លឹះដទៃទៀតរបស់រាជរដ្ឋាភិបាល។ ក្នុងន័យនេះ ការកសាង និងអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការលើជំនាញពាក់ព័ន្ធទៅតាមដំណាក់កាលនៃការងារកែទម្រង់ គឺជាការងារចាំបាច់ដែលគ្រប់ក្រសួងស្ថាប័នត្រូវបន្តយកចិត្តទុកដាក់ខ្ពស់។
លោកបណ្ឌិតសភាចារ្យ បានវាយតម្លៃខ្ពស់ចំពោះវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានសហការជាមួយដៃគូជាតិ អន្តរជាតិ និង អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីរៀបចំនិងអនុវត្តការបណ្តុះបណ្តាលជូនថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ដែលបានឆ្លើយតបដោយជោគជ័យទៅនឹងតម្រូវការនៃការអនុវត្តការងារកែទម្រង់ការគ្រប់គ្រហិរញ្ញវត្ថុសាធារណៈនាពេលកន្លងមក ។
លោកបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក កុល វីរក្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានកោតសរសើរចំពោះវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង សាលាជាតិរដ្ឋបាលមូលដ្ឋាន នៃក្រសួងមហាផ្ទៃ ដែលបានសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការរៀបចំឱ្យមានព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះ ដោយបានគាំទ្រ និងលើកទឹកចិត្តដល់ស្ថាប័នបណ្តុះបណ្ដាលទាំងពីរ ឱ្យបន្តកិច្ចសហការកាន់តែស្អិតរមួតសំដៅជំរុញការអនុវត្តការងារកសាង និងអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឱ្យទទួលបានជោគជ័យប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា៕