(ព្រៃវែង)៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានដឹកនាំមន្ត្រីក្រោមឱវាទចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន៥២គ្រួសារ មកពីឃុំចំនួន៥ឃុំ ក្នុងស្រុកស្វាយអន្ទរ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០។

ក្នុងឱកាសនោះដែរ លោក ជា សុមេធី បានថ្លែងពាំនាំការនឹករលឹកពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែគិតគូរអំពីសុខទុក្ខ របស់ប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈ គ្រប់កាលៈទេសៈ ដោយមិនប្រកាន់ពូជសាសន៍ពណ៌សម្បុរ និងនិន្នាការនយោបាយអ្វីឡើយ ដោយតែងតែគិតគូរជានិច្ចចំពោះប្រជាពលរដ្ឋដែលជួបការលំបាកចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន ជនដែលងាយរងគ្រោះ។

លោកបានបន្តថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់អាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រៃវែង តែងតែជួយឧបត្ថម្ភដល់បងប្អូនដែលជួបការលំបាកជានិច្ច នឹងមិនទុកឱ្យបងប្អូនស្លាប់ដោយ អត់អាហារនោះទេ។ ដោយឡែកចំពោះជំងឺកូវីដ-១៩ ក្នុងខេត្តព្រៃវែង បានធ្វើការផ្សព្វផ្សាយអប់រំអំពីវិធានការការពារ និងអនាម័យជូនដល់ប្រជាពលរដ្ឋជាប្រចាំ ហើយរហូតមកដល់ពេលនេះ ខេត្តព្រៃវែង មិនទាន់មានករណីអ្នកឆ្លងជំងឺកូវីដនោះនៅឡើយទេ។

លោក ជា សុមេធី ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវតែបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានជាប់ជាប្រចាំជាពិសេសនៅក្នុងរដូវកាលនៃបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះដោយត្រូវចេះការពារខ្លួន និងមានអនាម័យឱ្យបានជាប់ជានិច្ច ដើម្បីបង្ការទប់ស្កាត់កុំឱ្យមានការឆ្លងនៅក្នុងសហគមន៍។

លោកអភិបាលខេត្ត សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់គោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដើម្បីការពារបញ្ចៀសនូវគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវទីសាធារណៈណាមួយដែលអាចកើតមានឡើងជាយថាហេតុនោះ។

លោកក៏បានណែនាំដល់អាជ្ញាធរ ភូមិ ឃុំ ស្រុក ទាំងអស់ត្រូវអនុវត្តនូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសនៅក្នុងរដូវការនៃបុណ្យដាក់បិណ្ឌ ភ្ជុំបិណ្ឌនេះ ដើម្បីបញ្ចៀសនូវអំពើលួចឆក់ប្លន់នៅតាមទីវត្តអារាមជាដើម។

សម្ភារដែលលោកអភិបាលខេត្តផ្ដល់ជូននោះក្នុង១គ្រួសារ ទទួលបាន អង្ករ ២៥គីឡូក្រាម ទឹកត្រី ១យួរ ទឹកស៊ីអីវ ១យួរ ភួយ១, ខ្នើយ១, មុង១, និងថវិកា ៥០,០០០រៀល៕