(ភ្នំពេញ)៖ ស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា តាមរយៈទំព័រ Facebook ផ្លូវការរបស់ខ្លួននៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០នេះ បានបង្ហាញពីគ្រឿងសំណែន ក្នុងពិធីបុណ្យភ្ជុំបិណ្ឌរបស់ខ្លួន ដែលប្រារព្ធធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែសីហា នៅតំបន់ភាគច្រើន។
បុណ្យភ្ជុំបិណ្ឌជប៉ុន ជាភាសាជប៉ុនហៅថា «អុបុន (おぼん)» គឺជាទិវាឧទ្ទិសដល់វិញ្ញាណក្ខន្ធដូនតា។ នៅតាមគេហដ្ឋានមួយចំនួនមានរៀបចំសំណែនផ្លែត្រសក់ និងផ្លែត្រប់វែង។ គេនិយាយថាសំណែនផ្លែត្រសក់ និងផ្លែត្រប់វែង គឺតំណាងឲ្យយានជំនិះដូនតាពេលមកលេងផ្ទះពេលបុណ្យភ្ជុំបិណ្ឌ។
ផ្លែត្រសក់ តំណាងឱ្យសេះ ចំណែកឯផ្លែត្រប់វែងតំណាងឱ្យគោ។ នៅតំបន់ខ្លះជឿថា ការសែនបែបនេះដើម្បីឲ្យដូនតាជិះសេះបានឆាប់មកដល់ផ្ទះ ហើយពេលត្រឡប់ទៅវិញជិះគោយឺតៗដើម្បីបានលំហែកាយតាមផ្លូវ។ តើនៅកម្ពុជាមានការសែនព្រេនបែបណាខ្លះ?។
នៅក្នុងប្រទេសជប៉ុនមានពិធីបុណ្យជាច្រើនដែលតំណាងអោយប្រទេសរបស់ខ្លួន ប៉ុន្តែពិធីបុណ្យដែលធំជាងគេគឺការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី។ពិធីបុណ្យនេះប្រព្រឹត្តទៅក្នុងអំឡុងពេលនិទាឃរដូវ និងរដូវក្តៅ។ គោលបំណងនៃពិធីបុណ្យនេះ គឺសម្រាប់រំលឹកគុណ ដល់ព្រះធរណី និងព្រះគង្គាដែលផ្តល់ទីកន្លែងសម្រាប់រស់នៅ និងទឹកគ្រប់គាន់ក្នុងការប្រើប្រាស់។ ទីក្រុងនីមួយៗក្នុងប្រទេសជប៉ុន និងប្រជាជនគ្រប់រូបប្រារព្ធពិធី បុណ្យនេះយ៉ាងអធិកអធម និងត្រូវបានចូលរួមយ៉ាងកុះករពីសំណាក់ប្រជាជនទាំងអស់ដែលរស់នៅក្នុងប្រទេស។
ដោយឡែក ភ្ជុំបិណ្ឌ គឺជាពិធីបុណ្យដែលប្រជាពលរដ្ឋខ្មែរចាត់ទុកថាធំជាងគេ ក្នុងចំណោមពិធីបុណ្យប្រពៃណីទាំងអស់របស់ខ្មែរ ព្រោះពិធីនេះ មានរយៈ១៥ថ្ងៃ គិតចាប់ពីថ្ងៃ០១រោច ដល់ថ្ងៃ១៥ រោជខែភទ្របទ្រ។ ពីថ្ងៃមួយរោច ដល់ថ្ងៃ១៤រោច គេហៅថាថ្ងៃដាក់បិណ្ឌ ឬថ្ងៃកាន់បិណ្ឌ ថ្ងៃ១៥រោច គេហៅថា ថ្ងៃភ្ជុំបិណ្ឌ ឬភ្ជុំធំ ដែលមានន័យថា ថ្ងៃជួបជុំគ្នាចុងក្រោយ នៃពីធីបុណ្យកាន់បិណ្ឌ៕