(ភ្នំពេញ)៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោកស្រី ព្រមទាំងសហការីបានអញ្ជើញ ចូលរួមកាន់បិណ្ឌទី៨នៅវត្តចន្ទបុរីវង្ស ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
នៅក្នុងឱកាសថ្ងៃកាន់បិណ្ឌទី៨នេះលោក ជា ចាន់តូ និងលោកស្រី បានប្រគេនបច្ច័យទេយ្យវត្ថុ ភេសជ្ជៈ និងគ្រឿងឧបភោគ បរិភោគដល់សម្តេចព្រះវនរ័ត ណយ ច្រឹក ព្រះសង្ឃនាយករងទី៣ និងជាព្រះអនុប្រធានទី១ថេរសភា ព្រះពុទ្ធសាសនានៃកម្ពុជា និងជាព្រះចៅអធិការវត្តចន្ទ័បុរីវង្សផងដែរ។
តាមរយៈបុណ្យកុសលនៃបិណ្ឌទី៨ នេះលោកជា ចាន់តូ និងលោកស្រីបានឧទ្ទិសជូនដល់ដួងវិញ្ញាណក័្ខន្ធ លោកឪពុក និងញាតិការទាំង៧សណ្ដាន ព្រមទាំងបុព្វបុរស វរៈជន យុទ្ធជន អ្នកស្នេហាជាតិ ដែលបានធ្វើពលិកម្មដើម្បីរំដោះជាតិ ប្រជាជន ឲ្យរួចចាកផុតពីការកាប់សំលាប់ក្នុងរបបប៉ុលពត និងនាំមកនូវការបង្រួបបង្រួមជាតិ ផ្សះផ្សារជាតិ នាំមកនូវសន្តិភាព ដែលជាឱកាសដ៏មានតម្លៃដើម្បីអភិវឌ្ឍន៍លើគ្រប់វិស័យ ៕