(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ នៅតែបន្តឈរលើគោលជំហរដោះស្រាយដោយស្ម័គ្រចិត្តលើវិវាទដីធ្លី ដែលប្រជាពលរដ្ឋចូលរានដីអាស្រ័យផលក្នុងតំបន់ដីសិម្បទានសេដ្ឋកិច្ច ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្តល់ជាដីវិនិយោគឱ្យទៅក្រុមហ៊ុន «នុភាពសុធី» កាលនៅឆ្នាំ២០០៧ ដើម្បីអភិវឌ្ឍន៍ដី លើដំណាំកសិឧស្សាហកម្ម។
លោក សុក ហៃ អភិបាលរងខេត្តកំពង់ធំ និងជាប្រធានក្រុមការងារសម្របសម្រួលវិវាទដីធ្លី ចុះទៅបោះបង្គោលព្រំដីជូនប្រជាពលរដ្ឋ ដែលព្រមទទួលយកគោលការណ៍ ដោះស្រាយដោយស្ម័គ្រចិត្តកំពុងអាស្រ័យផលលើដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន «នុភាពសុធី»។
ក្នុងឱកាសនោះ លោកបានលើកឡើងថា ក្នុងនាមរដ្ឋបាលខេត្តកំពង់ធំ បានចុះមកធ្វើការសម្របសម្រួលជូនប្រជាពលរដ្ឋដោយផ្អែកលើកគោលការណ៍សហការ និងកិច្ចព្រមព្រៀង ដោយស្ម័គ្រចិត្តរបស់ប្រជាពលរដ្ឋដែលមានដីកំពុងអាស្រ័យផលដូចជា៖ ដំណាំដំឡូង និងខ្លះទៀតកំពុងដាំស្វាយចន្ទីរជាដើម។
ការអនុវត្តកិច្ចការនេះ ភាគីក្រុមហ៊ុនរួមជាមួយអាជ្ញាធរខេត្ត បានដាក់នូវគោលការណ៍ដោះស្រាយដោយផ្អែកលើការកាត់ដីរបស់ក្រុមហ៊ុនឱ្យទៅប្រជាពលរដ្ឋជាពីរលក្ខខណ្ឌផ្សេងគ្នារួមមានទី១៖ គោលការណ៍៥០% ស្មើរគ្នា លើដីដែលប្រជពលរដ្ឋកំពុងអាស្រ័យផលដូចជា៖ ដំណាំដំឡូង ស្រូវ និងព្រៃបុស្ស និងទី៖២ ក្រុមហ៊ុនកាត់ដីយកវិញចំនួន ៤០% នៃដីប្រជាពលរដ្ឋកំពុងអាស្រ័យផល (ទុកឱ្យប្រជាពលរដ្ឋ ៦០% នៃផ្ទៃដី) លើដំណាំស្វាយចន្ទីរ និងស្វាយជាដើម។
លោកសុក ហៃ បានបន្តថា ការឆ្វៀលដីនេះ និងរៀបចំប្រមូលប្រជាពលរដ្ឋទាំងអស់មានដីក្នុងក្រុមហ៊ុន មកដាក់នៅផ្តុំគ្នាមួយកន្លែងព្រមទាំងធ្វើការវាស់វែងចាប់ឆ្នោត ស្វែងរកក្បាលដីរបស់ខ្លួនប្រកបដោយយុទ្ធធម៌ ហើយដីនេះប្រជាពលរដ្ឋអាចអាស្រ័យផលបានជារៀងរហូតផងដែរ។
បើតាមលោក ខ្ខៅ ប៊ុនហ៊ីម អភិបាលរងស្រុកសន្ទុក លើកឡើងដែរថា ក្នុងនាមអាជ្ញាធរស្រុក នៅតែបន្តសម្របស្រួលរវាងភាគ្គីក្រុមហ៊ុន និងប្រជាពលរដ្ឋលើគោលការណ៍ទាំងពីរខាងលើដែលទទួលបានផលប្រយោជន៍ទាំងភាគីក្រុមហ៊ុន និងប្រជាពលរដ្ឋផង។
ដោយឡែក ប្រជាពលរដ្ឋជាម្ចាស់ដី បានលើកឡើងថា ការដោះស្រាយនេះ គឺពួកគាត់ព្រមទទួលយកនូវគោលការណ៍ដោយស្ម័គ្រចិត្ត មិនមានការបង្ខិតបង្ខំឡើយ។
គួរបញ្ជាក់ថា ក្រុមហ៊ុន «នុភាពសុធី» បានធ្វើការវិនិយោគលើដីនេះ ស្ថិតនៅក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ តាំងពីឆ្នាំ២០០៧មក ដែលមានទំហំដីប្រមាណជាង ៣,០០០ហិចតា ហើយបច្ចុប្បន្ននេះក្រុមហ៊ុនបានដាំដុះលើផ្ទៃប្រមាណជាង ៩០០ហិចតា លើដំណាំស្វាយចន្ទី ដំណាំស្វាយ និងដូងក្រអូបជាដើម៕