(ស្ទឹងត្រែង)៖ ព្រោះតែឥទ្ធិពលនៃភ្លើងប្រច័ណ្ឌ បានធ្វើឲ្យស្ដ្រីម្នាក់ដាច់ចិត្តយកកាំបិត ចាក់សម្លាប់ប្ដីខ្លួនឯង បណ្ដាលស្លាប់ភ្លាមៗក្នុងថ្លុកឈាម។ ហេតុការណ៍នេះ បានកើតឡើងនៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចវាលរំពេ ក្បែរផ្លូវជាតិលេខ៧ ស្ថិតនៅភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ហើយជនដៃដល់ត្រូវសមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗផងដែរ។
លោកវរសេនីយ៍ឯក ទេស ភាលាភ អធិការនគរបាលស្រុកសេសាន បានឲ្យដឹងថា ជនសង្ស័យដែលចាក់សម្លាប់ប្ដីខ្លួនឯង ឈ្មោះ ហួត សុខឡេង អាយុ៣៦ឆ្នាំ បច្ចុប្បន្នរស់នៅសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ហើយជនរងគ្រោះឈ្មោះ ម៉ុល ចាន់ អាយុ៣៦ឆ្នាំ។
បើតាមការរៀបរាប់របស់ស្ដ្រីជនដៃដល់ប្រាប់សមត្ថកិច្ចថា មូលហេតុដែលខ្លួនចាក់សម្លាប់ប្តីខ្លួនឯង គឺបណ្ដាលមកពីភ្លើងប្រច័ណ្ឌ ដែលបុរសជាប្ដី (រងគ្រោះ) នោះមានស្រីច្រើនរាប់មិនអស់ ហើយថែមទាំងយកស្រីមក នៅផ្ទះចំការ កន្លែងកើតហេតុខាងលើទៀតផង ទើបធ្វើឲ្យខ្លួនទប់កំហឹងមិនបាន ក៏ប្រតាយប្រតប់ និងទាញកាំបិត ចាក់ចំភ្លៅខាងស្ដាំ លើចង្គុងមួយកំបិត ចាក់ចំគល់ភ្លៅខាងស្ដាំ មួយកាំបិត និងមួយកាំបិតទៀតចំដៃ ខាងឆ្វេង បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ។ ភ្លាមនោះត្រូវបានក្រុមគ្រួសារបញ្ជូន ទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្គ្រោះ ប៉ុន្តែមុខរបួសធ្ងន់ធ្ងរពេកមិនអាចជួយសង្គ្រោះ បានក៏បណ្ដាលឲ្យស្លាប់តែម្ដង។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់ស្នងការនគរបាលខេត្តស្ទឹងត្រែង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមផ្លូវច្បាប់។ ដោយឡែក សពជនរងគ្រោះត្រូវបានសមត្ថកិច្ច ប្រគល់ទៅឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕