(ភ្នំពេញ)៖ ដើម្បីធានាភាពកក់ក្តៅ ផ្នែកសុវត្ថិភាព និងសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋនាឱកាសថ្ងៃភ្ជុំបិណ្ឌ រដ្ឋបាលរាជធានីភ្នំពេញ ដាក់កម្លំាងប្រចាំការ២៤ម៉ោងលើ២៤ម៉ោង តាមគោលដៅសំខាន់ៗ ដូចជាតាមទីវត្ត កន្លែងសប្បាយភាព កម្លាំងសម្រួលចរាចរណ៍នៅតាមដងផ្លូវ និងការពង្រាយកម្លំាងចុះល្បាតតាមភូមិសង្កាត់ ដើម្បីការពារសន្តិសុខបញ្ហាចោរកម្មនៅតាមមូលដ្ឋាន ខណៈដែលប្រជាពលរដ្ឋ ចេញទៅលេងស្រុកកំណើតជាដើម។
ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៥ ខែកញ្ញានេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា ការត្រៀមកម្លំាងការពារនៅតាមមូលដ្ឋាននេះ ដើម្បីធានាឲ្យប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ បានធ្វើបុណ្យប្រកបដោយភាពសប្បាយរីករាយ មិនបារម្ភពីបញ្ហាអសន្តិសុខណាមួយកើតឡើង។ លោកអភិបាលរាជធានី បានបញ្ជាក់ថា រៀងរាល់រដូវបុណ្យប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋភាគច្រើនបានចាក់សោរចោលផ្ទះ ដើម្បីទៅលេងស្រុកកំណើត ដូច្នេះបញ្ហានេះកម្លំាងសមត្ថកិច្ចត្រូវប្រយ័ត្នប្រយែងមែនទែន ក្នុងការប្រចាំការចុះល្បាតដើម្បីទប់ស្កាត់បញ្ហាចោរ គាស់ផ្ទះលួចទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ។
លោកបញ្ជាក់ថា៖ «ប្រជាជនចេញពីផ្ទះទៅស្រុក អ៉ីចឹងគាត់អត់យកផ្ទះទៅតាមទេ សម្ភារនៅផ្ទះ អាចមានចោរកម្ម។ ដូច្នេះអាជ្ញាធរខណ្ឌទំាង១៤ ត្រូវពង្រឹងកិច្ចការការពារឲ្យខាងតែបាន ដើម្បីទប់ស្កាត់អំពើចោរកម្មនេះជូន ប្រជាពលរដ្ឋ ដែលនេះជាការផ្តល់ភាពកក់ក្តៅជូនប្រជាពរដ្ឋ»។
ក្នុងឱកាសនោះដែរ លោកអភិបាលរាជធានីភ្នំពេញ ក៏បានសម្តែងការកោតសរសើរដល់កងកម្លំាងគ្រប់ប្រភេទ ដែលបានធ្វើឲ្យបទល្មើសនៅតាមបណ្តាខណ្ឌនានា នៅទូទំាងរាជធានីភ្នំពេញ មានការថយចុះគួរឲ្យកក់សម្គាល់ និងមានការពេញចិត្តពេញថ្លើមពីសំណាក់ប្រជាពលរដ្ឋ។ លោកបញ្ជាក់ថា ចំណុចនេះបានបង្ហាញពីការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចយ៉ាងត្រឹមត្រូវ របស់កងកម្លំាងមានសមត្ថកិច្ច ហើយចំណុចខ្លំាងនេះ បានជួយទាក់ទាញដល់ក្រុមវិនិយោគិនបរទេសមកបោះទុននិវិយោគនៅ កម្ពុជាបានកាន់តែច្រើន។
យោងតាមរបាយការណ៍ស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថានៅតាមទីវត្តអារាមទំាងអស់ទូទំាងរាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចបានសហការជាមួយគណៈកម្មការវត្ត និងប្រជាការពារ ដើម្បីរួមគ្នាជួយសម្រួលចរាចរណ៍ រក្សាសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងវត្ត និងការពារ ម៉ូតូ រថយន្ត និងទ្រព្យសម្បតិ្តរបស់ពុទ្ធបរិស័ទ មកធ្វើបុណ្យប្រកបដោយសទ្ធាជ្រះថ្លា។
ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ កម្លំាងនគរបាលចរាចរណ៍ផ្លូវគោក ក៏បានរឹតបន្តឹងការគោរពច្បាប់ចរាចរណ៍នៅតាមដងផ្លូវដែលមានលក្ខណៈតឹងរឹង ដោយទប់ស្កាត់ឲ្យបានមិនឲ្យមានការដឹកលើសចំណុះ និងដឹកសំពីងសំពោងជាដើម៕