(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់ Fresh News អំពីបច្ចុប្បន្នភាពស្ថានភាពជំងឺផ្តាសាយធំ ដែលបានកើតលើព្រះសង្ឃនាថ្មីៗនេះ។ លោកស្រីបញ្ជាក់ថា មានព្រះសង្ឃ១២០អង្គ នៅខេត្តចំនួន៤ បានឆ្លងជំងឺផ្តាសាយធំ ប៉ុន្តែរហូតដល់ពេលនេះ ព្រះសង្ឃស្ទើរតែទាំងអស់ ត្រូវបានព្យាបាលជាសះស្បើយទាំងស្រុងហើយ នៅសល់ចំនួនតិចតួចប៉ុណ្ណោះ ដែលកំពុងបន្តព្យាបាល។
លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «តាមការសរុបខេត្តចំនួនបួន (តាកែវ ត្បូងឃ្មុំ បាត់ដំបង និងបន្ទាយមានជ័យ) ដែលមានព្រះសង្ឍអាពាធរោគាកន្លងមក និងក្នុងពេលថ្មីៗនេះ មានចំនួនប្រមាណជាង១២០អង្គហេីយ ដែលឆ្លងជំងផ្តាសាយធំ។ ព្រះសង្ឃដែលអាពាធស្ទេីរតែទាំងអស់ បានព្យាបាលជាសះស្បេីយហេីយ នៅសេសសល់ចំនួនតិចតួចប៉ុណ្ណោះ ដែលនៅបន្តការព្យាបាល តែស្ថានភាពបានធូរស្រាលហេីយដែរ»។
បើតាមអ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ, ជាទូទៅ កត្តាដែលឲ្យមានបញ្ហាសុខភាពបែបនេះ គឺមានកត្តាជាច្រេីនដូចជា ការប្រែប្រួលអាកាសធាតុ ការវិវត្តបម្រែបម្រួលនៃវីរុស ឬមេរោគផ្សេងៗ នៅក្នុងបរិស្ថានដែលផ្តល់អំណោយផលគួបផ្សំនឹងការបម្រែបម្រួលអាកាសធាតុ ឬមានការប៉ះពាល់ជាមួយពពួកសត្វដែលចិញ្ចឹមកូនដោយទឹកដោះ និងពពួកសត្វបក្សី ដែលអាចចម្លងវីរុសណាមួយមកបុគ្គល ឬការបរិភោគពពួកសត្វទាំងនេះដែលចម្អិនមិនបានឆ្អិនល្អ និងមានកង្វះការអនុវត្តអនាម័យដៃ និងខ្លួនប្រាណ ឆ្លងតាមការក្អកកណ្តាស់ ដែលមិនបានខ្ទប់មាត់និងច្រមុះបានត្រឹមត្រូវឫឆ្លងតាមការប៉ះពាល់ទឹកផ្លូវដង្ហេីមអ្នកដែលឈឺ ជាដេីម។
ឆ្លៀតក្នុងឱកាសនេះ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ព្រមទាំងព្រះសង្ឃ លោកតាអាចារ្យ លោកយាយជី និងគណកម្មការវត្តទូទាំងប្រទេសកម្ពុជា ចូលរួមអនុវត្តវិធានការដូចជា៖
* ត្រូវមានអនាម័យខ្លួន ប្រាណ ជាពិសេសអនាម័យដៃឲ្យបានស្អាតជាប់ជានិច្ច ដោយលាងសម្អាតឲ្យបានញឹកញាប់តាមបច្ចេកទេសណែនាំរបស់ក្រសួងសុខាភិបាល។
* ប្រេីម៉ាស់ក្នុងករណីចាំបាច់ ជាពិសេសត្រូវពាក់ម៉ាស់ពេលចូលក្នុងទីវត្តអារ៉ាម ឫកន្លែងដែលមានមនុស្សម្នាច្រេីន ហេីយពេលក្អកកណ្តាស់ ត្រូវខ្ទប់មាត់នុងច្រមុះ ដោយប្រេីកន្សែង ក្រម៉ា ក្រដាសជូតមាត់ ឫកែងដៃ ជាដេីម។
* ត្រូវចេះរក្សាគម្លាតសុវត្ថិភាពបុគ្គល ពីមួយម៉ែត្រកន្លះឡេីងទៅ
* ចៀសវាងការប៉ះពាល់ជាមួយសត្វដែលបំបៅកូនដោយទឹកដោះ និងសត្វបក្សី ដោយផ្ទាល់។ ប្រសិនបេីបានប៉ះពាល់ ត្រូវតែលាងដៃជាមួយសាប៊ូ ឲ្យឆាប់ មុននឹងចាប់កាន់របស់របរ ឫមុននឹងប៉ះពាល់ផ្ទៃមុខរបស់បុគ្គល។
* ត្រូវបរិភោគម្ហូបអាហារឆ្អិនល្អ រក្សាអនាម័យចំណីអាហារ និងទុកដាក់ម្ហូបអាហារដាច់ដោយឡែកពីគ្នា តាមការណែនាំបច្ចេកទេសរបស់ក្រសួងសុខាភិបាលជារឿយៗរួចមកហេីយ។
* បេីមានបញ្ហាសុខភាព មិនត្រូវចូលរួមពិធី ឫកម្មវិធីណាមួយនោះឡេីយ ដោយត្រូវស្នាក់ក្នុងកុដិ ឫទីកន្លែងណាមួយដាច់ដោយឡែកពីគេ កុំឲ្យមានការចម្លងបន្តគ្នា ហេីយស្វែងរកការពិនិត្យព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋដែលនៅជិតលោកអ្នក។
* រាយការណ៌ទៅលេខ ១១៥ (មិនមានថវិកា ក៏អាចហៅចូលបានដែរ) ឫទៅមន្ទីរសុខាភិបាលខេត្ត ឫទៅមណ្ឌលសុខភាពដែលនៅជិតលោកអ្នក។
លោកស្រី ក៏បានជូនពរប្រជាពលរដ្ឋទាំងអស់ មានសុខភាពល្អ ចៀសផុតនូវជំងឺឆ្លងនានា ជាពិសេសជំងឺកូវីដ-១៩ និងជំងឺគ្រុនផ្តាសាយធំនេះ និងសូមរីករាយក្នុងក្រុមគ្រួសារ ក្នុងថ្ងៃកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះផងដែរ៕
http://image.freshnewsasia.com/2020/id-011/fn-2020-09-14-13-18-52-0.png