(ភ្នំពេញ)៖ រយៈពេល៨ខែ ឆ្នាំ២០២០ ចាប់ថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៧,០២៥ករណី ដោយឃាត់ខ្លួនជនសង្ស័យចំនួន ១៤,០៣៨នាក់ (ស្រី៨៨១នាក់) ក្នុងនោះមានជនបរទេស ២០១នាក់ (ស្រី២៥នាក់)។ នេះបើតាមរបាយការណ៍ការបង្ក្រាបបទល្មើសគ្រឿង នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ។
ករណីបង្ក្រាបបទល្មើសគ្រឿងញៀននេះ ត្រូវបានញែកជាផ្នែក ក្នុងនោះរួមមាន៖ ករណីជួញដូរ រក្សាទុក កែឆ្នៃ ចាត់ចែង និងដាំដុះ មាន៤,៥៤៥ករណី ដោយឃាត់ខ្លួន ៨,៤៨៥នាក់ (ស្រី៦៧៣នាក់) និងករណីប្រើប្រាស់ ២,៤៨០ករណី ឃាត់ខ្លួន៥,៥៥៣នាក់ (ស្រី ២០៨នាក់)។ ចំណែចអនុវត្ដដីកាតុលាការ ឃាត់ខ្លួន ៣១០នាក់ (ស្រី៧នាក់)។
ការបង្ក្រាបរយៈពេល៨ខែ ឆ្នាំ២០២០នេះ សមត្ថកិច្ចរឹបអូសថ្នាំញៀនគ្រប់ប្រភេទជាង៦៨៧គីឡូក្រាម និង៧៨៧កញ្ចប់តូច, កញ្ឆាជាង២៨៦គីឡូក្រាម និង១៩,២៩២ដើម។ សម្ភារចាប់យកមានរថយន្ដ ៨៧គ្រឿង ម៉ូតូ ១៧,៧៧៧គ្រឿង ទូរស័ព្ទ ៥,០៦៨គ្រឿង ជញ្ជីង ៣២៤គ្រឿង អាវុធខ្លី១៧ដើម អាវុធវែង ១៧ដើម, បង្កកផ្ទះ២កន្លែង ដីផ្ទះ២កន្លែង ខុនដូ១កន្លែង ឃ្លាំង១កន្លែង និងគណនីធនាគារចំនួន៣ មានទឹកប្រាក់២ម៉ឺនដុល្លារ៕