(ឧត្តរមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ ឈុំ ខេង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៦ នៅព្រឹកថ្ងៃទី១០ ខែកញ្ញាឆ្នាំ២០២០នេះ បានដឹកនាំនាយទាហាន នាយទាហានរង ពលទាហាន និងក្រុមការងារជាច្រើនរូបទៀត នាំអំណោយជាថវិកា សម្ភារយកទៅប្រគល់ជូនបុរសម្នាក់ដែលពិការភ្នែកទាំង២ និងត្រូវប្រពន្ធរត់ចោលព្រមទាំងរស់នៅជាមួយកូនតូចម្នាក់នៅភូមិអូរត្រាច ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

នៅក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ទោ ឈុំ ខេង បានថ្លែងការអាណិតអាសូរចំពោះបុរសពិការភ្នែកទាំង២នេះ ដែលរស់នៅជាមួយកូនប្រុសតូចម្នាក់ ក្នុងស្ថានភាពលំបាកវេទនា បន្ទាប់ពីភរិយារត់ចោល ហើយថែមទាំងរស់នៅតាមសំយ៉ាបផ្ទះរបស់គេទៀតផង។

ជាមួយគ្នានេះដែរ ដើម្បីសម្រាលដល់ការខ្វះខាត និងលំបាកវេទនារបស់បុរសពិការភ្នែកទាំងសង្ខាង និងកូនប្រុសតូចនេះ លោកមេបញ្ជាការ បាននាំអំណោយយកទៅប្រគល់ជូនមាន៖ ថវិកា ១៥ម៉ឺនរៀល អង្ករ២ការ៉ុង មី១កេស ខ្រីខ២យួរ ទឹកស៊ីវអ៊ីវ១យួរ ខ្លាញ់១ដប ស្កសរ១គីឡូ ខ្ទឹមស២គីឡូ ប៊ីចេងកន្លះគីឡូ ស្បែកជើងផ្ទាត់១សម្រាប់ ក្រម៉ា១ ខោអាវ២កំប្លេ ភូយ១ ខ្នើយ២ គ្រែដេក១ សាប៊ូម្សៅ១គីឡូ ឆ្នាំងបាយ២ ចាយបាយ៥ ចានសម្ល៥ ស្លាបព្រា៥ និងធុងទឹក១ ផងដែរ។

លោកឧត្តមសេនីយ៍ទោ ឈុំ ខេង បានបញ្ជាក់ថា រូបលោក និងលោកមេភូមិអូរត្រាច រួមជាមួយក្រុមការងារនឹងរកដីមួយកន្លែង សង់ផ្ទះទេវតាជូនបុរសពិការភ្នែកទាំងសង្ខាងនេះ ធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនទៀតផង។

លោកថាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា យើងមិនត្រូវឱ្យប្រជាពលរដ្ឋណាម្នាក់រស់នៅដោយលំបាកវេទនានឹងស្លាប់ដោយអត់បាយនោះទេ៕