(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា បរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ក្នុងរយៈពេល៨ខែ (មករា-សីហា) ឆ្នាំ២០២០នេះ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានវិភាគទានសរុបចំនួន១៥,៩៤៩,៤៧៤ដុល្លារអាមេរិក។
លោកបានបញ្ជាក់ថា ឥទ្ធិពលនៃជំងឺកូវីដ-១៩ បានធ្វើឲ្យថវិកាវិភាគទាននៅរយៈពេល៨ខែ ឆ្នាំ២០២០នេះ ថមថយបន្តិចបើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៩។
ការលើកឡើងយ៉ាងដូច្នេះរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក្នុងឱកាសបានទទួលជួប និងសម្តែងការស្វាគមន៍ចំពោះលោក Markus Buerli នា ឱកាសដែលលោកទើបត្រូវបានតែងតំាងជាប្រធានទីភ្នាក់ងារសម្រាប់កិច្ចអភិវឌ្ឍន៍ និងសហប្រតិបត្តិការស្វីសប្រចាំកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា «នេះជាឆ្នាំទី៣ របស់មូលនិធិគន្ធបុប្ផាកម្ពុជា បានបង្កើតទ្បើង។ ក្នុងរយៈពេល៨ ខែ (មករា-សីហា) ឆ្នាំ ២០២០ នេះ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានវិភាគទានសរុបចំនួន ១៥ ៩៤៩ ៤៧៤ ដុល្លារអាមេរិក (រួមទាំងថវិកាដែល បរិច្ចាគផ្ទាល់នៅមន្ទីរពេទ្យ) គឺមានការថមថយបន្តិចបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ ដោយសារ តែឥទ្ធិពលនៃជំងឺកូវីដ-១៩»។
លោក Markus Buerli បានកោតសរសើរអំពីវិធានការ ដែលដាក់ចេញដោយ រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ និងបានទទួលស្គាល់ថា មូលនិធិគន្ធបុប្ផាកម្ពុជា បានដើរតួនាទីយ៉ាង សំខាន់ក្នុងការចូលរួមចំណែកផ្តល់ហិរញ្ញប្បទាន ដើម្បីរក្សាចីរភាពនៃកិច្ចដំណើរការមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា។
បន្ថែមលើនេះ, លោក Markus Buerli ក៏បានជម្រាបជូនថា ក្រៅពីការបន្តជួយឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ នេះ រដ្ឋាភិបាលស្វីសបានអនុម័តថវិកាបន្ថែមទៀតចំនួន២.៥ លានដុល្លារអាមេរិកដល់កម្ពុជា ដោយផ្តោតលើការអនុវត្តកម្មវិធីដូចជា ការបណ្តុះបណ្តាលជំនាញសម្រាប់រយៈពេលខ្លី, ការអភិវឌ្ឍវិស័យកសិកម្ម និងការដាំដុះតាមផ្ទះជាដើម៕