(ភ្នំពេញ)៖ លោកស្រី អ៉ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ បានជំរុញឲ្យអ្នកពាក់ព័ន្ធ អនុវត្តផែនការមេ ស្តីពី «យេនឌ័រ និងការប្រែប្រួលអាកាសធាតុ» ឲ្យមានប្រសិទ្ធិភាព ដើម្បីជួយកាត់បន្ថយនូវហានិភ័យ។
ការជំរុញបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកស្រី អ៉ឹង កន្ថាផាវី អញ្ជើញចូលរួមក្នុងសិក្ខាសាលាបញ្ចប់របស់កញ្ចប់ គ នៃគម្រោងការបញ្ជ្រាបភាពធន់ នឹងការប្រែប្រួលអាកាសធាតុ ទៅក្នុងការរៀបចំផែនការអភិវឌ្ឍន៍ (MCRDP) ដែលរៀបចំធ្វើឡើង នាសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ។
ជាមួយគ្នានេះ ក៏មានការប្រកាសផ្សព្វផ្សាយ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវផែនការមេស្តីពី យេនឌ័រ និងការប្រែប្រួលអាកាសធាតុផងដែរ។
លោកស្រី អ៉ឹង កន្ថាផាវី បានឲ្យដឹងថា ដោយមើលឃើញពីបញ្ហាជាច្រើន ដែលស្រ្តីប្រឈមនឹងការប្រែប្រួលអាកាសធាតុ ក្រសួងកិច្ចការនារី សហការជាមួយ ធនាគារអភិវឌ្ឍន៍អាស៊ី ព្រមទាំងក្រសួង និងដៃគូពាក់ព័ន្ធនានា បានរៀបចំ នូវផែនការមេ ស្តីពី យេនឌ័រ និងការប្រែប្រួលអាកាសធាតុ។
លោកស្រីរដ្ឋមន្ដ្រី បានលើកឡើងថា ផែនការមេនេះ មានគោលបំណង បង្កើនចំណេះដឹងបន្ថែម លើដំណោះស្រាយ និងស្វែងយល់អំពីវិធានការជាយុទ្ធសាស្ត្រនានា ដល់អ្នកពាក់ព័ន្ធ ដើម្បីឆ្លើយតបទៅនឹងការបន្ស៊ាំ និងភាពធន់ ទៅនឹងការប្រែប្រួលអាកាសធាតុ ប្រកបដោយបរិយាប័ន្នយេនឌ័រ ជាពិសេស នៅក្នុងគម្រោងវិនិយោគ ដែលឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ នៅក្នុងប្រទេសកម្ពុជា។
លោកស្រី អ៉ឹង កន្ថាផាវី បានបន្ថែមទៀតថា គណៈកម្មាធិការ ដឹកនាំ និងសម្របសម្រួលការងារយេនឌ័រ និងការប្រែប្រួលអាកាសធាតុ បានដឹកនាំកិច្ចការងារ ពិគ្រោះយោបល់ ឆ្លុះបញ្ចាំង និងកែសម្រួលឯកសារផែនការមេនេះ ជាមួយស្ថាប័នពាក់ព័ន្ធ ជំនាញតាមវិស័យ មានដូចជា៖ កសិកម្ម ធនធានទឹក អភិវឌ្ឍជនបទ សុខាភិបាល និងសាធារណៈការ រួមទាំង អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងក្រុមការងារបច្ចេកទេសរបស់ ក្រសួង ស្ថាប័នពាក់ព័ន្ធ រហូតដល់ឯកសារផែនការមេនេះ ត្រូវបានអនុវត្តជាផ្លូវការ។
លើសពីនោះទៀត លោកស្រី អ៉ឹង កន្ថាផាវី បានគូសបញ្ជាក់ថា ឯកសារផែនការមេនេះ នឹងក្លាយជាឯកសារគោលសម្រាប់ក្រសួងពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងដៃគូឯកជនសម្រាប់ប្រើប្រាស់ ក្នុងការបញ្រ្ជាបយេនឌ័រ ក្នុងគោលនយោបាយ កម្មវិធី និងគម្រោងវិនិយោគបន្ស៊ាំ នឹងការប្រែប្រួលអាកាសធាតុ ក៍ដូចជាការកាត់បន្ថយគ្រោះមហន្តរាយនានា។
លោកស្រី អ៉ឹង កន្ថាផាវី ក៏សូមលើកទឹកចិត្តដល់ លោក លោកស្រី អ្នកនាង កញ្ញា ក្នុងការអនុវត្តផែនការមេ ស្តីពី យេនឌ័រ និងការប្រែប្រួលអាកាសធាតុ អោយមានប្រសិទ្ធិភាព ដើម្បីជួយកាត់បន្ថយនូវហានិភ័យដល់ ក្រុមគោលដៅដែលជា បុរស ស្ត្រី កុមារ ជនដែលមានពិការភាព ជនជាតិដើមភាគតិច និងក្រុមជនដែលងាយរងគ្រោះ ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ នៅប្រទេសកម្ពុជា៕