(ព្រៃវែង)៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោក សុខ ផេង អ្នកតំណាងរាស្រ្តមណ្ឌលព្រៃវែង បានដឹកនាំប្រតិភូមានមន្ទីរអង្គភាពនានាជុំវិញខេត្ត អាជ្ញាធរពាក់ព័ន្ធទាំងអស់ នៃខេត្តព្រៃវែង ក្នុងឱកាសនៃបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ បានចុះសួរសុខទុក្ខ នឹងនាំយកអំណោយផ្តល់ជូនដល់កងកម្លាំងយោធាការពារព្រំដែនវរៈសេនាតូចអន្តរាគមន៍លេខ៣៩៣ ចំនួន ៣៥៧នាក់ ដែលពិធីនេះធ្វើនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ នៅភូមិសែនរុងរឿង ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ថ្លែងក្នុងឱកាសនោះ លោកវរសេនីយ៍ត្រី ខាន់ សុខុម មេបញ្ជាការកងពល វរៈសេនាតូចអន្តរាគមន៍លេខ៣៩៣ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ជា សុមេធី និងប្រតិភូអមដំណើរ ដែលបានអញ្ជើញចុះមកសួរសុខទុក្ខ ដល់កងកម្លាំងយោធាការពារព្រំដែន វរៈសេនាតូចអន្តរាគមន៍លេខ៣៩៣ នៅក្នុងឱកាសនៃបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនាពេលនេះ។
លោកវរសេនីយ៍ត្រី ក៏បានលើកឡើងថា កងកម្លាំងរបស់លោកបានចុះអន្តរាគមន៍ ការពារ នៅបន្ទាត់ព្រំដែនកម្ពុជា ថៃ ឡាវ នូវជំហរដ៏រឹងមាំ ស្វាហាប់ ក្នុងការការពារបូរណភាពទឹកដី នៃដែនដីខេត្តព្រះវិហារនេះ មិនឱ្យបាត់បង់សូម្បីមួយមីលីម៉ែត្រ ទោះបីនៅក្នុងកាលៈទេសៈបែបណាក៏ដោយ។
លោកវរសេនីយ៍ត្រី ក៏បានលើកឡើងថា ថ្ងៃនេះគឺជាការយកចិត្តទុក្ខដាក់យ៉ាងខ្លាំងរបស់លោក ជា សុមេធី ដល់កងទ័ពដែលកុំពុងឈរជើងការព្រុំដែនកម្ពុជា ថៃ ដើម្បីធានាសុខសន្តិភាពជូនបងប្អូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើ។
លោក ជា សុមេធី បានថ្លែងដោយក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានមកសួរសុខទុក្ខបងប្អូនកងកម្លាំង យោធាការពារព្រំដែននៅទីបញ្ជាការវរៈសេនាតូចអន្តរាគមន៍លេខ៣៩៣ ក្នុងខេត្តព្រះវិហារ ដែលក្នុងនោះមាន៖ កងអនុសេនាតូចស៊ើបការណ៍, កងអនុសេនាតូចដឹកជញ្ជូន, កងអនុសេនាតូចបញ្ជូនសារ, កងអនុសេនាធំគាំទ្រ, កងអនុសេនាធំទី១, ទី២ និងទី៣, នាយទាហាន នាយទាហានរង ពលទាហាន ព្រមទាំង ក្រុមគ្រួសារកងទ័ពនៃវរៈសេនាតូចអន្តរាគមន៍លេខ៣៩៣ ចំនួន៣៥៧នាក់ ក្នុងនោះក៏មាន បងប្អូនកងកម្លាំងមកពីខេត្តព្រៃវែង ចំនួន១៣៨នាក់ផងដែរ។
លោកអភិបាលខេត្ត ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋ មន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ សូមសម្តែងនូវមនោសញ្ចេតនាការគោរពយ៉ាងជ្រាលជ្រៅបំផុតចំពោះកងកម្លាំងការពារព្រំដែនវរៈសេនាតូចលេខ៣៩៣ នៃកងពលលេខ៩។
លោក ជា សុមេធី ក៏សូមសម្តែងនូវការកោតសរសើរ និងដឹងគុណយ៉ាងជ្រាលជ្រៅស្មោះអស់ពីដួងចិត្តចំពោះ វីរភាពដ៏អង់អាចក្លាហានគ្មានអ្វីប្រៀបបាន របស់បងប្អូនកងទ័ព ដែលឈរជើងការពារនៅសមរភូមិមុខ និងបានធ្វើពលីកម្មដ៏ធំធេងហ៊ានលះបង់សាច់ស្រស់ ឈាមស្រស់ អាយុជីវិត ដើម្បីបុព្វហេតុការពារជាតិ, សុខសន្តិភាព និងសុវត្ថិភាពដែនដីសុវណ្ណភូមិនៃយើង ឱ្យមានភាពសុខដុមរមនា និងមានភាពរីក ចម្រើនជូនជាតិមាតុភូមិកម្ពុជាព្រមទាំងជនរួមជាតិទូទាំងប្រទេសឱ្យរស់នៅយ៉ាងសុខសាន្ត។
ទន្ទឹមនឹងនេះដែរ លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើទៅកាន់បងប្អូនកងកម្លាំងការពារព្រំដែនទាំងអស់ សូមបង្កើននូវការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំងឺកូវីត-១៩ ដោយត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវពាក់ម៉ាស់ ការពាររាល់ពេលធ្វើដំណើរចេញក្រៅផ្ទះ និងត្រូវរក្សានូវអនាម័យឱ្យបានខ្ជាប់ខ្លួន គឺត្រូវចេះលាង សម្អាតដៃជាមួយនឹងសាប៊ូ ឬជែល ឬលាងដៃជាមួយទឹកអាល់កុល ត្រូវរស់នៅស្អាត និងហូបស្អាតជានិច្ច។
ក្នុងនោះលោកអភិបាលខេត្ត បានផ្តល់ជូនដល់អង្គភាពកងពលតូចអន្តរាគមន៍លេខ៩ ថវិកាចំនួន ៧លានរៀល, អង្ករ ១តោន, ម៉ាស ២០០, អាកុល ១០ដប, ជែល ២ដប និងអង្គភាពវរៈសេនាតូចអន្តរាគមន៍លេខ៣៩៣ នូវថវិកាចំនួន ៧លានរៀល, អង្ករ ១តោន, ម៉ាស២០០, អាកុល ១០ដប ជែល ២ដប និងបានឧបត្ថម្ភបងប្អូនយោធាចំនួន ៣៥៧នាក់ ដោយក្នុងម្នាក់ៗទទួលបានអង្ករ ៥០គីឡូក្រាម, មី ២កេស, ត្រីខ ២យួរ, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ក្រមា១, ម៉ាស់៥០, សាប៊ូ ៤ដុំ និងថវិកា ៥ម៉ឺនរៀល៕