(បាត់ដំបង)៖ លោកវរសេនីយ៍ត្រី ម៉ែន មូលី មេបញ្ជាការវរសេនាតូចលេខ ៥៣៣ ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហាន វរសេនាតូចថ្មើរជើងលេខ៥៣៣ និងគ្រួសារកងទ័ព នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ បានចូលរួមក្នុងពិធីរាប់បាតនាឱកាសបុណ្យកាន់បិណ្ឌវេនទី១៣ នៅវត្តសប្ដគិរី ហៅវត្តភ្នំប្រាំពីរ ខេត្តបាត់ដំបង។
មេបញ្ជាការ ម៉ែន មូលី និងកងទ័ពនៃវរសេនាតូចលេខ ៥៣៣ ព្រមទាំងគ្រួសារកងទ័ពបានវេរចង្ហាន់ប្រគេនព្រះសង្ឃ និងបានឧទ្ទិសកុសលដល់បុព្វការីជន មាតាបិតា ជីដូនជីតា ញាតិការទាំងប្រាំពីរសន្ដាន ព្រមទាំងអតីតយោធិនដែលបានពលីក្នុងបុព្វហេតុការពារ «ជាតិ សាសនា ព្រះមហាក្សត្រ» នៃមាតុភូមិកម្ពុជា។
នាឱកាសនោះ លោកមេបញ្ជាការ ម៉ែន មូលី ក៏បានប្រគេនព្រះសង្ឃនូវបច្ច័យដែលប្រមូលបានទុកកសាងមានចំនួន ៣,២៧២,០០០រៀល។ តាមរយៈការចូលរួមនេះ លោកមេបញ្ជាការ ម៉ែន មូលី បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលចូលរួមបូជាបច្ច័យសម្រាប់ទ្រទ្រង់ព្រះពុទ្ធសាសនាខាងលើនេះ។
សូមជម្រាបថា ពិធីបុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យមួយដែលធំជាងគេនៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា ហើយពិធីបុណ្យនេះមានរយៈពេល១៥ថ្ងៃ ដោយចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ពិធីបុណ្យនេះត្រូវបានប្រជាពលរដ្ឋខ្មែរ ដែលកាន់ព្រះពុទ្ធសាសនាប្រារព្ធឡើងជារៀងរាល់ឆ្នាំ។
យោងតាមឯកសារកត់ត្រាពីប្រវត្តិបុណ្យរបស់ខ្មែរបង្ហាញថា ការប្រារព្ធពិធីបុណ្យនេះ គឺដើម្បីបួងសួងឧទ្ទិសមគ្គផលកុសលផលបុណ្យទៅឲ្យមាតាបិតា ញាតិកាទាំងប្រាំពីរសន្តានដែលបានចែកឋាន ដើម្បីឲ្យពួកគាត់មកទទួលយកកុសលផលបុណ្យទៅកើតក្នុងសុគតិភព។
ម្យ៉ាងទៀត ប្រជាពលរដ្ឋខ្មែរមានជំនឿថាអ្នកមានគុណបុព្វការីជន ឬសាច់ញាតិរបស់ពួកគេទាំងអស់ ដែលបានសាងបាបកាលពីនៅមានជីវិតរស់នៅ ហើយពេលចែកឋានទៅមិនដឹងចាប់ជាតិជាអ្វី ឬមានបាបទៅកើតជាប្រេត នឹងឡើងមកទទួលកុសលផលបុណ្យនេះពីពួកគេផងដែរ នៅពេលពពួកប្រេតទាំងនោះត្រូវបានគេដោះលែងឲ្យមានសេរីភាពរយៈពេល១៥ថ្ងៃក្នុងថ្ងៃកាន់បិណ្ឌ៕