(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ នៅសួនសមិទ្ធផលយោធា នៃវិមានឈ្នះឈ្នះ កងរាជអាវុធហត្ថ និងនគរបាលជាតិ នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះពិនិត្យការដ្ឋានសំណង់ស្តូបសមិទ្ធផលសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលកំពុងដំណើរការសាងសង់។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា ក្រោមគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឲ្យកម្ពុជាមានសុខសន្តិភាព រួចផុតពីសង្រ្គាម ប្រជាពលរដ្ឋរស់នៅប្រកបដោយសុខដុមរមនា ទទួលបានការអភិវឌ្ឍលើគ្រប់វិស័យ។
នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានលើកឡើងថា ស្តូបវិមានឈ្នះឈ្នះ ជាសក្ខីភាពសម្រាប់អ្នកជំនាន់ក្រោយស្តាប់ និងយកគំរូសម្រាប់អនុវត្តបន្ត។ ដោយឡែក ស្តូបសមិទ្ធផលសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម គឺចង់បង្ហាញឲ្យឃើញពីការសហការគ្នា រវាងកងកម្លាំងនគរបាលជាតិ និងកងកម្លាំងរាជអាវុធហត្ថ ក្នុងការការពារសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធា្នប់សាធារណៈ ក្នុងនោះកងកម្លាំងនគរបាលជាតិជាស្នូល រីឯកងកម្លាំងរាជអាវុធហត្ថ ជាកម្លាំងអន្តរាគមន៍មួយ ដែលមិនអាចខ្វះបាន ទើបធ្វើឲ្យទទួលជោគជ័យ។
នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន គូសបញ្ជាក់ថា «ស្តូបនេះតំណាងឲ្យសន្តិសុខ សុវត្ថិភាពសង្គម ដែលមានកងកម្លាំងទាំងពីរស្នូល និងជាប្រតិបត្តិករដ៏ពិសិដ្ឋរបស់រាជរដ្ឋាភិបាល។ ស្តូបនេះតំណាងឲ្យការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាល មិនអាចមានបុគ្គលណា ឬក្រុមណាមកបំផ្លិចបំផ្លាញសន្តិភាពបានទេ។ ស្តូបនេះជាសក្ខីភាពតំណាងឲ្យសាមគ្គីភាព ការចែករំលែក និងការទទួលខុសត្រូវ នៃកម្លាំងអនុវត្តច្បាប់ ដែលមោះមុតការពាររាជរដ្ឋាភិបាល គ្មានកម្លាំងណា គ្មានបុគ្គណាមកដណ្តើមសន្តិភាពពីយើងបានទេ»។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានឧបត្ថម្ភដល់វិស្វកម្មកងរាជអាវុធហត្ថ ១០លានរៀល, វិស្វកម្មនគរបាល១០លានរៀល និងវិស្វកម្មវិមានឈ្នះឈ្នះ ១០លានរៀល។
យោងតាមរបាយការណ៍ និងគំរូប្លង់ របស់លោកវរសេនីយ៍ឯក គង់ សុធា នាយករងវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល បានឲ្យដឹងថា នគរបាលជាតិ និងកងរាជអាវុធហត្ថ បានសហការរៀបចំប្លង់សម្រាប់សាងសង់សួនសមិទ្ធផល សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដោយមានរចនាបទ និងទស្សនាទាន ដូចខាងក្រោម៖
*ទី១៖ រូបស្តូបទាំងមូលបែរទៅរកវិមានឈ្នះឈ្នះ តំណាងឲ្យ «ទស្សនវិស័យរួមរបស់នគរបាលជាតិ និងកងរាជអាវុធហត្ថ ក្នុងកិច្ចសហការសាមគី្គ មូលមតិជាធ្លុងមួយ ស្របជាមួយនឹងគោលនយោបាយ កម្មវិធីនយោបាយយុទ្ធសាស្រ្តនានា ជាមួយនឹងការដឹកនាំរបស់ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងរាជរដ្ឋាភិបាល ការពាររដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា»។
*ទី២៖ តួស្តូបមានបាតមានទំហំ ១០១,០០៥ម៉ែត្រការ៉េ, មានកម្ពស់សរុប៩,៤៥ម៉ែត្រ ដែលមានសំណង់លើផ្ទៃបាតសរុប ៤៤៤ម៉ែត្រការ៉េ សង់នៅលើផ្ទៃដីសរុប ៦៩៨,៨១ម៉ែត្រការ៉េ។
*ទី៣៖ ខឿនតួស្តូបទាំងមូល មានរាង្គបួនជ្រុងទំហំ ៤៦.២៥ម៉ែត្រការ៉េ មានកម្ពស់០.៩០ម៉ែត្រ មានជណ្តើរឡើងចំនួនបួន ដែលជណ្តើរនីមួយៗ ទំហំ២.៥ម៉ែត្រ និងមានចំនួន៧កាំ តំណាងឲ្យថ្ងៃ៧មករា។
*ទី៤៖ មានស្តូបចំកណ្តាលមានកម្ពស់ ៨.៥៥ម៉ែត្រ ទំហំបាត១០.២៤ម៉ែត្រ ពីក្រោមដល់លើ បែងចែកចេញជា៣ថ្នាក់។ នៅក្នុងខឿនសួនច្បារដាំដើមឈើ ចំនួន២០ដើម និងដាំដើមទ្រយឹង តំណាងឲ្យ «ថ្ងៃទី២០» ដែលជាថ្ងៃសម្តេចតេជោ យកអាយុជីវិតធ្វើជាដើមទុន និងមានបង្គោលធ្វើពីថ្មភក់កម្ពស់ ១.៥ម៉ែត្រ សរុបចំនួន១២បង្គោល ព័ទ្ធជុំវិញ តំណាងឲ្យ «១២ខែ ក្នុង១ឆ្នាំ» ដែលស្ថាប័នទាំង២ បំពេញកិច្ចការងារមិនថាយប់ថ្ងៃ ទោះបីកាលៈទេសៈណាក៏ដោយ ខិតខំប្រឹងប្រែង ពុះពារគ្រប់ឧបសគ្គនានា លះបង់កម្លាំងកាយ កម្លាំងចិត្ត ទាំងអាយុជីវិត ដើម្បីសម្រេចបាននូវតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងគោលដៅបម្រើការពារសង្រ្គោះប្រជាពលរដ្ឋ និងប្រទេសជាតិ។
សូមជម្រាបថា ការសាងសង់ស្តូបនេះ សម្រេចបាន៩៥ភាគរយហើយ ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ រហូតមកដល់ពេលនេះ មានរយៈពេល៤៣ថ្ងៃ ហើយគ្រោងនឹងបញ្ចប់មុនថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ៕