(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ បានអញ្ជើញប្រារព្ធពិធីជួបជុំប្រចាំឆ្នាំជាមួយបងប្អូននិវត្តជនអគ្គិសនីកម្ពុជា និងផ្តល់ការឧបត្ថម្ភជូននិវត្តជនទាំង៦៤១នាក់។
លោក កែវ រតនៈ បានបញ្ជាក់ថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អគ្គសិនីកម្ពុជាតែងតែរៀបចំពិធីជួបជុំប្រចាំឆ្នាំជាមួយនិវត្តជនអគ្គិសនីកម្ពុជា ដែលពួកគាត់ជាមន្ត្រី បុគ្គលិកដែលចូលនិវត្ត។ សម្រាប់ឆ្នាំនេះ ការជួបជុំនេះធ្វើឡើងក្រោមប្រធានបទ «ពីមុន និងទៅអនាគតនៅតែជាគ្រួសារអគ្គិសនីកម្ពុជា»។
លោករដ្ឋមន្ត្រីប្រតិភូបន្ថែមថា «ការប្រារព្ធពិធីនេះ ជាការចងចាំនូវគុណូបការៈ និងការលះបង់របស់បងប្អូននិវត្តជន ដែលពួកគាត់បានចូលរួមចំណែកកសាងប្រទេសជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចាប់តាំងពីថ្ងៃ ៧មករា ឆ្នាំ១៩៧៩ ដែលជាថ្ងៃរំដោះប្រទេស ចេញពីគំនរផេះផង់ និងកម្ទេចកម្ទី។ ដូច្នេះហើយក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន គឺបងប្អូនបានចូលរួមចំណែក ក្នុងការស្តារប្រទេសកម្ពុជាយើង ឲ្យមានការរីកចម្រើនដូចសព្វថ្ងៃនេះ។ ដោយបែបនេះហើយ ឲ្យតែមានពិធីបុណ្យភ្ជុំបិណ្ឌរាល់ឆ្នាំ ខ្ញុំ និងសហការីអគ្គិសនីកម្ពុជា តែងតែរំលឹកគុណូបការៈ របស់រាមច្បងរបស់យើង ដើម្បីឲ្យមានការចងចាំជាបន្តបន្ទាប់ បើគ្មានពួកគាត់ យើងក៏មិនអាចមានថ្ងៃនេះដែរ ដែលនេះជាគោលការណ៍គ្រឹះរបស់យើង»។
លោកបន្តថា ឆ្នាំនេះដោយសារមានបញ្ហាកូវីដ១៩នោះ ការរៀបចំការជួបជុំនេះ មិនមានការប្រមូលផ្តុំទេ ដោយរៀបចំពិធីជានិមិត្តរូបមួយ នៅរាជធានីភ្នំពេញ ប៉ុន្តែអគ្គិសនីកម្ពុជា បានចាត់ឲ្យបុគ្គលិកជួបជាមួយនិវត្តជនទាំងអស់ទូទាំងប្រទេស សរុបចំនួន៦៤១នាក់ ដោយឧបត្ថម្ភថវិកាម្នាក់១លានរៀល៕