(ភ្នំពេញ)៖ គណៈកម្មការជំនាញរដ្ឋសភា នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ បានជួបពិភាក្សាជាមួយនឹងតំណាងរាជរដ្ឋាភិបាល ដើម្បីជជែកពិភាក្សាលើសេចក្តីព្រៀងច្បាប់សំខាន់ៗចំនួន៣ មុននឹងឈានដល់ដាក់ចូលក្នុងរបៀបវារៈ នៃសម័យប្រជុំពេញអង្គរដ្ឋសភា ដែលកិច្ចប្រជុំនេះធ្វើឡើងនៅវិមានរដ្ឋសភា។
កិច្ចប្រជុំរវាងគណៈកម្មការទី២ គណៈកម្មការទី៤ គណៈកម្មកការនានានៃរដ្ឋសភា និងអាជ្ញាធរសវនកម្មជាតិ ជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យលើសេចក្តីព្រាងច្បាប់ចំនួន៣ ក្រោមអធិបតីភាពលោក កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការទី២។
របៀបវារៈនៃកិច្ចប្រជុំនាថ្ងៃនេះ រួមមាន៖
១៖ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃម៉ាឡេស៊ី ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធលើពន្ធប្រាក់ចំណូល និងការបង្ការគេចវេសពន្ធ និងការចៀសវាងពន្ធ។
២៖ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធលើពន្ធប្រាក់ចំណូល និងការបង្ការគេចវេសពន្ធ និងការចៀសវាងពន្ធ។
៣៖ សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម (ច្បាប់កាស៊ីណូ)។
៤៖ សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រង ប្រើប្រាស់ និងចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ពីសារៈសំខាន់នៃកិច្ចព្រមព្រៀង ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធលើពន្ធប្រាក់ចំណូល និងការបង្ការគេចវេសពន្ធ និងការចៀសវាងពន្ធ រវាងរាជរដ្ឋាភិបាលម៉ាឡេស៉ី និង កូរ៉េ ដើម្បីលើកទឹកចិត្តអ្នកវិនិយោគទុន ចូលមកបណ្តាក់ទុននៅកម្ពុជា។
លោកបណ្ឌិតសភាចារ្យ បានបញ្ជាក់បន្ថែមថា កិច្ចប្រជុំនេះដើម្បីបង្ហាញ នូវស្មារតីព្រាងច្បាប់ និងគោលបំណងនៃច្បាប់ ដើម្បីដាក់បញ្ចូលទៅក្នុងសម័យ ប្រជុំពេញអង្គរដ្ឋសភាពិភាក្សានិងអនុម័ត នៅពេលខាងមុខ ក្នុងការលើកទឹកចិត្តអ្នកវិនិយោគទុន ឲ្យមកកម្ពុជា និងទទួលបានការជឿទុកចិត្តលើរាជរដ្ឋាភិបាល។
លោក អូនព័ន្ធ មុនីរ័ត្ន បន្តថា នៅឆ្នាំនេះ កំណើនសេដ្ឋកិច្ចមានការថយចុះ ដោយសារតែការរីករាលដាលជំងឺកូវីត១៩ដែលបន្តដល់ចុងឆ្នាំ២០២០ និងមានភាពមិនច្បាស់ លាស់ច្រើន។ កម្ពុជាត្រូវការពេល៣ឆ្នាំ ក្នុងការស្តារសេដ្ឋកិច្ចជាតិឡើងវិញ ក្នុងការគៀគរសេដ្ឋកិច្ច ចំណូលសេដ្ឋកិច្ចឡើងវិញ។ នៅឆ្នាំ២០២១ កម្ពុជាគ្រប់គ្រងបានល្អ ពុំមានការឆ្លងកូវីត១៩ចូលសហគមន៍ទេ គឺមកពីក្រៅទាំងអស់។ កម្ពុជាមានឧត្តមភាពផ្នែកវិស័យកសិកម្ម ផ្តល់ឱកាសឲ្យការអភិវឌ្ឍន៍វិស័យកសិកម្មបាន ហើយការនាំចេញកសិផលនានាបានល្អប្រសើរ ដូចជាការនាំអង្ករទៅក្រៅប្រទេស។
ចំណែកលោក ជាម យៀប លើកឡើងថា រដ្ឋសភា តែងតែអញ្ជើញតំណាងរាជរដ្ឋាភិបាលមកការពារសេចក្តីព្រាងច្បាប់ទាំង ៣ចុងក្រោយ មុនរដ្ឋសភាពិភាក្សាអនុម័ត រួចបញ្ជូនទៅព្រឹទ្ធសភាពិភាក្សាអនុម័ត្តបន្ត។ បើតាមមន្រ្ដីរដ្ឋសភា បានឲ្យដឹងថា រដ្ឋសភាជាតិនិងអាចបើកសម័យប្រជុំពេញអង្គនៅ ដើមខែតុលាឆ្នាំ២០២០ ដើម្បីពិភាក្សានិងអនុម័ត លើសេចក្តីព្រាងច្បាប់ទាំងនេះ៕