(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២០។

ក្រសួងបានបញ្ជាក់ថា តាមរយៈតាមដាននៃការវិវត្ត និងប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ខ្យល់មូសុងនិរតីបង្កើនល្បឿន បក់មកលើកម្ពុជា។ សម្ពាធទាបសកម្មនៅលើសមុទ្រប៉ាស៊ីហ្វិក និងវិវត្តខ្លួនជាបន្ត បន្ទាប់ទៅជាវិសម្ពាធទាបរួចនឹងទៅជាកូនព្យុះ ពេលដែលឆ្លងកាត់ប្រទេស ហ្វីលីពីន។ ព្យុះនេះ នៅថ្ងៃទី១៦ ខែកញ្ញា នឹងបន្តដំណើរចូលទៅក្នុងឈូងសមុទ្រតុងកឹង រួចចូលប្រទេសវៀតណាមភាគកណ្ដាល កៀកព្រំ ប្រទល់ភាគខាងជើង។ ស្ថានភាពបែបនេះធ្វើឱ្យ៖

បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖
* សីតុណ្ហភាពអប្បបរមា មានពី២៤-២៦°C
* សីតុណ្ហភាពអតិបរមា មានពី៣០-៣៣°C
នៅថ្ងៃទី១៦-១៨ ខែកញ្ញា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតបរិមាណពីតិចទៅបង្គួរ ។ បន្ទាប់ពីនោះ ភ្លៀងនឹងបង្កើនការធ្លាក់រាយប៉ាយ ក្នុងកម្រិតបរិមាណពីបង្គួរទៅច្រើន។

២៖ បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
* សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°C
* សីតុណ្ហភាពអតិបរមា មានពី ២៨-៣០°C
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅបង្គរ ។

៣៖ បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ៖
* សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C
* សីតុណ្ហភាពអតិបរមា មានពី ២៨-៣០°C
នឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន។

ក្រសួងធនធានទឹក ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានជាអាទិ៍៖
* តំបន់ជាប់ផ្លូវទឹក និងជាប់ជួរភ្នំ មូលហេតុបង្កឡើងដោយជំនន់ទឹកភ្លៀង។
* អ្នកដំណើរ និងអ្នកនេសាទសមុទ្រ មូលហេតុភ្លៀងខ្យល់ និងរលកសមុទ្រដែលអាចមានកម្ពស់ខ្ពស់ ពិសេសចាប់ពីថ្ងៃទី ១៨-២១ ខែកញ្ញា៕