(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុនរដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំមួយចំនួន ក្នុងក្របខ័ណ្ឌអាស៊ាន។ កិច្ចប្រជុំក្របខ័ណ្ឌអាស៊ាននេះ រៀបចំឡើង តាមប្រព័ន្ធវីដេអូ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០។
ការចូលរួមកិច្ចប្រជុំនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក ផាម ប៊ិញមិញ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងនោះមានកិច្ចប្រជុំដូចខាងក្រោម៖
* កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៣
* កិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ
* កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី២៧
* កិច្ចប្រជុំពិសេសនៃក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ស្តីពីការអភិវឌ្ឍក្នុងអនុតំបន់
* កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានបូកបីលើកទី២១
* កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ី-បូព៌ាលើកទី១០
* ជំនួបរវាងរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស
* កិច្ចសន្ទនារដ្ឋមន្រ្តីការបរទេសអាស៊ាន ស្តីពីការពង្រឹងតួនាទីរបស់ស្ត្រីសម្រាប់សន្តិភាព និង សន្តិសុខប្រកបដោយចីរភាព ក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៣
* កិច្ចប្រជុំវេទិកាតំបន់អាស៊ានលើកទី២៧ និង
* សន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយដៃគូសន្ទនាទាំង១០ របស់អាស៊ាន។
ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៣ និងកិច្ចប្រជុំពាក់ព័ន្ធ ពិនិត្យមើលឡើងវិញផែនការលំអិតរបស់អាស៊ាន និងការអនុវត្តធម្មនុញ្ញអាស៊ាន ផ្តោតការយកចិត្តទុកដាក់ទៅលើវិធី និងមធ្យោបាយនានា ដើម្បីសម្រេចបាននូវការកសាងសហគមន៍អាស៊ាន និងអនុសាសន៍នានា សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ និងលើកកម្ពស់បន្ថែមទៀតនូវឯកភាព និងសាមគ្គីភាព ភាពរឹងមាំ សមាហរណកម្មនិងការតភ្ជាប់ក្នុងរង្វង់អាស៊ាន ព្រមទាំងការធ្វើទំនាក់ទំនង ជាមួយសហគមន៍ពិភពលោក។ កិច្ចប្រជុំក៏ពិភាក្សាផងដែរអំពីផលប៉ះពាល់លើសង្គម-សេដ្ឋកិច្ចដោយសារជំងឺកូវីដ-១៩ និងផែនការស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន៕