(ឧត្តរមានជ័យ)៖ ដើម្បីសុខភាពប្រជាពលរដ្ឋ ក៏ដូចជាសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាមានការណែនាំពីលោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) មន្រ្តី ក.ប.ប. ខេត្តឧត្តរមានជ័យ មានលោក លិញ សុវឌ្ឍនា ប្រធានសាខា ដោយទទួលបានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត បានបន្តចុះត្រួតពិនិត្យគុណភាព និងស្លាកសញ្ញាជាអក្សរខ្មែរ លើផលិតផលម្សៅទឹកដោះគោ នៅតាមម៉ាត ហាងលក់ ឱសថស្ថាន និងទីតាំងលក់នានា ស្ថិតនៅក្រុងសំរោង ខេត្តឧត្តរមានជ័យ។ សកម្មភាពចុះត្រួតពិនិត្យ បានធ្វើឡើងនៅថ្ងៃពុធ ទី០៩ ខែកញ្ញា ឆ្នាំ២០២០។
លោក លិញ សុវឌ្ឍនា បានឲ្យដឹងថា គោលដៅសំខាន់ នៃការត្រួតពិនិត្យគឺដើម្បីស្រាវជ្រាវ តាមដាន និងមានវិធានការ ចំពោះផលិតផលម្សៅទឹកដោះគោ ដែលមិនមានអនុលោមភាព អំពីស្លាកសញ្ញា ស្របតាមអនុក្រឹត្យ១៣៣ ស្ដីពីការផ្សព្វផ្សាយលក់ផលិតផល សម្រាប់ចិញ្ចឹមទារក និងកុមារ និងសេចក្ដីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម លេខ ២៣៨៣ ពណ.អ.កបប ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ និងសេចក្ដីជូនដំណឹងលេខ ២៧៣៣ ពណ.អ.កបប ចុះថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ ស្ដីពីការដាក់ចេញវិធានការ ចំពោះផលិតផលម្សៅទឹកដោះគោ សម្រាប់ចិញ្ចឹមទារក និងកុមារម៉ាក Nutrilatt ដែលមានលេខកូជ ៤៨៧, ៤៨៨, ៥៣៦, ៥៣៧, ៥៣៨, ៥៣៩។
លោកប្រធានសាខា បានឲ្យដឹងបន្តថា ជាលទ្ធផលមន្រ្តីជំនាញ បានរកឃើញភាព មិនប្រក្រតីមួយចំនួន ដូចជា៖
* ម្សៅទឹកដោះគោនូទ្រីលែត (Nutrilatt) ស្ថិតក្នុងលេខកូជផ្សេង ចំនួនសរុប ៥កំប៉ុង
* ម្សៅទឹកដោះគោម៉ាកផ្សេងៗ មិនមានបិទព័ត៌មានបន្ថែម ជាភាសាខ្មែរ លើសម្បកវេចខ្ចប់ ស្របតាមខ្លឹមសារ នៃអនុក្រឹត្យលេខ១៣៣ ចំនួន ៣០៣កំប៉ុង។
បន្ទាប់មកមន្ត្រីសាខា ក.ប.ប. បានធ្វើកំណត់ហេតុ ឲ្យបញ្ឈប់ការដាក់ តាំងលក់បណ្ដោះអាសន្ន។
ជាមួយគ្នានោះ មន្រ្តីជំនាញរបស់លោក បានផ្សព្វផ្សាយ ដល់អាជីវករ គ្មានអ្វីប្រសើរជាងការបំបៅកូន ដោយទឹកដោះម្តាយ តែមួយមុខគត់រហូតដល់៦ខែ ក៏បានធ្វើការណែនាំ ដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ចៀសវាងបង្កផលប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕