(ព្រៃវែង)៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានជំរុញដល់ក្រុមហ៊ុនទទួលម៉ៅការសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ កម្ពុជា-វៀតណាម ពន្លឿននូវការសាងសង់នេះឱ្យឆាប់រួចរាល់ ព្រោះការសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅក្នុងឆ្នាំ២០២០នេះហើយ។
ការជំរុញបែបនេះ របស់នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានធ្វើឡើងនាក្នុងឱកាសដែលនាយឧត្តមសេនីយ៍ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះពិនិត្យមើលការសាងសង់នូវអគារច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ កម្ពុជា-វៀតណាម ស្ថិតនៅក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០។
បើតាមមន្ត្រីនគរបាលអន្តោប្រវេសន៍ ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ បានឱ្យដឹងថា នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អញ្ជើញចុះមកនេះ គឺដើម្បីពិនិត្យមើលសំណង់អគារទាំងកន្លែងធ្វើការ និងកន្លែងស្នាក់នៅ ដែលមានបំពាក់ទៅដោយម៉ាស៉ីនត្រជាក់ សម្ភារឧបករណ៍ទំនើបៗ នៅតាមបន្ទប់ការិយាល័យជំនាញធ្វើការនីមួយៗ ឱ្យមានសោភ័ណភាពល្អ។
មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ បានបញ្ជាក់បន្ថែមទៀតថា អគារនេះគឺជាអគារត្រួតពិនិត្យបែបបទ (ច្រកចេញ-ច្រកចូល ដាច់ដោយឡែកពីគ្នា) ដោយបានចាប់ផ្តើមសាងសង់ឡើងតាំងពីដើមខែមករា ឆ្នាំ២០២០ គម្រោងនឹងរួចរាល់ជាស្ថាពរ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ ហើយបានសាងសង់ប្រហែល៩០% ហើយ៕