(ភ្នំពេញ)៖ ឱសថអន់គុណភាព ផុតសុពលភាពប្រើប្រាស់ ខុសច្បាប់ និងផលិតផលក្លែងក្លាយសរុបជាង ៥០០តោន ស្មើនឹង ៥មុខ ត្រូវបានរឹបអូស ខណៈមនុស្ស២៨នាក់ ត្រូវបានបញ្ជូនទៅតុលាការ។ ក្នុងចំណោមផលិតផល ដែលបានរឹបអូសជាង ៥០០តោននេះ ក៏មានស្រាដ៏ល្បីល្បាញនៅប្រទេសចិនឈ្មោះថា «ម៉ៅតាយ, Moutai» ដែលជាប្រភេទស្រាលំដាប់កំពូលមួយប្រភេទ ហើយប្រធានាធិតីចិន តែងតែប្រើប្រាស់សម្រាប់ទទួលមេដឹកនាំកំពូលពិភពលោកនោះ ត្រូវបានសមត្ថកិច្ចកម្ពុជារកឃើញថា ក្លែងក្លាយនៅលើទីផ្សារកម្ពុជា។
នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីប្រតិបត្តិការបង្ក្រាបផលិតផលក្លែងក្លាយទូទៅ និងឱសថខុសច្បាប់ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រសួងមហាផ្ទៃ បានឱ្យដឹងថា ឱសថ និងផលិតផលទាំងនេះ ប្រមូលបានពីប្រតិបត្តិការបង្ក្រាបរយៈពេលប្រមាណ៣ខែ។
ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានឱ្យដឹងថា ទោះបីជាមានការបង្ក្រាបមិនឈប់ក៏ដោយ ក៏នៅតែមានជនឆ្លៀតឱកាសមួយចំនួន នៅតែធ្វើសកម្មភាពខុសច្បាប់ចែកចាយឱសថខូចគុណភាព ហួសសុពលភាពប្រើប្រាស់ និងផលិតផលក្លែងក្លាយ ដើម្បីប្រយោជន៍ផ្ទាល់។ បន្ថែមលើនេះ ច្បាប់កម្ពុជា សម្រាប់ដាក់ទោសដល់ជនទាំងនោះ នៅមានស្ថានភាពស្រាល ដែលធ្វើឲ្យពួកគេមិនញញើតឡើយ។
លោក មៀច សុផាន់ណា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ មុននឹងទិញផលិតផលទៅទទួលទាន ឬប្រើប្រាស់ ត្រូវមើលកាលបរិច្ឆេទឲ្យបានច្បាស់លាស់ ចៀសវាងទិញផលិតផលទាំងឡាយណា ដែលគ្មានគុណភាព ធ្វើឲ្យប៉ះពាល់សុខភាព។ លោកក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ជួយរាយការណ៍ផងដែរ បើឃើញជនខិលខូចទាំងឡាយណា កំពុងលួចលក់ផលិតផលក្លែងក្លាយ។
សូមបញ្ជាក់ថា គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានសម្របសម្រួលគ្រប់ស្ថាប័នពាក់ព័ន្ធ ក្នុងការចុះស្រាវជ្រាវស៉ើបអង្កេត និងបង្ក្រាបឱសថអន់គុណភាព ផុតសុពលភាព និងខុសច្បាប់ រួមទាំងផលិតផលក្លែងក្លាយខុសច្បាប់ទូទៅ រយៈពេល ៣ខែចុងក្រោយ ឆ្នាំ២០២០នេះ សរុបចំនួនជាង ៥០០តោន។
របាយការណ៍សង្ខេបរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានឲ្យដឹងថា ឱសថខូចគុណភាព ហួសសុពលភាពប្រើប្រាស់ និងផលិតផលក្លែងក្លែងដែលដកហូតពីលើទីផ្សារនេះរួមមាន៖
១៖ ផលិតផល SISSHA ចំនួន ២១៩២ដប និងបារីអេឡិចត្រូនិច ៤៥៦គ្រឿង
២៖ ទឹកក្រូច ទឹកផ្លែឈើ ជាផលិតផលខុសច្បាប់ និងហួសសុពលភាព ចំនួន ៥៣៣តោន
៣៖ ឱសថខុសច្បាប់ អន់គុណភាព និងហួសកាលបរិច្ឆេទ ចំនួន ២៣មុខ ស្មើនឹង ១,៥តោន
៤៖ ផលិតផលភេសជ្ជៈប៉ូវកម្លាំង គឺជាផលិតផលដែលបានកែច្នៃ និងបន្លំថ្ងៃខែឆ្នាំផលិត និងកាប្រើប្រាស់នៅសំបកកំប៉ុង ប្រមាណជាង ១២តោន និងបានលក់ចែកចាយប្រមាណអស់ជិត ៣០០០កេសរួចទៅហើយ។ សម្ភារមួយចំនួនដូចជា ម៉ាស៉ីនផ្លុំស្ទីកឃ័រ និងផ្លាស្ទីកសម្រាប់អ៊ុតកេស (ម៉ាស៉ីនកែកាលបរិច្ឆេទ) ត្រូវបានដកហូត។
៥៖ ស្រាម៉ៅតាយចំនួន ៧១ដប ចំណុះ៥០០ml៕