(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងប្រធានគណៈកម្មការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ស្តីពី លទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ប្រចាំឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២០។
អញ្ជើញចូលរួមក្នុងពិធីនេះមាន លោកអភិបាលរងខេត្ត ប្រធានសាលាដំបូងខេត្ត លោកព្រះអាជ្ញាអមសាលាដំបូងខេត្ត លោកស្នងការ ស្នងការរងនគរបាលខេត្ត មេបញ្ជាការប្រតិបត្តិការសឹករងខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ប្រធានមន្ទីរអង្គភាពនានាក្នុងខេត្ត និងប្រធានអង្គភាពចំណុះសាលាខេត្ត លោកអភិបាល ក្រុង-ស្រុកទាំង៨ តំណាងកងកម្លាំងទាំង៣តាមបណ្តាក្រុងស្រុក និងប៉ុស្តិ៍នគរបាល ឃុំសង្កាត់ សរុបវត្តមានចំនួន២៦៣នាក់ បានអញ្ជើញចូលរួមក្នុងឱកាសនោះផងដែរ។
លោក ឈួរ ច័ន្ទឌឿន នៅក្នុងកិច្ចប្រជុំ បានផ្ដាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនូវកិច្ចការមួយចំនួន ត្រូវបន្តផ្ដោតការយកចិត្តទុកដាក់ ចាត់តាំងអនុវត្តឲ្យបានកាន់តែខ្លាំងក្លាថែមទៀតនូវបទបញ្ជារបស់រាជរដ្ឋាភិបាលស្ដីពី ការពង្រឹងវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន គោលនយោបាយភូមិឃុំមានសុវត្ថិភាព គោលនយោបាយភូមិឃុំ សង្កាត់ «ស» គ្មានគ្រឿងញៀន ពិសេសការចាត់តាំងអនុវត្តវិធានការទាំង៥ នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ឲ្យបានម៉ឺងម៉ាត់បំផុត។
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងថា ករណីគ្រឿងញៀនគឺជារឿងឧក្រិដ្ឋកម្មមានចរិកខុសពីបទល្មើសផ្សេងៗ និងមិនអាចលើកលែងបាន។ ការប្រយុទ្ធប្រឆាំងជាមួយគ្រឿងញៀន របស់រាជរដ្ឋាភិបាលមានរយៈពេល៥ឆ្នាំមកហើយ កម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទគ្រប់ផ្នែក និងគ្រប់លំដាប់ថ្នាក់ ត្រូវប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប និងវិធានការសរុប ខិតខំសហការប្រមែប្រមូលព័ត៌មាន ភស្តុតាង កំណត់ និងក្ដាប់ឲ្យបាននូវមុខសញ្ញាពាក់ព័ន្ធ ដើម្បីទប់ស្កាត់ឲ្យបាននូវការលួចលាក់នាំចូលគ្រឿងញៀនពីខាងក្រៅ ទាំងការយកមកចែកចាយ ជួញដូរក្នុងខេត្ត និងការប៉ុនប៉ងនាំចេញឆ្លងដែនទៅប្រទេសទី៣ និងស្រាវជ្រាវបង្ក្រាបឲ្យដល់ឫសគល់កាត់ផ្តាច់ខ្សែរយៈបណ្ដាញ និងតាមចាប់មេក្លោងមកផ្ដន្ទាទោសតាមច្បាប់៕