(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ គន់ គីម អតីតភាពជាស្ថាបនិកទីបញ្ជាការដ្ឋានអង្គរក្ស និងជាបេសកជនពិសេសរបស់រាជរដ្ឋាភិបាល បានសម្តែងការអបអរសាទរ ចំពោះជោគជ័យ និងការសម្រេចបានសមិទ្ធផលដ៏ឧត្តុង្គឧត្តម និងត្រជះត្រចង់សម្រាប់បុព្វហេតុសង្គមជាតិ និងការរក្សាសុខសុវត្ថិភាពជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងរយៈពេលប្រមាណ ៣០ឆ្នាំកន្លងទៅនេះ។
បញ្ជាការដ្ឋានអង្គរក្ស ដែលមាននាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង ជាមេបញ្ជាការនាពេលបច្ចុប្បន្ន នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០នេះ បានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍គម្រប់ខួប ៣០ឆ្នាំ នៃថ្ងៃប្រកាសបង្កើតកងវរសេនាតូចលេខ ២៤៦ (២៤ មិថុនា ១៩៩០ -២៤ មិថុនា ២០២នប០) និងខួបអនុស្សាវរីយ៍គម្រប់១១ឆ្នាំ ថ្ងៃប្រកាសបង្កើតបញ្ជាការដ្ឋានអង្គរក្ស (០៤ កញ្ញា ២០០៩ -០៤ កញ្ញា ២០២០)។
ក្នុងពិធីដែលបានរៀបចំធ្វើឡើងយ៉ាងអធឹកអធមក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានគូសរំលេចនូវស្នាដៃជាច្រើនរបស់ទីបញ្ជាការដ្ឋានអង្គរក្ស ដែលសម្រេចបានក្នុងបុព្វហេតុសង្គមជាតិ។ ជាពិសេសការប្រកាន់ជំហរប្តូរផ្តាច់ក្នុងការរក្សាឱ្យបាននូវសុខសន្តិភាព ស្ថេរភាពសង្គម និងការរក្សាឱ្យបាននូវសុខសុវត្ថិភាពជូនសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល។
ក្រៅតែពីសកម្មភាពក្នុងការចូលរួមការពារបូរណភាពទឹកដី និងរក្សាសុខសុវត្ថិភាពជូនប្រមុខរាជរដ្ឋាភិបាលហើយនោះ ក្នុងរយៈពេលប្រមាណ ៣០ឆ្នាំមកនេះ ទីបញ្ជាការដ្ឋានអង្គរក្ស ក៏បានចូលរួមក្នុងសកម្មភាពមនុស្សធម៌ជាច្រើនរួមមានទាំងសកម្មភាពសង្គ្រោះគ្រោះមហន្តរាយផ្សេងៗផងដែរ។
នាយឧត្តមសេនីយ៍ គន់ គីម ស្ថាបនិកមួយរូបនៃទីបញ្ជាការដ្ឋានអង្គរក្សក្នុងខួបអនុស្សាវរីយ៍៣០ឆ្នាំនេះ បានបង្ហាញក្តីនឹករលឹកដល់ស្នាមអនុស្សាវរីយ៍ជាច្រើនជាមួយសហសេវិក និងយុទ្ធមិត្តទាំងអស់ ដែលបានរួមគ្នាធ្វើពលិកម្មយ៉ាងស្វិតស្វាញ និងអង់អាចក្លាហានជាទីបំផុត ដើម្បីបុព្វហេតុស្ថេរភាព និងសុខសន្តិភាពជូនសង្គមជាតិ និងប្រជាជនកម្ពុជា។ ជាពិសេសការការពារឱ្យបាននូវរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ពីក្រុមមនុស្សចិត្តពិសពុល។
ក្រៅពីរំលឹកដល់អនុស្សាវរីយ៍ផ្អែមល្ហែមជាច្រើនជាមួយសហវិក និងយុទ្ធមិត្តហើយនោះ នាយឧត្តមសេនីយ៍ គន់ គីម ក៏បានបង្ហាញការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលរបស់ទីបញ្ជាការដ្ឋានអង្គរក្សដឹកនាំដោយនាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង ដែលបានប្រឹងប្រែងអស់កម្លាំងកាយចិត្តក្នុងការបម្រើជាតិ មាតុភូមិ និងសកម្មភាពមនុស្សធម៌ទាំងឡាយ។ ជាពិសេសការប្តូរផ្តាច់ចិត្តយ៉ាងមុះមុតបំផុតដោយឥតរុញរាគ្រប់កាលៈទេសៈទាំងអស់ ក្នុងការរក្សសុខសុវត្ថិភាពជូនសម្តេចតេជោប្រមុខរាជរដ្ឋាភិបាល និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
នាយឧត្តមសេនីយ៍ គន់ គីម បានសង្កត់ធ្ងន់ថា ពលិកម្មរបស់កងអង្គរក្សគ្រប់រូប បានរួមចំណែកធំធេងណាស់ សម្រាប់សុខសន្តិភាពរបស់សង្គមជាតិ និងធ្វើឱ្យប្រជាពលរដ្ឋខ្មែររស់នៅក្នុងសេចក្តីសុខដុមរមនា។
ក្នុងឱកាសអបអរសាទរខួប៣០ឆ្នាំនេះ នាយឧត្តមសេនីយ៍ គន់ គីម បានបួងសួង និងប្រសិទ្ធពរជ័យជូនបញ្ជាការដ្ឋានអង្គរក្សទទួលបានជោគជ័យត្រជះត្រចង់បន្តទៀតលើបេសកកម្មការងារ និងភារកិច្ចរបស់ខ្លួន៕