(ភ្នំពេញ)៖ លោកស្រី ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល តាមរយៈបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ បានប្រកាសថា ក្រសួងសុខាភិបាលកម្ពុជា សូមធ្វើការច្រានចោលទាំងស្រុងនូវការចុះផ្សាយរបស់សារព័ត៌មានវៀតណាម ដែលបានផ្សព្វផ្សាយថា មានជនជាតិវៀតណាម ០៣នាក់ បានឆ្លងជំងឺកូវីដ-១៩ ចេញពីប្រទេសកម្ពុជាជាព័ត៌មានមិនត្រឹមត្រូវទេ។ ករណីនេះគឺពួកគេអាចឆ្លងនៅប្រទេសវៀតណាមតែម្តង។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅនេះសារព័ត៌មានវៀតណាម VN Express បានចុះផ្សាយថា ជនជាតិវៀតណាមចំនួន៣នាក់ ដែលត្រឡប់មកពីកម្ពុជា កាលពីថ្ងៃទី២៥ និង២៦ ខែសីហា ឆ្នាំ២០២០ តាមច្រកម៉ុកបៃ ខេត្តតៃនិញ ត្រូវបានរកឃើញមានវីរុស COVID-19៕