(ភ្នំពេញ)៖ គណៈកម្មការសាងសង់ផ្លូវទាំង៣៨ខ្សែក្នុងក្រុងសៀមរាប ដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់ផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប បានជួបប្រជុំគ្នាជាលើកដំបូងនៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។
កិច្ចប្រជុំជាលើកដំបូងរបស់គណៈកម្មការសាងសង់ផ្លូវក្នុងក្រុងសៀមរាបនេះ ក៏មានការអញ្ជើញចូលរួមពីលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអនុប្រធានគណៈកម្មការ, លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ ព្រមទាំងសមាជិក សមាជិកា ពាក់ព័ន្ធដទៃទៀត។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ថ្មី បានប្រកាសទម្លាក់កញ្ចប់ថវិកាជាតិចន្លោះពី ១០០ ទៅ ១៥០លានដុល្លារអាមេរិក ដើម្បីសាងសង់ និងកែលម្អផ្លូវចំនួន ៣៨ខ្សែ នៅទីរួមខេត្តសៀមរាប។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការសម្រេចសាងសង់ផ្លូវទាំង ៣៨ខ្សែនៅទីរួមខេត្តសៀមរាបនេះ មិនត្រឹមតែជាការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងសៀមរាប ដែលជាទីក្រុងទេសចរណ៍ដ៏ល្បាញល្បីរបស់កម្ពុជាប៉ុណ្ណោះទេ តែក៏ជាការរួមចំណែកផ្តល់ការងារជូនប្រជាពលរដ្ឋក្នុងកំលុងពេលជួបវិបត្តិកូវីដ១៩នេះផងដែរ។
ការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយ មិនធ្លាប់មានពីមុនមកសម្រាប់ខេត្តសៀមរាប។ ការសម្រេចនេះ ជាការបង្ហាញឱ្យឃើញនូវការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល ក្នុងការប្រែក្លាយទីក្រុងវប្បធម៌ប្រវត្តិសាស្ត្រ ដ៏សម្បូរបែបមួយនេះ ឲ្យកាន់តែមានភាពទាក់ទាញដល់ភ្ញៀវទេសចរ និងការវិនិយោគបន្ថែមទៀត ស្របទៅនឹងគោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល។
សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី ប្រធានអង្គប្រជុំ បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានសម្រេចផ្តល់ថវិកាជាតិ ដល់ការកែលម្អហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន នៅក្នុងក្រុងសៀមរាប ព្រមទាំងបានផ្តល់ទំនុកចិត្តដល់សម្តេចក្នុងការដឹកនាំគម្រោងនេះដោយផ្ទាល់ ដោយមានការចូលរួមជ្រោមជ្រែងពីក្រសួងជំនាញ រួមមានក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងទៀត។
ការស្ថាបនាផ្លូវក្នុងក្រុងសៀមរាប បើទោះមិនស្ថិតក្នុងដែនសមត្ថកិច្ចរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនយ៉ាងណាក្តី លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្រេចចិត្តលូកដៃសិក្សា និងរៀបចំគម្រោងក្នុងការកែលំអរផ្លូវក្នុងក្រុងសៀមរាប ដើម្បីជួយលើកកម្ពស់សម្រស់សោភ័ណភាពក្នុងខេត្តទេសចរណ៍វប្បធម៌ដ៏ល្បាញល្បីរបស់កម្ពុជា។
ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្ដែងនូវមោទនភាពជាអនេកដែលសម្តេចតេជោ បានទទួលយកគម្រោងសិក្សារបស់លោក និងបញ្ចេញកញ្ចប់ថវិកាក្នុងចំនួនទឹកប្រាក់យ៉ាងច្រើន ក្នុងស្ថានភាពកម្ពុជាក៏ដូចជាពិភពលោក កំពុងប្រឈមនឹងជំងឺកូវីដ១៩ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែនៅក្នុងក្រុងសៀមរាប សំដៅកែប្រែមុខមាត់ថ្មី នៃទឹកដីអង្គរ ឱ្យកាន់តែមានភាពស្រស់បំព្រង និងកាន់តែមានភាពទាក់ទាញ។
លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែលគម្រោងនេះត្រូវបានដឹកនាំផ្ទាល់ដោយសម្តេចពិជ័យសេនា ទៀ បាញ់ និងមានការចូលរួម ជ្រោមជ្រែងពីសំណាក់លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា តាមការសម្រេចដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោនាយករដ្ឋមន្ត្រី។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានប្ដេជ្ញាយ៉ាងមុតមាំថា នឹងខិតខំប្រឹងប្រែងអនុវត្តគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្នុងទីក្រុងសៀមរាប ឱ្យទទួលបានជោគជ័យតាមការគ្រោងទុក ដោយសហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មការអន្តរក្រសួង ព្រមទាំងអាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធផងដែរ។
លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តល់អនុសាសន៍ដ៏មានសារសំខាន់ មួយចំនួនរួមមាន៖ ការស្នើឱ្យមានការពិនិត្យឱ្យបានលម្អិតលើលក្ខណៈបច្ចេកទេសសាងសង់, គោរពតាមប្លង់គោលប្រើប្រាស់ដីក្រុងសៀមរាប ចក្ខុវិស័យឆ្នាំ២០៣៥ របស់គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីកម្មថ្នាក់ជាតិ, ការសិក្សាឱ្យបានសព្វជ្រុងជ្រោយលើតម្រូវការ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក្នុងក្រុងសៀមរាបទាំងមូលធ្វើជាផែនការមេ ការសាងសង់ផ្លូវដែលមានលក្ខណៈតភ្ជាប់ពីចំណុចចាប់ផ្តើមដល់ចំណុចគោលដៅនីមួយៗ, ការជ្រើសរើសប្រតិបត្តិករសម្រាប់ការសាងសង់ដែលមានបទពិសោធន៍ សម្រាប់ការអនុវត្តការងារសាងសង់ មានគ្រឿងចក្រគ្រប់គ្រាន់ និងមានទំនួលខុសត្រូវការងារខ្ពស់, ការសម្របសម្រួលឯកសារគម្រោង, ការគ្រប់គ្រងការដ្ឋានសាងសង់ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍, ការកំណត់រយៈពេលសាងសង់ពី១២ ទៅ ១៤ខែ និងការត្រៀមរៀបចំដើម្បីបើកការដ្ឋានជាផ្លូវការ នាពេលឆាប់ៗខាងមុខនេះ ជាដើម។
លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានគូសបញ្ជាក់ដែរថា គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែនេះ គឺជាការបញ្ជាក់ឱ្យឃើញពីការខិតខំប្រឹងប្រែងពុះពារឧបសគ្គ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទោះបីជាកម្ពុជាកំពុងស្ថិតក្នុងស្ថានភាពប្រឈមនឹងជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ។
សម្ដេចពិជ័យសេនាឧបនាយករដ្ឋមន្ត្រី បានណែនាំឱ្យក្រុមការងារបច្ចេកទេសនៃក្រសួងទាំងពីរ ចុះពិនិត្យ សិក្សា និងធ្វើការវាយតម្លៃ បញ្ជាក់ឱ្យបានល្អិតល្អន់ លើស្ថានភាពជាក់ស្តែងផ្លូវទាំង ៣៨ខ្សែ ដែលបានស្នើឡើងនេះ ដើម្បីឈានទៅរកការ ឯកភាពគ្នា ក្នុងកម្រិតបច្ចេកទេសរួមមួយ ដែលអាចធានា នូវការសាងសង់ផ្លូវប្រកបដោយគុណភាពខ្ពស់ និងមាននិរន្តរភាពយូរអង្វែង។
អង្គប្រជុំបានសម្រេចឯកភាពគ្នាថា ប្លង់នៃការសិក្សាលម្អិត និងផែនការនៃការអនុវត្តគម្រោងនេះ នឹងត្រូវបង្ហាញជូន ក្នុងកិច្ចប្រជុំ គណៈកម្មការអន្ដរក្រសួងដើម្បីសិក្សា និងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ ដែលគ្រោងនឹងធ្វើឡើងនៅក្រុងសៀមរាប នាថ្ងៃទី២៣ ខែកញ្ញា ខាងមុខនេះ៕