(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសឱ្យដឹងនៅព្រឹកថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០នេះថា អ្នកជំងឺចុងក្រោយម្នាក់ ត្រូវបានព្យាបាលឱ្យជាសះស្បើយហើយ។ នេះជាការព្យាបាលជាអស់អ្នកជំងឺកូវីដ១៩ជាថ្មីម្តងទៀត ខណៈដែលខែឧសភា កម្ពុជា ធ្លាប់ព្យាបាលអស់អ្នកជំងឺរួចម្តងមកហើយ។
អ្នកជំងឺកូវីដ១៩ ចុងក្រោយគេ ដែលព្យាបាលជាសះស្បើយនេះ ជាបុរសជនជាតិឥណ្ឌូណេស៊ីអាយុ ១៨ឆ្នាំ ស្នាក់នៅភូមិ២ មិត្តភាព ខេត្តព្រះសីហនុ។ បុរសរូបនេះ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី បន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ី បានមកដល់កម្ពុជានៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុស កូវីដ-១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
រហូតមកដល់ព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ កម្ពុជារកអ្នកកើតជំងឺកូវីដ១៩ ចំនួន ២៧៤នាក់។ អ្នកជំងឺទី២៧៤ ដែលព្យាបាលជាចុងក្រោយគេនេះ គឺជាការព្យាបាលជាសះស្បើយ (១០០%) អស់អ្នកជំងឺជាលើកទី២ហើយសម្រាប់កម្ពុជា។ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ កម្ពុជា បានព្យាបាលអ្នកជំងឺឱ្យជាសះស្បើយ (១០០%) អស់ម្តងរួចមកហើយ៕