(តាកែវ)៖ ក្នុងដំណើរឆ្ពោះមកកាន់ខេត្តតាកែវ ក្នុងឱកាសឈប់សម្រាកដើម្បីប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យប្រវេណីព្រះពុទ្ធសាសនាដ៏ឧត្តមរបស់ខ្មែរ តាមផ្លូវជាតិលេខ៣ ឃើញពលរដ្ឋខ្មែរជាអ្នកមានជំនឿមុតមាំចំពោះព្រះពុទ្ធសាសនាធ្វើដំណើរយ៉ាងកុះករលើដងផ្លូវ។ តាមសម្លៀកបំពាក់បែបប្រពៃណីខ្មែរយ៉ាងសមសួនអាវប៉ាក់ សំពតហូល អាវស ខៅខៀវ/ខ្មៅ ជាដើម ដៃមានកាន់ផ្កា ចានស្រាក់ និងទេយ្យទានផ្សេងៗ យើងអាចសន្និដ្ឋានបានថា បងប្អូនពលរដ្ឋខ្មែរកំពុងឆ្ពោះទៅកាន់ទីអារាម។ ទឹកមុខញញឹមយ៉ាងស្រស់ស្រាយបង្ហាញឱ្យឃើញពីទឹកចិត្តជ្រះថ្លាក្នុងការធ្វើបុណ្យទានតាមលំអានចាស់ទុំខ្មែរដែលបានបន្សល់ទុក។
ក្រៅតែពីអ្នកធ្វើដំណើរទៅកាន់ទីអារាម អ្នកខ្លះក៏ប្រហែលកំពុងធ្វើដំណើរទៅស្រុកកំណើត ដើម្បីជួបជុំក្រុមគ្រួសារ និងអាចទៅទីអារាមនាថ្ងៃព្រហស្បតិ៍ ១៥រោច ខែភទ្របទ ឆ្នាំជូត ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ស្អែកនេះ។ ការធ្វើដំណើរទៅកាន់ស្រុកកំណើតនេះ ពលរដ្ឋខ្លះក៏ប្រើមធ្យោបាយរថយន្ត ខ្លះក៏ម៉ូតូ ខ្លះក៏ម៉ូតូកង់បី។
នៅអមសងខាងផ្លូវជាតិលេខ៣ ដែលម្ខាងជាទឹកដីកំពង់ស្ពឺ និងម្ខាងជាទឹកដីខេត្តតាកែវនោះ គេក៏ឃើញទីអារាមកន្លែងប្រណិបតន៍ព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធមានចំនួនដ៏ច្រើនផងដែរ។ កន្លែងខ្លះគម្លាតគ្នាប្រហែលជា២០០ ទៅ៣០០ម៉ែត្រប៉ុណ្ណោះ។
ទីអារាមទាំងនោះ ក៏សង្កេតឃើញមានទីធ្លាធំៗព្រះវិហារធំ ស្រស់ស្អាតគួរជាទីមនោរម្យ និងជាទីជ្រះថ្លាសម្រាប់ការធ្វើបុណ្យទាន និងគោរពប្រណិប័តន៍ព្រះធម៌។ តាមរយៈវត្តមានទីអារាមដ៏ច្រើននេះ ជាការស្តែងឱ្យឃើញពីភាពរុងរឿង និងរីកចម្រើននៃវិស័យព្រះពុទ្ធសាសនា ដែលជាសាសនាជាតិរបស់យើង។
ការរុងរឿងនៃព្រះពុទ្ធសាសនានាំឱ្យដួងចិត្តត្រេកអរ រីករាយ និងសាទរជាអនេកសម្រាប់អ្នកគោរពប្រណិប័តន៍ចំពោះព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធ និងជាអ្នកធ្លាប់ផ្ញើវាសនាតាមទីអារាមដើម្បីស្រវាវិជ្ជា។
តែទន្ទឹមនឹងនេះតាមរយៈការសង្កេតរបស់ខ្ញុំពេលទៅវត្តក្នុងពិធីបុណ្យកាន់បិណ្ឌ មិនថាចាស់ ឬក្មេងទេ ទៅវត្ត គឺអនុវត្តតាមគ្នា ខ្លះប្រគេនចង្ហាន់ព្រះសង្ឃ រាប់បាត្រ ពូនភ្នំខ្សាច់ហើយ ក៏ចាកចេញពីវត្តទៅ។ នៅពេលសួរពាក់ព័ន្ធនឹងការប្រណិប័តន៍នេះ អ្នកខ្លះថាធ្វើតាមចាស់ទុំ ធ្វើតាមទម្លាប់ តែក៏មិនបានជ្រួតជ្រាបពីខ្លឹមសារពិតនៃពិធីនេះឡើយ។
មិនត្រឹមតែខ្លឹមសារនៃពិធីបុណ្យកាន់បិណ្ឌ ឬបុណ្យភ្ជុំនោះទេ ដែលខ្មែរជាពុទ្ធបរិស័ទមិនសូវជ្រួតជ្រាប ក្នុងនោះខ្លឹមសារនៃធម៌របស់ព្រះសាមណគោត្តមជាច្រើនក៏ពុទ្ធបរិស័ទខ្មែរមិនសូវជាជ្រួតជ្រាប ឬអាចនិយាយថាមានអ្នកជ្រួតជ្រាបមិនច្រើនឡើយ។
នៅក្នុងចំណោមពុទ្ធបរិស័ទខ្មែរគេឧស្សាហ៍ឃើញមាន ជម្លោះទស្សនៈលើការគោរពប្រណិប័តន៍ព្រះធម៌របស់ព្រះបរមគ្រូ។ ការខ្វែងគំនិត ឬជម្លោះអាចមកពីការមិនទាន់យល់ ឬយល់មិនទាន់ច្បាស់ពីព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធ។
ការយល់ការដឹងលើធម៌ព្រះពុទ្ធរបស់ពុទ្ធបរិស័ទខ្មែរបច្ចុប្បន្នខុសគ្នាច្រើន បើធៀបពីសង្គមជាន់មុន។ ខុសគ្នាព្រោះថា ពលរដ្ឋខ្មែរជាន់មុនស្រុកទេសក្រីក្រមនុស្សខ្មែរច្រើនទៅរៀនអក្សរសាស្ត្រ និងចំណេះផ្សេងៗពីទីអារាម ដូច្នេះក៏មានឱកាសបានចំណេះដឹងផ្នែកព្រះធម៌ពីគ្រូបាចារ្យដែលភាគច្រើនជាព្រះសង្ឃនោះផងដែរ។
តែសម្រាប់បច្ចុប្បន្នស្រុកទេសវិវឌ្ឍន៍ជឿនលឿនការក្រេបចំណេះដឹង មិនពឹងអាស្រ័យលើទីអារាមទាំងស្រុងដូចមុនទៀតឡើយ។ ដូច្នេះគម្លាតកុលបុត្រខ្មែរពីម្លប់ព្រះធម៌ក៏កាន់តែឆ្ងាយផងដែរ។
ក្រឡេកទៅទីអារាមឯណោះវិញ យើងសង្កេតឃើញថា ដ្បិតមានការលូតលាស់ច្រើនតាមភូមិឋានក្តី តែហាក់មិនបានដើរតួនាទីជាកន្លែងអប់រំកុលបុត្រខ្មែរដូចមុនទៀតឡើយ។ ទីអារាម បានត្រឹមជាកន្លែងប្រណិប័តន៍ព្រះធម៌របស់លោកយាយលោកតា រីឯកុលបុត្រវ័យក្មេង ឬជាយុវវ័យទៅវត្តតែពេលមានពិធីជាប្រពៃណីធំៗដូចបុណ្យភ្ជុំ បុណ្យចូលឆ្នាំជាដើម។ ដោយឡែកសូម្បីបុណ្យវិសាខបូជាដែលជាបុណ្យដ៏ធំក្នុងព្រះពុទ្ធសាសនា ក៏មិនសូវមានយុវវ័យចូលវត្តនោះដែរ។
មួយវិញទៀត នៅតាមទីអារាមយើងឃើញថា មានការសង្វាតកសាងព្រះវិហារ សាលាបុណ្យ កុដិ និងសមិទ្ធផលផ្សេងៗទៀត។ តែហាក់នៅខ្វះចន្លោះការសង់ ឬរៀបចំទីសនាសនៈតម្កល់នូវក្បួនច្បាប់គម្ពីរដីកាព្រះធម៌ ឬព្រះត្រៃបិតកជាដើម។
ទីអារាមមានច្រើន មានព្រះវិហារល្អៗគួរជាទីជ្រះថ្លាសម្រាប់ការគោរពប្រណិប័តណ៍ តែមិនគួររំលងចំពោះការពង្រឹងលើការយល់ដឹងព្រះធម៌របស់ព្រះអង្គនោះឡើយ។ ទីអារាមច្រើន ព្រះវិហារល្អស្អាត តែខ្វះការយល់ដឹងពីព្រះធម៌ មិនខុសពីការមានរូបកាយ តែវិញ្ញាណ និងដួងព្រលឹងបានចេញបាត់នោះទេ។
ធម៌របស់ព្រះសម្មាសម្ពុទ្ធបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអប់រំសីលធម៌ក្នុងការរស់នៅ វៀចាកពីអំពើទុច្ចរិតរបស់ប្រជាពលរដ្ឋខ្មែរ បន្ថែមពីលើច្បាប់របស់រដ្ឋ។
ដូច្នេះការគិតគូរ និងយកចិត្តទុកដាក់ពង្រឹងលើការអប់រំព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធគួរត្រូវបានពិចារណា។ តាមទីអារាម គួរបង្កើនការបង្ហាញក្បួនច្បាប់គម្ពីរដីកាព្រះធម៌ឱ្យបានច្រើន។ គួរមានកម្មវិធីផ្តល់ចំណេះដឹងព្រះធម៌ដល់កុលបុត្រខ្មែរតាមសាលា តាមទីអារាមនៅតាមភូមិជាដើម៕
ដោយ៖ វ៉ាន់ សារាយ