(សៀមរាប)៖ សម្ភារសិក្សាជាង ៤០០ឈុត ព្រមទាំងអំណោយជាម៉ាស អាល់កុល និងជែលលាងដៃមួយចំនួនទៀតត្រូវបានសប្បុរសជន និងនិស្សិតរៀននៅរាជធានីភ្នំពេញ នាំយករួមគ្នាដើម្បីចែកជូនដល់ប្អូនៗសិស្សានុសិស្ស នៅតាមសាលាបឋមសិក្សាចំនួន៣ លោកគ្រូអ្នកគ្រូ សាលារៀន និងរដ្ឋបាលស្រុកបន្ទាយស្រី ក្នុងខេត្តសៀមរាប។
សកម្មភាពដែលបានធ្វើឡើង២ថ្ងៃ នៅដើមសប្ដាហ៍នេះក្រុមការងារយុវជន និងការចែករំលែក ដែលដឹកនាំដោយលោក ហាក់ សុភារិទ្ធិ តំណាងក្រុមមេធាវី Royal & Partner KALG និងលោក ត្រឹង ចាន់រិទ្ធី តំណាងក្រុមហ៊ុន FBIV បានរៀបចំកម្មវិធីចែកសម្ភារសិក្សា ជូនដល់ប្អូនៗជាសិស្សានុសិស្ស នៅក្នុងសាលាបឋមសិក្សាគូលែនថ្មី សាលាបឋមសិក្សាស្រះខ្វាវ និងសាលាបឋមសិក្សាហ៊ុន សែន ត្បែង ស្ថិតនៅក្នុងឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ កម្មវិធីនេះ ប្រព្រឹត្តទៅដោយមានការចូលរួមជាអធិបតីភាពពីសំណាក់ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី។
ក្រៅពីចែកសម្ភារសិក្សាដល់ប្អូនៗ ក្រុមការងារក៏បានរៀបចំការដាំដើមក្រញូងចំនួន ២០០ដើម នៅក្នុងបរិវេណសាលាបឋមសិក្សា គូលែនថ្មី, កម្មវិធីវេចនំ ប្រពៃណី នំអន្សម នំគម ចំនួន២០២០នំ, ចែកអំណោយដល់ចាស់ជរា យាយជី តាជី, កម្មវិធីជិះកង់គយគន់ទេសភាពស្រុកបន្ទាយស្រី, ការបោះតង់មិត្តភាពយុវជន
និងការប្រគេនទេយ្យទាន នៅវត្តធ្លកវារ៍ ផងដែរ។
លោក ឃឹម ហ្វីណង់ បានថ្លែងអំណរគុណដល់ក្រុមការងារដែលបានទៅកម្សាន្ត និងចែកអំណោយដល់ប្អូនៗ ព្រមទាំងធ្វើសកម្មភាពសប្បុរសធម៌ និងកម្មវិធីល្អៗមួយចំនួនទៀតនៅក្នុងស្រុកមួយនេះ។
អភិបាលស្រុកបន្ទាយស្រី ថ្លែងអំណរគុណទៅដល់ក្រុមការងារសប្បុរសជនទាំងអស់ ដោយសារពួកគេបានស្រលាញ់រាប់អាន ចែករំលែក ក៏ដូចជាផ្សព្វផ្សាយពីសមិទ្ធផលថ្មី របស់រដ្ឋបាលស្រុក និងប្រជាពលរដ្ឋនៅក្នុងស្រុកបន្ទាយស្រី ទាំងអស់។ លោកក៏បានថ្លែងអំណរគុណទៅដល់ក្រុមការងាររៀបចំកម្មវិធី ដែលបានយកចិត្ត យ៉ាងគត់មត់លើវិធានការរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ផងដែរ។
លោក ហាក់ សុភារិទ្ធ តំណាងក្រុមការងារ បានមានមតិថ្លែងអំណរគុណ ដល់រដ្ឋបាលស្រុកបន្ទាយស្រី ដែលបានផ្តល់ការអនុញ្ញាត ក្នុងការរៀបចំកម្មវិធីនេះឡើង និងបានបញ្ជាក់ពីសវតារ នៃការរៀបចំកម្មវិធីឡើង ដោយយល់ឃើញពីតម្រូវការរបស់ប្អូនៗសិស្សានុសិស្ស ក៏ដូចជាការចូលរួមបន្តនៅវប្បធម៌ចែករំលែក និងដើម្បីអបអរសាទរដល់ពិធីបុណ្យកាន់បិណ្ឌ និងពិធីបុណ្យភ្ជុំបិណ្ឌដែលនឹងឈាងមកដល់ក្នុងពេលខាងមុខឆាប់នេះផងដែរ។
លោកបានបន្ថែមទៀត ជំនួយជាសម្ភារសម្រាប់ប្អូនៗ កើតចេញពីការស្រលាញ់ ពីសំណាក់សប្បុរសជន ក្នុងការជួយឧបត្ថម្ភសម្រាប់ជាជំនួយដល់ប្អូនៗ សម្រាប់ការសិក្សា ដើម្បីជាធនធានដ៏ល្អមួយសម្រាប់សង្គមជាតិ។ ក្នុងឱកាសនោះ លោកក៏បានផ្តាំផ្ញើប្អូនៗ ឲ្យចូលរួមថែរក្សាអនាម័យ ខ្លួនប្រាណឲ្យបានជាប់ជាប្រចាំ លាងដៃឲ្យបានញឹកញាប់មុនពេលចាប់កាន់របស់អ្វីមួយ ដើម្បីចៀសផុតពី កូវីដ១៩៕