(ប៉ៃលិន)៖ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានអំពាវនាវដល់ប្រជាពលរដ្ឋកុំឱ្យចាក់ដី និងសាបបេតុងលើគម្របលូ ដែលធ្វើឱ្យស្ទះប្រព័ន្ធបង្ហូរទឹក ងាយបង្កជាជំនន់ទឹកភ្លៀង កើតមានឡើងជាហេតុធ្វើឱ្យជន់លិចលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ។
ការអំពាវនាវបែបនេះរបស់លោកអភិបាលខេត្តបានធ្វើឡើងនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលលោកបានដឹកនាំក្រុមការងារ មន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យមើលទីតាំងដាក់លូបង្ហូរទឹកអមសង្ខាងផ្លូវជាតិលេខ៥៧ ស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ជាមួយគ្នានេះលោក ផាន់ ចាន់ធុល បានលើកឡើងថា កន្លងមកដោយមើលឃើញថា តាមដងផ្លូវជាតិលេខ៥៧ នៅចំណុចភូមិផ្សារព្រំ កន្លែងខ្លះមានទឹកហូរលើផ្លូវនៅពេលមានភ្លៀងធ្លាក់ម្តងៗ ដែលជាហេតុធ្វើឱ្យផ្លូវឆាប់ខូច និងធ្វើឱ្យស្ទះប្រព័ន្ធបង្ហូរទឹក ងាយបង្កជាជំនន់ទឹកភ្លៀងកើតមានឡើង ជាហេតុធ្វើឱ្យជន់លិចលំនៅដ្ឋានរបស់ប្រជាពលរដ្ឋដោយសារប្រជាពលរដ្ឋខ្លះ បានចាក់សំរាម ចាក់ដី និងសាបបេតុងលើគម្របលូ។ ជាក់ស្តែងនៅពេលនេះ អាជ្ញាធរខេត្ត និងមន្ត្រីជំនាញ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានចុះសិក្សា និងពិនិត្យមើលជាក់ស្តែង ដើម្បីធ្វើការកាយដាក់ប្រព័ន្ធលូបង្ហូរទឹកនៅកន្លែងដែលស្ទះទឹក ដើម្បីរំដោះទឹកកុំឱ្យហូរលើដងផ្លូវដែលធ្វើឱ្យឆាប់ខូចផ្លូវ និងបាត់បង់នូវសោភណ្ឌភាពនៅតាមដងផ្លូវសាធារណៈផងដែរ។
លោកបានបញ្ជាក់ថា នៅពេលដែលមន្ត្រីជំនាញ ចុះកាយដាក់ប្រព័ន្ធលូបង្ហូរទឹក សូមឱ្យមន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋានចុះសម្របសម្រួលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្បែរប្រព័ន្ធលូបង្ហូរទឹកសងខាងផ្លូវ ដែលរងការប៉ះពាល់ ឱ្យពួកគាត់ចូលរួមសហការជាមួយមន្រ្តីជំនាញ ដើម្បីធ្វើការដោះស្រាយបញ្ហាស្ទះប្រព័ន្ធលូរបង្ហូរទឹកនេះឡើងវិញបានឆាប់រហ័ស។
ក្នុងឱកាសនោះផងដែរ លោក ផាន់ ចាន់ធុល ក៏បានណែនាំដល់ប្រជាពលរដ្ឋដែលរស់នៅអមសង្ខាងផ្លូវ កុំចាក់សំរាម និងចាក់ដីលើ គម្រប់លូបង្ហូរទឹកដែលជាហេតុធ្វើឱ្យស្ទះប្រព័ន្ធលូរ ហើយចូលរួមជួយថែរក្សា ដើម្បីធានាដល់ការប្រើប្រាស់យូអង្វែង និងសោភ័ណ្ឌភាពសាធារណៈ។
បើតាមការបញ្ជាក់របស់លោក អ៊ាត សារ៉ាត់ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត បានឱ្យដឹងថា ការជួសជុលប្រព័ន្ធលូបង្ហូរទឹកនៅសងខាងផ្លូវជាតិលេខ៥៧ នៅចំណុចភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ក្បែរច្រកទ្វារព្រំដែនអន្តរជាតិព្រំ គឺគ្រោងដាក់ប្រព័ន្ឋលូប្រអប់រំដោះទឹក១៥០ម៉ែត្រ មុខកាត់ ២ម៉ែត្រ គុណ២ម៉ែត្រ និងធ្វើការស្ដារប្រឡាយដីប្រវែង ៣០០ម៉ែត្រ៕