(បន្ទាយមានជ័យ)៖ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៨ ខែកញ្ញា ឆ្នាំ២០២០ ខេត្តបន្ទាយមានជ័យទទួលបានភ្ញៀវទេសចរសរុបចំនួន ៤២,៥០៨នាក់។ នេះបើតាមលោក ឈឿង សេរីវុធ ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ ដែលបានឲ្យដឹងនាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០។

លោក ឈឿង សេរីវុធ បានបន្តថា សភាពការណ៍សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយល្អប្រសើរ
នៅថ្ងៃទី១៨-១៩ ខែកញ្ញា ឆ្នាំ២០២០ ក្នុងខេត្តបន្ទាយមានជ័យមានភ្លៀងរលឹម និងភ្លៀងធ្លាក់រាយប៉ាយស្ទើរទូទាំងខេត្ត បណ្តាលឱ្យភ្ញៀវទេសចរមានការលំបាកក្នុងការធ្វើដំណើរ និងកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្ត។

លោកក៏បានអះអាងថា ក្រុមការងារមន្ទីរទេសចរណ៍ខេត្តបានផ្សព្វផ្សាយវិធានសុវត្ថិភាពទេសចរណ៍នៅតាមសេវាស្នាក់នៅ សេវាម្ហូបអាហារ និងរមណីយដ្ឋានទេសចរណ៍នានាក្នុងខេត្តជាដើម។

លោកថា ក្រុមការងារមន្ទីរទេសចរណ៍បានសហការជាមួយអង្គភាពនគរបាលការពារបេតិកភណ្ឌប្រាសាទបន្ទាយឆ្មារត្រួតពិនិត្យកម្ដៅភ្ញៀវ និងបានសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាល ប្រជាការពារភូមិ រៀបចំសន្តិសុខ សណ្តាប់ធ្នាប់ភ្ញៀវ នៅតាមរមណីយដ្ឋានផ្សេងៗទៀតផង។ ចំណែកការផ្គត់ផ្គង់ម្ហូបអាហារ ភេសជ្ជៈ គ្រប់គ្រាន់ និងមានតម្លៃសមរម្យ៕